បច្ចេកវិទ្យា

ស្ថានីយ​អវកាស​របស់​ចិន​បាន​ធ្លាក់​មក​​ផែនដី​វិញ​​ក្រោយ​បាញ់​បង្ហោះ​​កាលពី​ឆ្នាំ​២០១១

ដោយ៖ ពេញ ផេង    02-04-2018 2:00 PM    954
រូបភាព​បំណែក​ស្ថានីយ​អវកាសចិន​ដែលឆេះ

​តាម​ការបញ្ជាក់​ពី​មន្ដ្រី​អវកាស​ចិន​បានឲ្យដឹងថា ស្ថានីយ​អវកាស​Tiangong-1​របស់​ចិន​បាន​ធ្លាក់​មក​ផែនដី​វិញ​ហើយ គឺ​ធ្លាក់​ពីលើ​តំបន់​ប៉ាស៊ីហ្វិក​ភាគខាងត្បូង​។ ស្ថានីយ​អវកាស​នេះ​បាន​ធ្លាក់​នៅ​ម៉ោង​១២​និង​១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ​នេះ​។ បំបែក​ធំៗ​របស់​វា​ដែល​បែកបាក់​ត្រូវបាន​ដុតបំផ្លាញ​នៅពេល​ធ្លាក់​ចូលមក​ផែនដី​ក្នុង​ល្បឿន​យ៉ាង​លឿន​។ មុននឹង​ធ្លាក់​គេ​រំពឹងថា​ស្ថានីយ​នេះ​នឹង​ធ្លាក់​នៅ​ឆ្នេរសមុទ្រ​ប្រទេសប្រេ​ស៊ីល នៅ​អា​ត្លង់​ទិច​ខាងត្បូង​ក្បែរ​ទីក្រុង​Sao Polo និង Rio de Janeiro​។​

ស្ថានីយ​អវកាស​Tiangong-1​ត្រូវបាន​បាញ់​បង្ហោះ​ក្នុង​ឆ្នាំ​២០១១ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អវកាស​របស់​ចិន មាន​គោលបំណង​ដាក់​ស្ថានីយ​អចិន្ដ្រៃយ៍​នៅលើ​គន្លង​គោចរ​នៅ​ឆ្នាំ​២០២៣​។ គម្រោង​នេះ​ដើមឡើយ​គ្រោង​បញ្ចប់​នៅត្រឹម​ឆ្នាំ​២០១៣​ប៉ុណ្ណោះ ប៉ុន្ដែ​បេសកកម្ម​បាន​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត​។ ចិន​បាន​និយាយថា​ការ​ហោះចូល​ផែនដី​វិញ​នៃ​ស្ថានីយ​អវកាស Tiangong-1 អាច​កើតឡើង​ចុងឆ្នាំ​២០១៧ ប៉ុន្តែ​បាន​ពន្យារពេល​រហូតដល់​ឆ្នាំ​២០១៨  ដែល​នាំឲ្យ​អ្នកជំនាញ​សង្ស័យថា​ប្រទេ​សចិន​មិនអាច​គ្រប់គ្រង​ស្ថានីយ​អវកាស​នេះ​បាន​ទៀត​ទេ​៕