គ្រូ​បណ្ដោះ​អាសន្ន​​Manchester United​​ថា​​រីករាយ​នឹង​​ដឹកនាំ​​ជា​អចិន្ដ្រៃយ៍​​បើ​ក្លឹប​​ផ្ដល់ឱកាស​

ដោយ៖ ពេញ ផេង 31-12-2018 3:11 pm 1402
​អ្នកចាត់ការ​បណ្ដោះអាសន្ន​លោក​Ole Gunnar Solskjae

​ក្រោយ​ការចាកចេញ​របស់លោក​Jose Mourinho ដែល​ត្រូវ​ក្លឹប​Manchester United បណ្ដេញចេញ​យ៉ាង​បន្ទាន់​នោះ តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្នុង​ក្លឹប បណ្ដោះអាសន្ន​លោក​Ole Gunnar Solskjaer​ជា​អ្នកទទួល​។ តួនាទី​អ្នកចាត់ការ​ទូទៅ​បណ្ដោះអាសន្ន នឹង​បញ្ចប់​នៅ​ចុងរដូវ​កាល​នេះហើយ​។ ដ្បិតថា​ក្នុងនាម​ជា​គ្រូ​បណ្ដោះអាសន្ន​ក៏ពិតមែន ប៉ុន្ដែ​លោក​Solskjaer​ដឹកនាំ​ក្រុម​Manchester United​លេង​បាន​យ៉ាង​ល្អ ក្រោយ​ធ្លាក់​ទម្រង់​ខ្លាំង​គ្រា​លោក​Mourinho​ដឹកនាំ​។​

​បី​ប្រកួត​កន្លងមក លោក​Solskjaer​ដឹកនាំ Manchester United ឈ្នះ​រហូត​មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ឬ​ស្មើ​ទេ រក​គ្រាប់​បាល់​បាន​១២​គ្រាប់ ហើយ​របូត​គ្រាប់​បាល់​វិញ​តែ​៣​គ្រាប់​ប៉ុណ្ណោះ​។ អ្នកចាត់ការ​ដែលជា​អតីត​ខ្សែប្រយុទ្ធ​បី​សាច​ក្រហម​Manchester United​រូបនេះ ធ្លាប់បាន​និយាយថា ពេល​លោក​ដឹកនាំ​នឹង​ប្រើ​យុទ្ធសាស្ដ្រ​ថ្មី​។​

​ស្របពេល​កំពុង​ដឹកនាំ​ក្រុម​ឡើង​ជើង លោក​Solskjaer​បានប្រកាស​ដែរថា លោក​នឹង​ចុះកិច្ចសន្យា​ធ្វើជា​អ្នកចាត់ការ​ទូទៅ អចិន្ដ្រៃយ៍​តែម្ដង​សម្រាប់​រដូវ​កាល​ក្រោយ ប្រសិនបើ​ក្លឹប​ផ្ដល់ឱកាស​ឲ្យ​។ តែ​យ៉ាងណាមិញ​Manchester United មិនទាន់​បង្ហើប​ឲ្យដឹងពី​រឿង​នេះទេ ដោយ​រង់ចាំ​រហូតដល់​ចប់​រដូវ​កាល​សិន ទើប​ប្រកាស​ពី​ការជ្រើសរើស​អ្នកចាត់ការ​ថ្មី​តែម្ដង​៕

ព័ត៌មានផ្សេងទៀត