គោព្រៃ​​កម្ពុជា​​តាម​ស្មើ​​ទីម័​រខាង​កើត​​ចុងម៉ោង​​ក្នុង​លទ្ធផល​២-២

ដោយ៖ ពេញ ផេង 12-10-2018 9:24 pm 1099
រូបភាពពេលក្រុមគោព្រៃកម្ពុជាប៉ះទីម័រខាងកើតកាលពីល្ងាចថ្ងៃទី១២តុលា

​បន្ទាប់​ពី​ការប្រកួត​ចប់​៩០​នាទី​រហូត​ឈានដល់​ម៉ោង​បន្ថែម ទីបំផុត​ក្រុម​គោព្រៃ​កម្ពុជា​បាន​ត្រឹម​ស្មើ​ជាមួយ​ទីម័​រខាង​កើត ក្នុង​លទ្ធផល​២​ទល់នឹង​២​។ កម្ពុជា​តាម​បាន​ស្មើ​យ៉ាង​ប្រផិតប្រផើយ​នៅ​ម៉ោង​បន្ថែម​៩០​បូក ខណៈ​ក្រុម​ទី​ម័រ​នាំមុខ​២​ទល់នឹង​១​តាំង​ពី​តង់​ទីមួយ​។ ២​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​ចាន់ វឌ្ឍនាកា​នៅ​នាទី​ទី​៤០ និង​កីឡាករ​រ៉ុង ប៊ុនហេង នៅ​នាទី​ទី​៩០+១​។​

​ការប្រកួត​ធ្វើឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​១២​តុលា​នេះ អាច​ថា​ជា​ការប្រកួត​សមប្រកប​មួយ​របស់​ក្រុម​គោព្រៃ​កម្ពុជា បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​ជើង​ខ្លាំង​ម៉ាឡេស៊ី​ថ្មីៗ​នេះ​។ យ៉ាងណាមិញ​ការប្រកួត​មិត្ដភាព​ជាមួយទីម័​រខាង​កើត គោព្រៃ​កម្ពុជា​គ្មាន​វត្ត​មាន​គ្រូបង្វឹក​ថ្មី​លោក​Keisuke HONDA ដឹកនាំ​ដោយ​ផ្ទាល់​ឡើយ ដោយ​មាន​តែ​គ្រូ​ជំនួយ​លោក​Felix Dalmas នៅលើ​ទីលាន​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា កម្ពុជា​នៅ​សល់​ការប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​ប្រកួត​ទៀត គឺ​ប៉ះ​នឹង​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​នា​ថ្ងៃទី​១៦​ខែតុលា មុន​ចូលរួម​ប្រកួត​ពានរង្វាន់​AFF Suzuki Cup 2018៕

ព័ត៌មានផ្សេងទៀត