បច្ចេកវិទ្យា

​​អ្នកជំនាញ​៖​ក្មេង​​អាយុ​​ក្រោម​​១០​ឆ្នាំ​ មិន​គួរ​​មាន​​ឧបករណ៍​​បច្ចេកវិទ្យា​​ផ្ទាល់​ខ្លួន​​ទេ​ ដូចជា​​iPad​

ដោយ៖ Vayofm Teams    10-11-2017 5:07 PM    374

​ក្មេងៗ​ដែលមាន​អាយុ​ក្រោម ១០​ឆ្នាំ មិនគួរឲ្យ​ពួកគេ​មាន​ឧបករណ៍​បច្ចេក​វិទ្យា​ផ្ទាល់ខ្លួន​ឡើយ ដូចជា iPad ជាដើម ដែល​នឹង​ធ្វើឲ្យ​ពួកគេ​ដូចជា​មនុស្ស​ញៀន​ថ្នាំ​អញ្ចឹង​ដែរ​។

​បើតាម​លោក​វេជ្ជបណ្ឌិត Nicholas Kardaras ដែល​បានធ្វើការ​ជាមួយ​មនុស្ស​វ័យ​ជំទង់​ជាង ១​ពាន់​នាក់ ក្នុង​កំឡុង​ពេល​ ១៥​ឆ្នាំ​ចុងក្រោយ​នេះ និង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការតស៊ូ​មតិ ឱ្យដឹងថា ការ​ញៀន​អេក្រង់​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ថា ជា​ជំងឺឆ្លង​តាមរបៀប​ម្យ៉ាង​ស្រដៀង​នឹង​ការ​ញៀន​សារធាតុ​ញៀន​ដែរ​។ លោក​និយាយថា​៖ “​ខ្ញុំ​បាន​ជួបប្រទះ​ញៀន​អេក្រង់​ដំបូង​កាលពី​១០​ឆ្នាំមុន នៅពេលដែល​ក្មេងប្រុស​អាយុ ១៦​ឆ្នាំ​ត្រូវបាន​បញ្ជូនទៅ​គ្លីនីក​របស់ខ្ញុំ​។ គាត់​គឺជា​អ្នក​វក់​នឹង​ការលេង​ហ្គេម World of Warcraft អស់​រយៈពេល ១០​ម៉ោង​ក្នុង​មួយថ្ងៃ​។ គាត់​មាន​អាការៈ​ប្លែក ដោយ​មិន​បានដឹងថា អ្វីដែល​ជា​ការពិត និង​អ្វីដែល​មិនមែន​។ គាត់​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល​មួយខែ ដើម្បី​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​”​។

​លោក​បន្តថា iPads ស្មា​ត​ហ្វូន និង​ឧបករណ៍​ជំនួយការ​លេង​ហ្គេម គឺជា​ទម្រង់​នៃ​គ្រឿងញៀន​ឌីជីថល ដែល​ផ្លាស់ប្តូរ​ក្មេងៗ ទៅជា​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត​។ លោក​បាន​អះអាងថា អេក្រង់​អាច​បង្កើន​ការធ្លាក់​ទឹកចិត្ត និង​ការ​ថប់​អារម្មណ៍​ជាដើម​។ ប៉ុន្តែ លោក​មិនទាន់​សន្និដ្ឋាន​បានទេ​ថា វា​អាច​ប៉ះពាល​ដល់​ប្រព័ន្ធ​ប្រសាទ និង​ខួរក្បាល ដូចគ្នា​ទៅនឹង​ការ​ញៀន​សារធាតុ​ញៀន គ្រាន់តែ​ច្បាស់​ថា អេក្រង់​ធ្វើឲ្យប៉ះពាល់​ដល់​ផ្នែក​ខាងមុខនៃ​ខួរក្បាល​។​

​មិនតែប៉ុណ្ណោះ លោក​វេជ្ជបណ្ឌិត Kardaras យល់ថា ការ​ញៀន​បច្ចេកវិទ្យា​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ការសិក្សា​នៅ​សាលារៀន ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ឬ​គ្រួសារ ក៏ដូចជា​ចំណូលចិត្ត​ផ្សេងទៀត​ដូចជា កីឡា ឬ​តន្ត្រី​ជាដើម​។​

​យ៉ាងណា ការលើកឡើង​បែបនេះ មិនមែន​បានន័យថា ប្រឆាំងនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​នោះទេ តែ​ជឿជាក់ថា​ក្មេងៗ នៅ​មិនទាន់មាន​ប្រសិទ្ធភាព​ខាង​ប្រព័ន្ធ​ប្រសាទ​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​អ្វីដែល​មាន​ឥទ្ធិពល​ដូចជា​អេក្រង់ ដូច​ទៅនឹង​មនុស្សពេញវ័យ​នោះទេ​។ នេះ​បើតាម​ការលើកឡើង​បន្ថែម​ពី​លោក​វេជ្ជបណ្ឌិត Kardaras​។​

​ជាមួយគ្នានេះ លោក​ណែនាំ​ឲ្យ​ឪពុកម្តាយ អាណាព្យាបាល​ទាំងឡាយ ត្រូវ​យកចិត្ត​ទុកឲ្យ​បាន​ខ្ពស់ខាង​បច្ចេកវិទ្យា និង​គួរតែ​ប្រយ័ត្នប្រយែង​ជាមួយ​កូនៗ និង​ខ្លួន​របស់​អ្នក​ផ្ទាល់​ផងដែរ​៕

ប្រភព៖ thesun