បច្ចេកវិទ្យា

ប្រព័ន្ធ​បច្ចេកវិទ្យា FMIS ​កំពុង​ដំឡើង​​នៅតាម​​ក្រសួង​-​ស្ថាប័ន​​ចំនួន​​១០​

ដោយ៖ Vayofm Teams    29-11-2017 4:13 PM    233

​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) បាននិងកំពុង​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​គ្រប់​រតនាគារ​រាជធានី​-​ខេត្ត ព្រមទាំង​នៅតាម​ក្រសួង​-​ស្ថាប័ន​ចំនួន​១០​។ ក្រុមការងារ​បច្ចេកទេស​មួយ​នេះ បាននិងកំពុង​ចុះ​បំពាក់​ប្រព័ន្ធ​បណ្តាញ​ខ្សែ Cable, Wall Points, End-User Equipment និង WAN/LAN ដល់​ក្រសួង​-​ស្ថាប័ន ដែល​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ FMIS ។​

តាម​គម្រោង ការរៀបចំ​ដំឡើង​ឧបករណ៍​បច្ចេកទេស​ទាំង​នេះ នឹង​រួចរាល់​ត្រឹម​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ខាងមុខ​។​

​ក្រសួង​-​ស្ថាប័ន​ទាំង​១០ ដែល​ត្រូវ​ដំឡើង​ឱ្យ​រួចរាល់​នោះ​រួមមាន​៖ ក្រសួង​បរិស្ថាន ( MOE), ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF), ក្រសួងឧ​ស្សហកម្ម​និង​សិប្បកម្ម (MIH), ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (AFD-MEF), ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC), ក្រសួង​សុខាភិបាល (MOH), ក្រសួង​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​(MOEYS), ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ (MLVT), ក្រសួង​កិច្ចការនារី (MOWA) និង​ក្រសួង​មុខងារសាធារណៈ (MCS)​។​

​គួរ​ជម្រាប​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ជា​ផ្នែក​មួយ​នៃ​ការកែទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការផ្តួចផ្តើម​បង្កើតឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ចក្ខុវិស័យ​នាពេលខាងមុខ ប្រព័ន្ធ​មួយ​នេះ នឹង​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ទូទាំងប្រទេស​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ឱ្យបាន​ត្រឹម​ឆ្នាំ​២០២០ ក្នុង​គោលបំណង​ធ្វើ​ការកែលម្អ​នូវ​ការទទួលបាន​ព័ត៌មាន​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវាកម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តសិ​ទ្ធិភាព​៕