នាយករដ្ឋមន្ដ្រី​​ម៉ាឡេស៊ី​​ប្រាប់​ក្រុម​ជម្រើស​ជាតិ​ “​កុំ​ធ្វើឲ្យ​ខ្ញុំ​​និង​ប្រទេសជាតិ​​បាក់មុខ​”

ដោយ៖ ពេញ ផេង 08-12-2018 7:59 am 864
នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី(កណ្ដាល)ពេលជួបក្រុមជម្រើសជាតិ

“​សូមកុំ​ធ្វើឲ្យ​ខ្ញុំ​និង​ប្រទេសជាតិ​បាក់មុខ​” នេះ​គឺជា​សម្ដី​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី លោក​ម៉ា​ហា​ធៀ មហា​ម៉េដ និយាយ​ទៅកាន់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី មុនពេល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើមពាន​AFF Suzuki Cup 2018 តទល់​នឹង​វៀតណាម​។ លោក​នាយករដ្ឋមន្ដ្រី​ម៉ា​ហា​ធៀ បាន​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដើម្បី​ជា​ការលើក​ទឹកចិត្ដ​មុន​ការប្រកួ​ត​។​

​ឆ្លៀត​ក្នុង​កិច្ច​ជំនួប​លោក​ម៉ា​ហា​ធៀ​និយាយថា “​យើង​ត្រូវតែ​ឈ្នះ ដូច្នេះ​យើង​អាចមាន​មោទនភាព លើ​សមត្ថភាព​របស់​ប្រទេសជាតិ​យើង​។ ជា​ជនជាតិ​ម៉ាឡេស៊ី យើង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការការពារ​សេចក្ដី​ថ្លៃថ្នូ និង​កិត្ដិយស​ប្រទេសជាតិ​យើង​។​” លោក​ម៉ា​ហា​ធៀ​បង្ហាញ​ក្ដី​សង្ឃឹមថា ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី នឹង​ធ្វើឲ្យ​អស់ពី​សមត្ថ​ភាព​ដើម្បី​ជ័យជម្នះ​។ លោក​ក៏បាន​ណែនាំ​ដល់​កីឡាករ ត្រូវតែមាន​វិន័យ​ខ្ពស់ ជាពិសេស​ត្រូវ​សម្រាក និង​ហ្វឹកហាត់​ឲ្យបាន​គ្រប់គ្រាន់ ហើយ​ត្រូវតែមាន​មហិច្ឆតា​ឆ្ពោះទៅ​សម្រេច​ជោគជ័យ​។​

​សូមបញ្ជាក់ថា ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​អាច​ឡើង​ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន បន្ទាប់ពី​ទម្លាក់​ក្រុម​ការពារ​តំណែង​ជើង​ឯង​ថៃ ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ពុធ​។ ចំណែក​ក្រុម​ជម្រើសជាតិ​វៀតណាម​វិញ អាច​ឡើង​ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន បន្ទាប់ពី​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ 

​ដូច្នេះ ក្រុម​ទាំងពីរ​នឹងត្រូវ​ប៉ះគ្នា​ដណ្ដើម​ជើងឯក ដោយ​ត្រូវ​ប្រកួត​ឆ្លាស់​ទឹកដី​។ ជើង​ទីមួយ​ម៉ាឡេស៊ី​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ចាំ​ទទួល​ក្រុម​ភ្ញៀវ​វៀតណាម​នៅ​ថ្ងៃទី​១១​ខែ​ធ្នូ​។ ចំណែក​ជើង​ទី​ពីរ វៀតណាម​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ចាំ​ទទួល​ម៉ាឡេស៊ី​វិញ​ម្ដង នៅ​ថ្ងៃទី​១៥​ខែ​ធ្នូ​។ ក្រុម​ដែល​ទទួល​ជ័យជម្នះ នឹង​ក្លាយជា​ជើងឯក​ពានរង្វាន់​AFF Suzuki Cup 2018៕

ព័ត៌មានផ្សេងទៀត