បច្ចេកវិទ្យា

រថយន្ត​ម៉ូ​ដែល​ថ្មីៗ​​ជាង​៥០០​គ្រឿង​​ត្រូវបាន​ហាម​​មិនឲ្យ​លក់​​នៅ​​ចិន​ ព្រោះ​​បំពុល​បរិស្ថាន​​

ដោយ៖ អឿន ភារ៉ា    12-01-2018 5:31 PM    1276

​ចិន​បាន​ហាមឃាត់​ការលក់​រថយន្ត​ម៉ូ​ដែល​ថ្មីៗ​ចំនួន ៥៥៨​គ្រឿង ដើម្បី​ទប់ស្កាត់​បញ្ហា​បំពុល​បរិស្ថាន​នៅក្នុង​ប្រទេស​របស់ខ្លួន​។ វិធានការ​នេះ គឺជា​ការកំណត់​លក្ខខណ្ឌ​ដោយ​រដ្ឋាភិបាល ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទីក្រុង​ប៉េកាំង​ក្លាយជា​ទីកន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ ក្នុង​រយៈពេល ៥​ឆ្នាំ​។​

​យោងតាម​របាយការណ៍​របស់ Bloomberg រថយន្ត​ដែល​ត្រូវបាន​ហាមឃាត់​រួមមាន​រថយន្ត Audi FV7145KLCBG (​ម៉ូ​ដែល A1 ផលិត​ដោយ FAW VW) រថយន្ត Chevrolet SGM7161DAA2 (​ស្រដៀង​ទៅនឹង Holden Barina) និង Benz BJ7302ETAL2 ។​

​លោក Wang Liushueng អ្នកវិភាគ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ា​ង​ហៃ​បាន​ប្រាប់ Bloomberg ថា​នេះ​ជា​ការហាមឃាត់​ជា​ផ្លូវការ​លើក​ដំបូងបង្អស់ ដែល​ចេញ​មកពី​មជ្ឈមណ្ឌល​សេវាកម្ម​បច្ចេកវិទ្យា​ចិន ប៉ុន្តែ​វា​នឹង​មិនមែនជា​វិធានការ​ចុងក្រោយ​ទេ​។ លោក Wang ថ្លែងថា ការហាមឃាត់​នេះ នឹង​កើតមាន​ជារឿយៗ នៅ​ពេលអនាគត ដែលជា​ការផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ ដើម្បី​ធានា​ដល់​ការអភិវឌ្ឍន៍​សុខុមាលភាព​របស់​ឧស្សាហកម្ម​ក្នុង​រយៈពេល​វែង​។​

​គួរ​បញ្ជាក់ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ចិន​បាន​ចាត់វិធានការ​សំខាន់ៗ ដើម្បី​ទប់ស្កាត់​ការបំពុល​ខ្យល់អាកាស​របស់ខ្លួន ដោយ​គ្រោង​នឹង​បញ្ចប់​ការ​បោសសម្អាត​រថយន្ត​ប្រើ​ចំហះ​ឥន្ធនៈ​។ មិនតែប៉ុណ្ណោះ ក៏​នឹងមាន​ការត្រួតពិនិត្យ​យ៉ាង​តឹងតែង​លើ​ការផ្គត់ផ្គង់​លោក​ហៈ​ធាតុ និង​ការប្រើប្រាស់​ធ្យូងថ្ម​ផងដែរ​៕

ប្រភព៖ caradvice