បច្ចេកវិទ្យា

Hyundai​​គ្រោង​បង្ហាញ​​រថយន្ដ​​អគ្គិសនី​​ទំនើប​បំផុត​​ប្រភេទ​SUV

ដោយ៖ ពេញ ផេង    01-03-2018 3:35 PM    953
រថយន្ដអគ្គិសនីប្រភេទSUVរបស់ក្រុមហ៊ុន​Hyundai

​ក្រុមហ៊ុន​ផលិត​រថយន្ដ​យក្ស​របស់​កូរ៉េខាងត្បូង​Hyundai នឹង​បង្ហាញ​រថយន្ដ​អគ្គិសនី​ប្រភេទ​SUV​របស់ខ្លួន ដែល​តម្លៃ​និង​កម្លាំង​អាច​ប្រកួតប្រជែង​ជាមួយ​រថយន្ដ​អគ្គិសនី​Tesla Model 3 និង Chevrolet Bolt​បាន​។​Kona Electric​របស់​ក្រុមហ៊ុន​Hyundai នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ពិព័រណ៍​រថយន្ដ​នៅ​ប្រទេស​ស្វីស​សប្ដាហ៍​ក្រោយ​។

​ជាមួយនឹង​អាគុយ​ដែលមាន​ស្ដង់ដា Kona Electric​អាច​រត់​បាន​រយៈ​ចម្ងាយ​ចន្លោះ​ពី​១៨៦​ម៉ា​យ​ដល់​២៩២​ម៉ា​យ ប្រមាណ​ពី​៣០០​គីឡូម៉ែត្រ​ដល់​៤៧០​គីឡូម៉ែត្រ​។ តួលេខ​ទាំងនេះ​ផ្អែក​តាម​ការ​ធ្វើតេស្ដ​លើ​ការបើកបរ ដែល​ទទួលបាន​លទ្ធផល​ខ្ពស់ជាង​ការរំពឹងទុក​។ ក្រៅពីនេះ​រថយន្ដ​ប្រភេទ​ថ្មី​ក៏បាន​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​យ៉ាង​ពិសេស ទាក់ទង​នឹង​ការប្រើប្រាស់​ថាមពល នៅពេល​រថយន្ដ​ឈប់ នៅពេល​បើកបរ នៅពេល​ជាន់​ហ្វ្រាំង​ជាដើម​។

​គួរ​បញ្ជាក់ថា ថ្វីបើ​ក្រុមហ៊ុន​Hyundai​កំពុង​បង្ហាញ​រថយន្ដ​Kona Electric SUV​នៅក្នុង​តំបន់​អឺរ៉ុប​មុនគេ ប៉ុន្ដែ​គេ​រំពឹងថា​អាចមាន​វត្ដ​មាន​នៅតាម​ទីផ្សារ​ផ្សេងៗ​ទៀត​ក្រៅ​ទីផ្សារ​អឺរ៉ុប​។ ក្រុមហ៊ុន​មិន​បានប្រកាស​ឲ្យដឹងពី​តម្លៃល​ក់​ទេ មិន​ថា​នៅ​អឺរ៉ុប​ឬ​កន្លែង​ផ្សេង​។ សម្រាប់​តម្លៃ​រថយន្ដ​Kona SUV​ប្រើ​សាំង មានតម្លៃ​២១,០០០​ដុល្លារ​នៅ​អាមេរិក ប៉ុន្ដែ​តម្លៃ​រថយន្ដ​អគ្គិសនី​វិញ​អាច​ថ្លៃ​ជាង​នេះ​៕