បច្ចេកវិទ្យា

របាយការណ៍​៖​​បច្ចេកវិទ្យា​​កាន់តែ​​រីកចម្រើន​ បង្ក​ហានិភ័យ​​ដល់​​អ្នក​មាន​​ជំនាញ​​ទាប​​

ដោយ៖ Vayofm Teams    11-11-2017 2:08 PM    311

​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន​ឥតឈប់ឈរ បាន​នាំមក​នូវ​គុណសម្បត្តិ​យ៉ាងច្រើន និង​បញ្ហា​ប្រឈម​ធំៗ គួរឲ្យ​ព្រួយបារម្ភ​ដែរ​។

​របាយការណ៍​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយ​កាលពី​ថ្មីៗ​នេះ ឱ្យដឹងថា ភាព​កាន់តែ​ទំនើប​​ជឿន​លឿន​​នៃ​​បច្ចេកវិទ្យា នឹង​ធ្វើឲ្យ​អ្នកមាន​ជំនាញទាប​នៅតាម​ប្រទេស​ជា​សមាជិក​អាស៊ាន បាត់បង់​​ការងារ​​របស់​ខ្លួន​។ ការងារ​ដែល​ប្រើ​ជំនាញ​កម្រិត​ទាប ដូចជា កម្មករ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ផ្នែក​បង្គុំ និង​ការងារ​ផ្តល់​សេវា គឺជា​អ្នក​ងាយ​ប្រឈម​នឹង​ហានិភ័យ​។​

​ទោះជា​យ៉ាងណា របាយការណ៍​ដដែល លើកឡើងថា ដើម្បី​ឆ្លើយតប​បន្ទាន់​ទៅនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នេះ ត្រូវ​ផ្តល់​លទ្ធភា​ពឲ្យកម្មករ ឬ​អ្នក​គ្មាន​ជំនាញ អាច​បង្កើន​កម្រិត​ជំនាញ​របស់ខ្លួន​។ ការអប់រំ​ក្នុង​វ័យ​ដំបូង មិន​ត្រឹមតែ​ជា​ការបណ្តុះបណ្តាល​ប៉ុណ្ណោះ​ទេ តែ​ទាមទារ​ឲ្យ​ពួកគេ​មានឱកាស​រៀនសូត្រ​ពេញ​មួយជីវិត ទោះបី​មនុស្សពេញវ័យ​ក៏ដោយ​។​

​ការធ្វើ​បែបនេះ វា​នឹង​ជួយ​ទប់ទល់​បញ្ហា​គ្មាន​ការងារ​ធ្វើ​នៅតាម​ប្រទេស ដែល​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស ក៏ដូចជា​ជួយ​ធ្វើឲ្យ​កំណើន​សម្រេចបាន​ក្នុងប្រទេស​ទទួល​ពលករ បន្ត​និរន្តរភាព​ទៅមុខ​ទៀត​​។ មិនតែប៉ុណ្ណោះ ក៏​អាចជួយ​កាត់បន្ថយ​បញ្ហា​វិសមភាព​សេដ្ឋកិច្ច ដែល​កំពុង​បន្ត​កើនឡើង​រវាង​តំបន់ និង​តំបន់ ឬ​រវាង​ប្រទេសមួយ និង​ប្រទេស​មួយទៀត​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​នៅ​ក្នុង​​របាយការណ៍​ADB៕