បច្ចេកវិទ្យា

ក្រុមហ៊ុន​Baidu​​ចាប់ផ្ដើម​​ធ្វើតេស្ដ​​រថយន្ដ​បើកបរ​​ដោយ​ស្វ័យប្រវត្ដិ​​ក្នុងក្រុង​​ប៉េកាំង​

ដោយ៖ ពេញ ផេង    23-03-2018 4:44 PM    682
រថយន្ដបើកបរដោយស្វ័យ​ប្រវត្ដិរបស់​ក្រុមហ៊ុនBaidu Inc

​ទីក្រុង​ប៉េកាំង​បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុនប​ច្ចេក​វិទ្យា​យក្ស Baidu Inc ធ្វើតេស្ដ​សាកល្បង​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិនៅ​ក្នុងក្រុង​ហើយ​។ វា​គឺជា​ជំហាន​ដ៏​សំខាន់​ខណៈ​ចិន​កំពុង​ពឹងផ្អែក​លើ​ជំហរ​ក្នុងការ​ប្រណាំងប្រជែង​ផ្នែក​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​នៅក្នុងពិភ​ព​លោក​។ ទីក្រុង​ប៉េកាំង​អនុញ្ញាតឲ្យ​ក្រុមហ៊ុន Baidu​ធ្វើតេស្ដ​សាកល្បង​រថយន្ដ​ស្វ័យប្រវត្ដិ​នៅលើ​ដងផ្លូ​វ​ចំនួន​៣៣ នៅ​តំបន់​ជាយក្រុង​ដែលមាន​ប្រជាជន​តិច មាន​ចម្ងាយ​ប្រមាណ​១០៥​គីឡូម៉ែត្រ​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​។​

ក្រុមហ៊ុន​Baidu​កំពុង​ដឹកនាំ​បច្ចេកវិទ្យា​រថយន្ដ​គ្មាន​មនុស្ស​បើក ខណៈ​ទីក្រុង​ប៉េកាំង​ចង់​ប្រកួតប្រជែង​ជាមួយ​ដៃគូ​របស់ខ្លួន​ដូចជា​ក្រុម​Waymo​។ ក្រុមហ៊ុន​Baidu​មាន​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​ផ្ទាល់ខ្លួន​ឈ្មោះថា Apollo​។ អនុប្រធាន​ក្រុមហ៊ុន​Baidu​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ជាមួយនឹង​គោលនយោបាយ​គាំទ្រ លោក​ជឿជាក់​ក្រុង​ប៉េកាំង​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ឈានមុខ​សម្រាប់​ឧស្សាហកម្ម​បើកបរ​ដោយ​ស្វ័យប្រវត្ដិ​នេះ​៕​