ពិតជា​អស្ចារ្យ​! សីដក់​កម្ពុជា​​ដណ្ដើមបាន​​មេដាយមាស​​ក្នុង​ការប្រកួត​​នៅ​ប្រទេស​ថៃ​

ដោយ៖ ពេញ ផេង 27-09-2018 8:58 am 3635
រូបភាព​ក្រុមកីឡា​សីដក់​កម្ពុជា​​ពេលប្រកួត

​ក្រុមកីឡា​សីដក់​កម្ពុជា​បានទទួល​មេដាយមាស នៅក្នុង​ការប្រកួត​ពាន​រង្វាន់​King’s Cup World Sepaktakaw Championship​ក្នុងប្រទេស​ថៃ​។ នេះ​ជា​ពានរង្វាន់​កម្រិត​ពិភពលោក​មួយ ដែល​ប្រទេស​ថៃ​តែងតែ​រៀបចំ​ការប្រកួត​ជា​រៀងរាល់ឆ្នាំ ដោយបាន​អញ្ជើញ​ក្រុម​សីដក់​គ្រប់​ប្រទេស​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​ប្រកួត​។ ព្រឹត្ដិការណ៍​នេះ​រៀបចំឡើង​ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​វិញ្ញាសា​សីដក់​បុរស​៣​ទល់នឹង​៣​ដែល​កម្ពុជា​ទើប​ដណ្ដើមបាន​មេដាយមាស​នេះ មាន​១៤​ប្រទេស​ចូលរួម ដែល​ត្រូវ​បែងចែក​ជា​៤​ពូ​ល ខណៈដែល​កម្ពុជា​ប្រកួត​សន្សំ​ពិន្ទុ​នៅ​ពូ​ល​A ជាមួយ​បារាំង​និង​បង់​ក្លា​ដែស ហើយ​បញ្ចប់​នៅ​លេខ​១​ក្នុង​ពូ​ល​។ កម្ពុជា​បាន​បន្ដ​ឡើងមក​ទម្លាក់​អាល្លឺម៉ង់​វគ្គ​៨​ក្រុម មុនពេល​ទម្លាក់​ជើង​ខ្លាំង​អូ​ម៉ង់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ចុងក្រោយ​ក៏​ឡើងមក​ប៉ះ​ក្រុម​ខ្លាំង​អូស្ដ្រាលី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​កម្ពុជា​បាន​យកឈ្នះ​អូស្ដ្រាលី​២​សិត​ទល់នឹង​០ ពិន្ទុ​២១​ទល់​១៨​និង​២៥​ទល់​២៤៕​

ព័ត៌មានផ្សេងទៀត