បច្ចេកវិទ្យា

ស្ថានីយ​​អវកាស​​ដំបូង​គេ​​របស់​ចិន​​នឹង​ធ្លាក់​​មកលើ​ផែនដី​វិញ​​នៅ​ដើមឆ្នាំ​២០១៨

ដោយ៖ ពេញ ផេង    11-11-2017 10:14 AM    1642
ស្ថានីយអវកាសដំបូងគេរបស់ចិនឈ្មោះTiangong-1ដែលបង្ហោះនៅលើអាកាស

​ស្ថានីយ​អវកាស​ដំបូង​គេ​របស់​ចិន​ឈ្មោះ​Tiangong-1 នឹងត្រូវ​បង្ហោះ​ចូលទៅក្នុង​បរិយាកាស​ឡើងវិញ​នៅ​ដើម​ឆ្នាំក្រោយ ស្របពេល​ប្រតិ​បត្ដិកា​ររបស់​ស្ថានីយ​អវកាស​នេះបាន​ដល់ពេល​កំណត់​ត្រូវអស់​សុពលភាព គឺ​ប្រើប្រាស់​លែង​បាន​។​តាម​ការបញ្ជាក់​ពី​ភ្នាក់ងារ​អវកាស​អឺរ៉ុប​(ESA) ស្ថានីយ​អវកាស​ទម្ងន់​៨,៥​តោន​ដែល​គ្មាន​អ្នកបើកបរ​នេះ នឹង​គ្រប់គ្រង​លែង​បាន ហើយ​ធ្លាក់​មក​ដី​វិញ​ចន្លោះ​ពី​ខែមករា​ដល់​ខែ​មីនាឆ្នាំ​២០១៨​។​

​ក្រុម​អ្នកជំនាញ​និយាយថា​យាន​ដែល​ស្ថិតនៅលើ​នោះ​ភាគច្រើន​នឹង​ឆេះ​ក្នុង​បរិយាកាស ប៉ុន្ដែ​នៅមាន​ផ្នែក​ខ្លះ​នៃ​កម្ទេចកម្ទី​អាច​នឹង​ធ្លាក់​មកលើ​ផែនដី​។ ESA​បាន​ប៉ាន់ស្មាន​ថា​បំណែក​អាច​ធ្លាក់​នៅតាម​បណ្ដា​ទីក្រុង​អាស៊ី​មួយចំនួន​ដូចជា ប៉េកាំង តូ​ក្យូ បាងកក សិង្ហ​បុរី និង​ញូវដេលី​។​ចំណែក​នៅ​មជ្ឈិមបូព៌ា នៅ​អាហ្វ្រិក និង​ផ្នែក​ខ្លះ​នៃ​ទ្វីបអឺរ៉ុប ដូចជា​អេ​ស្ប៉ា​ញ និង​អ៊ីតាលី ក៏ដូចជា​ទីក្រុង​របស់​អាមេរិក​ដូចជា​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ញូវយ៉ក និង​ម៉ៃ​អា​មី ក៏​ស្ថិតក្នុង​ទីតាំង​ដែល​បំណែក​ស្ថានីយ​អវកាស​ចិន​អាច​ធ្លាក់​លើ​ដែរ​។​

រូបភាពបង្ហាញទីតាំងដែលបំណែកស្ថានីយអវកាសអាចធ្លាក់លើ

​ទីភ្នាក់ងារ​អវកាស​បាន​ពន្យល់ថា មិនអាច​បញ្ជាក់​ទីតាំង​ច្បាស់លាស់​ថា​បំណែក​ស្ថានីយ​អវកាស​នឹង​ធ្លាក់ចំ​កន្លែង​ណា​ឲ្យ​ពិតប្រាកដ​ទេ បានត្រឹមតែ​ជា​ការប៉ាន់ស្មាន​មិន​ច្បាស់លាស់​។​ប៉ុន្ដែ​យ៉ាងណាក៏ដោយ​ESA​បាន​កត់សម្គាល់ថា ក្នុង​ប្រវត្ដិសាស្ដ្រ​នៃ​ការហោះ​ក្នុង​លំហ​អាកាស គ្មាន​ការ​បញ្ជាក់ថា​មាន​មនុស្ស​ស្លាប់​ឬ​របួស ដោយសារតែ​ការធ្លាក់​កម្ទេចកម្ទី​ពីលើ​អាកាស​មកលើ​ដី​ទេ​។សូមបញ្ជាក់ថា​ស្ថានីយអវកាស​ដំបូងគេ​របស់ចិន​​Tiangong-1 ត្រូវបាន​បង្ហោះ​ចូលក្នុង​​លំហអាកាស​កាលពីថ្ងៃទី២៩​ខែកញ្ញា​​ឆ្នាំ២០១១៕​