បច្ចេកវិទ្យា

តារា​សម្ដែង​ស្រី​​អូស្ដ្រាលី​​ប្រាប់​បទពិសោធន៍​​ត្រូវគេ​បៀតបៀន​​ផ្លូវភេទ​​ក្នុង​អាជីព​​សិល្បៈ​

ដោយ៖ ពេញ ផេង    13-11-2017 5:26 PM    1824
​អ្នកនាង​Rebel Wilson

​តារា​សម្ដែង​ស្រី​អូស្ដ្រាលី​អ្នកនាង​Rebel Wilson គឺជា​តារា​ហូលីវូដ​ដំបូង​គេ​បានបង្ហាញ​ពី​បទពិសោធន៍ នៃ​ការរំលោភបំពាន​ផ្លូវភេទ​របស់​នាង​នៅក្នុង​វិស័យ​សិល្បៈ​។​នៅលើ​ប្រព័ន្ធ​Twitter អ្នកនាង​បាន​ចោទប្រកាន់ថា តារា​ប្រុស​ដែល​មានអំណាច​មាន​ឥទ្ធិពល ស្នើសុំ​នាង​ម្ដង​ហើយ​ម្ដងទៀត ឲ្យ​នាង​ថត​សកម្មភាព​អាសអាភាស ប៉ុន្ដែ​នាង​បាន​បដិសេធ​ព្រោះ​ជា​រឿង​គួរឲ្យ​ខ្ពើមរអើម​។​

​នាង​Wilson​បាន​បន្ថែមថា មិត្ដភក្តិ​តារាស​ម្ដែង​ប្រុស​ម្នាក់​ចង់ថត​រឿង​អាសអាភាស​នេះ មុនពេល​នាង​ចាកចេញ​ពី​បន្ទប់​។​នាង​បាន​ត្អូញត្អែ​ប្រាប់​ទៅ​ក្រុមហ៊ុន​ភាពយន្ដ​ពី​ការយាយី​នេះ ប៉ុន្ដែ​ក្រោយមក​នាង​ត្រូវ​អ្នកតំណាង​របស់​តារា​សម្ដែង​មួយរូប​គំរាម​។​

​អ្នកនាង​Wilson​បាន​ជួប​ការយាយី​បែបនេះ​ទៀត ជាមួយ​នាយក​ជាន់ខ្ពស់​នៅក្នុង​បន្ទប់​សណ្ឋាគារ ប៉ុន្ដែ​នាង​មិនបាន​រងគ្រោះ​អ្វី​ឡើយ ដោយសារ​ភរិយា​នាយក​ជាន់ខ្ពស់​រូបនោះ​ទូរស័ព្ទ​មក ហើយ​នាង​បានគេច​ចេញពី​បន្ទប់​។​នាង​សង្កត់ធ្ងន់ថា បើ​មាន​ហេតុការណ៍​កើតឡើង​លើ​នាង​ម្ដងទៀត ឬ​កើតឡើង​លើ​អ្នកផ្សេង​ក៏ដោយ នាង​នឹង​លែង​សមរម្យ​ទៀតហើយ​៕