ព្រះអង្គម្ចាស់​​អា​រ៉ាប៊ីសាអូឌីត​​ចង់​ទិញ​​ក្លឹបបាល់ទាត់​​Manchester United?

ដោយ៖ ពេញ ផេង 18-02-2019 2:01 pm 452
រូបភាពព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត​និងរូបតំណាងក្លឹប​Manchester United

​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ព្រះអង្គម្ចាស់​អា​រ៉ាប៊ីសាអូឌីត ចង់​ទិញ​ក្លឹប​បាល់ទាត់​ល្បីឈ្មោះ​Manchester United បង្កឲ្យមាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ប៉ុន្ដែ​រដ្ឋមន្ដ្រី​អា​រ៉ាប៊ីសាអូឌីត​បានចេញ​មុខ​បកស្រាយ​នៅ​ថ្ងៃ​ចន្ទ​នេះហើយ​ថា ព្រះអង្គម្ចាស់​Mohammed Bin Salman គ្មាន​បំណង​ចង់​ទិញ​ក្លឹប​បាល់ទាត់​នេះ​ទេ​។ នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​រដ្ឋមន្ដ្រី​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​Turki al-Shabanah​បាន​បញ្ជាក់ថា ព័ត៌មាន​ដែល​ចុះផ្សាយ​រឿង​ព្រះអង្គម្ចាស់​ចង់​ទិញ​ក្លឹប​Manchester United គឺជា​ព័ត៌មាន​ខុស​ទាំងស្រុង​។ 

​លោក​បន្ថែមថា មន្ដ្រី​អ្នក​មានទ្រព្យ​របស់​អា​រ៉ាប៊ីសាអូឌីត ទៅ​ជួប​ជាមួយ​មន្ដ្រី​របស់​ក្លឹប​បាល់ទាត់​នេះ គ្រាន់តែ​ជជែក​ពី​ការជួយឧបត្ថម្ភ​ប៉ុណ្ណោះ មិនមែន​ចរចា​ទិញ​ក្លឹប​ឡើយ​។ សារ​របស់លោក​រដ្ឋមន្ដ្រី​ឆ្លើយតប​ទៅនឹង​សេចក្ដីរាយការណ៍​ដែលថា ព្រះអង្គម្ចាស់​Bin Salman​កំពុង​ល្បួង​ទិញ​ក្លឹប​ពី​អ្នកគ្រប់គ្រង​បច្ចុប្បន្ន​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ​សារព័ត៌មាន​អង់គ្លេស​The Sun បាន​ចុះផ្សាយ​ព្រះអង្គម្ចាស់​កំពុង​គ្រោង​ចំណាយ​ប្រាក់​៤.៩​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ចង់​គ្រប់គ្រង​ក្លឹប​បាល់ទាត់​ល្បីឈ្មោះ​មួយ​នេះ​។ កាសែត​បានឲ្យដឹង​ដែរថា ការដេញថ្លៃ​ដំបូង​បាន​ធ្វើឡើង​ក្នុង​ខែតុលា​ឆ្នាំមុន ប៉ុន្ដែ​ត្រូវ​បរាជ័យ​ក្រោយ​មាន​ករណី​សម្លាប់​អ្នកកាសែត​អា​រ៉ាប៊ីសាអូឌីត​លោក​Jamal Khashoggi ដែល​ធ្វើឲ្យមាន​ភាពចម្រូងចម្រា​សកើត​ឡើងខ្លាំង​៕

ព័ត៌មានផ្សេងទៀត