បច្ចេកវិទ្យា

ក្រៅពី​រថយន្ដ​​ក្រុមហ៊ុន​Ford​ចង់​ផលិត​​យន្ដហោះ​​គ្មាន​មនុស្ស​បើក​​បន្ថែមទៀត​

ដោយ៖ ពេញ ផេង    09-03-2018 3:18 PM    1015
ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាពិសេស​សម្រាប់បំពាក់​លើយន្ដហោះ​គ្មានមនុស្សបើក​

Ford​គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ដ​ដ៏​ល្បីឈ្មោះ​មួយ​របស់​អាមេរិក ដែល​បាន​ដំណើរការ​លក់​រថយន្ដ​ជាង​១​សតវត្ស​មកហើយ​។ ប៉ុន្ដែ​ក្រុមហ៊ុន​កំពុង​រៀបចំ​ផែនការ​ថ្មី​មួយ គឺ​បញ្ជូល​ផលិតផល​ថ្មី​ក្រៅពី​រថយន្ដ នោះ​គឺ​យន្ដហោះ​គ្មាន​មនុស្ស​បើក​(drone) ដើម្បី​ពង្រីក​បេសកកម្ម​លក់​របស់ខ្លួន​នៅ​ពេលអនាគត​។​

​ក្រុមហ៊ុន​បាន​បង្ហោះ​ព័ត៌មាន​កាលពី​ថ្ងៃទី​០៧​មីនា​ដោយ​បង្ហើប​ឲ្យដឹងថា ខ្លួន​មាន​ក្រុមការងារ​នៅ Silicon Valley ដែល​អាច​ស្រាវជ្រាវ​បាន​ថា​យន្ដហោះ​គ្មាន​មនុស្ស​បើក​ល្អ​កម្រិតណា​ក្នុង​អាជីវកម្ម​របស់​ក្រុមហ៊ុន​។ ការផ្លាស់ប្ដូរ​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​របស់​ក្រុមហ៊ុន ដែល​ផ្ដោត​សំខាន់​លើ​ការដឹកញ្ជូន​គ្រប់ផ្នែក តាំងពី​រថយន្ដ​ធម្មតា  រថយន្ដក្រុង កង់ ហើយ​បច្ចុប្បន្ន​មាន​យន្ដហោះ​គ្មាន​មនុស្ស​។​

​អ្នកវិទ្យាសាស្ដ្រ​ផ្នែក​យន្ដហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុមហ៊ុន​Ford លោក​Adi Singh​បានឲ្យដឹងថា មាន​អតិថិជន​ជាច្រើន​អាច​នឹង​ចង់បាន​នូវ​ប្រភេទ​យន្ដហោះ​គ្មាន​មនុស្ស​បើក​នេះ ដើម្បី​បំពេញតម្រូវការ​ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ ដូចជា​សម្រាប់​កម្សាន្ដ​និង​ការធ្វើ​អាជីវកម្ម​ជាដើម​។ លោក​រំពឹងថា​យន្ដហោះ​គ្មាន​មនុស្ស​បើក អាច​ដឹកជញ្ជូន​សម្ភារៈ​បាន​ជាច្រើន ហើយ​បើ​ប្រៀបធៀប​ទៅ​មនុស្ស​វិញ​បាន​ប្រហែល​១១​នាក់​។​

យ៉ាងណាមិញ​ផែនការ​ជាក់ស្ដែង​របស់​ក្រុមហ៊ុន​Ford ដែល​គ្រោង​បញ្ជូល​យន្ដហោះ​គ្មាន​មនុស្សបើក​ក្នុង​អាជីវកម្ម​របស់ខ្លួន នៅ​មិនទាន់​បានកំណត់​ច្បាស់លាស់​នៅឡើយ​ទេ​៕