ម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ បានសម្រេចជាផ្លូវការនូវប្រភេទកីឡាសរុបចំនួន ៥៦ប្រភេទ ក្នុងនោះ បានសម្រេចដាក់បញ្ចូលប្រភេទកីឡា៦ប្រភេទ ដែលកម្ពុជាស្នើសុំ រួមមាន៖ តេក្វាន់ដូ,ប៉េតង់ ,វ៉ូវីណាម Jutjutsu, Billiards snooker,Soft Tennis និងប្រភេទកីឡាបាល់ទាត់ កម្ពុជាស្នើសុំ U22 ផងដែរ។ នេះបើតាមការឲ្យដឹងពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយកិច្ចប្រជុំចុងក្រោយត្រៀមស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩នៅទីក្រុងម៉ានីលឡា ប្រទេសហ្វីលីពីន ។
លោកវ៉ាត់ ចំរើន បញ្ជាក់ថា នេះគឺជាជោគជ័យមួយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០១៩ ហើយក៏ជាសញ្ញាណវិជ្ជមានមួយ ដែលធ្វើឲ្យកម្ពុជាយើងរំពឹងបង្កើនខ្ទង់មេដាយមាស ពី២ដងទៅ ៣ដង បើធៀបនឹងស៊ីហ្គេមលើកមុន បន្ទាប់ពីកីឡាមានសក្ដានុពលមួយចំនួនត្រូវបានម្ចាស់ផ្ទះហ្វីលីពីន ព្រមបញ្ចូលតាមសំណើរបស់កម្ពុជា។ លោកបន្ថែមថា ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេមលើកទី៣១ នាឆ្នាំ២០២១ នៅវៀតណាម ក៏អាចជាយុទ្ធសាស្ដ្រក្នុងការវាយតម្លៃគុណផលកីឡាគ្រប់ប្រភេទរបស់ខ្លួន ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ចំពោះការប្រកាសវិញ្ញាសា នឹងចេញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ដោយយកមូលដ្នាននៃការប្រជុំសម្រេចចុងក្រោយ និងការស្នើសុំពីគណៈកម្មាធិការជាតិអូឡាំពិក(NOC)ទាំងអស់ ក្នុងតំបន់អាស៊ាន ដោយមានកីឡាសរុបចំនួន ៥៦ប្រភេទ សម្រាប់ថ្ងៃបើកជាផ្លូវការ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ នេះធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា និងបិទថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ ៕