បច្ចេកវិទ្យា

៥​មូលហេតុ​ធំៗ​​ធ្វើឲ្យ​Apple​​ទទួលជោគជ័យ​​យ៉ាង​មហិមា​​ដូច​សព្វថ្ងៃ​

ដោយ៖ ពេញ ផេង    04-08-2018 4:04 PM    1533
រូបភាពទូរស័ព្ទអាយហ្វូន​របស់​ក្រុមហ៊ុន​Apple

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក​Apple ទើបតែ​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​ទ្រព្យសម្បត្ដិ​ច្រើនជាងគេ​បំផុត​ក្នុង​លោក​នាពេល​ថ្មីៗ​នេះ​។ បច្ចុប្បន្ន​Apple​មានទ្រព្យ​រហូតដល់ ១​លាន​លាន​ដុល្លារ​អាមេរិក​។ តើ​Apple​ទទួលបាន​ជោគជ័យ​ដូច​សព្វថ្ងៃ ដោយសារ​កត្ដា​អ្វីខ្លះ​? យើង​សូម​បង្ហាញ​មូលហេតុ​ធំៗ​ចំនួន​៥៖

១ លោក​Steve Jobs ជា​ជន​ល្បីឈ្មោះ​ក្នុង​វិស័យ​បច្ចេកវិទ្យា​

​ក្នុងនាម​ជា​ស្ថាបនិក​ក្រុមហ៊ុន​Apple លោក​Steve Jobs​ពិតជា​ទទួលបាន​ជោគជ័យ​បំផុត​នៅក្នុង​ពិភពលោក ហើយ​លោក​ក៏​ជា​មនុស្ស​ម្នាក់​ល្បីឈ្មោះ​បំផុត​ក្នុង​ពិភព​បច្ចេកវិទ្យា​។ លោក​បាន​យកឈ្មោះ​Apple​ដាក់​នៅ​ជួរមុខ សម្រាប់​ការធ្វើ​បដិវត្ដ​កុំព្យូទ័រ​ផ្ទាល់ខ្លួន ហើយ​បាន​ផលិត​ផលិតផល​ជា​បន្ដបន្ទាប់​ទៀត​ដែល​ចាប់អារម្មណ៍​បំផុត ដូចជា​iPod​និង​iPad​ជាដើម​។ ក្រោយមក​ឈ្មោះ​របស់លោក​ក៏​ល្បី​រន្ទឺ​កាន់តែខ្លាំង ហើយ​បាន​ក្លាយជា​ម៉ាក​សញ្ញា​មួយ​សម្រាប់​ខ្លួនឯង​។​

២ ការផ្លាស់ប្ដូរ​របស់​IPhone

​ចាប់តាំងពី​ចូល​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​នៅ​ឆ្នាំ​២០០៧ IPhone​ពិតជា​ត្រូវបានគេទទួលស្គាល់​ជា​ទូរស័ព្ទ​មាន​គុណភាព​ខ្ពស់​មិនអាច​ប្រកែក​បាន​។ ទូរស័ព្ទ​IPhone​ជិត​១,៤​លាន​គ្រឿង​បាន​លក់ដាច់​ក្នុង​ឆ្នាំ​ដំបូង ដែល​ធ្វើឲ្យ​ដៃគូ​ប្រកួតប្រជែង​ដូចជា​Nokia និង​Blackberry​ត្រូវ​ធ្លាក់​ចេញពី​ទីផ្សារ​។  IPhone​បាន​ផ្លាស់ប្ដូរ​រូបរាង​និង​ម៉ូ​ដែលជា​បន្ដបន្ទាប់​រហូត​ដល់​IPhone X​។ បច្ចុប្បន្ន​ទោះបី​Apple​ធ្លាក់​មក​ចំណាត់ថ្នាក់​លេខ​បី បន្ទាប់ពី​Samsung​របស់​កូរ៉េខាងត្បូង​និង​Huawei​របស់​ចិន ប៉ុន្ដែ​IPhone​នៅតែមាន​តម្រូវការ​ខ្ពស់​ទូទាំង​ពិភពលោក​។​

៣ សេវាកម្ម​របស់​Apple​និង​ភាពស្មោះត្រង់​នៃ​ម៉ាក​សញ្ញា​

ITunes ឬក៏ Apple Music , App Store, iCloud និង Apple Pay ទាំងអស់នេះ​ជា​រឿង​ដែល​ដើរតួ​យ៉ាង​សំខាន់បំផុត ក្នុង​សេវាកម្ម​ជំនួញ​របស់​ក្រុមហ៊ុន​Apple និង​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ក្រុមហ៊ុន​ដែលមាន​ល្បឿន​លឿន​បំផុត និង​រក​ប្រាក់ចំណូល​បាន​ច្រើន​។ ក្នុង​រយៈពេល​បី​ខែ​គិត​ត្រឹម​ខែមិថុនា​ក្នុង​ឆ្នាំ​២០១៨​នេះ សេវាកម្ម​របស់​ក្រុមហ៊ុន​Apple រក​ប្រាក់ចំណូល​កើនឡើង​រហូតដល់​៣១​ភាគរយ​។ ទូរស័ព្ទ​IPhone​អាចជា​ផ្លូវ​មួយ ដែល​ក្រុមហ៊ុន​Apple​ត្រូវ​ផ្ដល់ឲ្យ​នូវ​កម្មវិធី​មួយចំនួន ដូចជា Apple Music និង App Store​។ ជាមួយនឹង​ការផ្ដល់ឲ្យ​នេះ Apple​ទទួលបាន​មកវិញ​នូវ​ម៉ាក​សញ្ញា​នៃ​ភាពស្មោះត្រង់​របស់ខ្លួន​។​

៤ កំណើន​តម្រូវការ​នៅ​ប្រទេស​ចិន

​បើសិនជា​គ្មាន​ប្រទេស​ចិន ដែលជា​ទីផ្សារ​ទូរស័ព្ទ​ដៃ​ធំ​បំផុត​ក្នុង​លោក​របស់​Apple ភាពជោគជ័យ​របស់ Apple​ពិតជា​ខុសប្លែកគ្នា​ស្រឡះ​ពី​ពេលបច្ចុប្បន្ន​។ ដែនដី​ចិន​បង្កើត​ប្រាក់ចំណេញ​សម្រាប់​Apple​ប្រហែល​១​ភាគ​៤ នៃ​ប្រាក់ចំណេញ​សរុប​។ បន្ថែម​លើ​នេះ ទូរស័ព្ទ​iPhones​ភាគច្រើន​ផលិត​នៅក្នុង​ទីក្រុង Shenzhen ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ចិន​។ ប៉ុន្ដែ​ចន្លោះ​ពី​ខែ​មីនាឆ្នាំ​២០១៦​ដល់​ខែកក្កដា​ឆ្នាំ​២០១៧ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​Apple​នៅ​ចិន​បាន​ធ្លាក់ចុះ​ទ្វេ​រដង​។ យ៉ាងណាមិញ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៧ ប្រាក់ចំណូល​របស់​Apple​បាន​កើនឡើង​វិញ​គួរឲ្យកត់សម្គាល់​។ ចំពោះ​ទូរស័ព្ទ​iPhones​នៅតែមាន​កិត្យានុភាព សម្រាប់​ប្រជាជន​ចិន​ដែលមាន​ប្រាក់ចំណូល​មធ្យម​។​

៥ ស្លាក​យីហោ​របស់​ក្រុមហ៊ុន​Apple​សព្វថ្ងៃ​

​យោងតាម​ការចុះ​ក្នុង​បញ្ជី​របស់​ក្រុមហ៊ុន​Forbes ជា​ក្រុមហ៊ុន​វាយតម្លៃ​ម៉ាក​យីហោ​នៅ​អាមេរិក បាន​វាស់​តម្លៃ​ម៉ាក​យីហោ​ក្រុមហ៊ុន​Apple មានតម្លៃ​ថ្លៃ​បំផុត​ក្នុង​រយៈពេល​៨​ឆ្នាំ​ចុងក្រោយ​នេះ​។ ម៉ាក​យីហោ​ក្រុមហ៊ុន​Apple​បច្ចុប្បន្ន​មានតម្លៃ​១៨២.៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ ដ្បិតថា​ក្រុមហ៊ុន​Forbes​អាច​វាយតម្លៃ​បានតែ​ម៉ាក​យីហោ​ក្រុមហ៊ុន​នៅ​អាមេរិក ប៉ុន្ដែ​បើ​ប្រៀបធៀប​នឹង​ម៉ាក​យីហោ​ក្រុម​Coca-Cola ដែល​ត្រូវគេ​ទទួលស្គាល់​ជុំវិញ​ពិភពលោក​ដែរនោះ ម៉ាក​យីហោ​ក្រុម​Coca-Cola​មានតម្លៃ​តៃ​ត្រឹមតែ​៥៧.៣​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ដូច្នេះ​Apple​បាន​ក្លាយជា​ម៉ាក​យីហោ​មួយ ដែល​ត្រូវបានគេទទួលស្គាល់​ក្នុង​សតវត្ស​ទី​២១​នេះ​៕