លោក Honda ប្តេជ្ញាជួយកីឡាករកម្ពុជាបន្តទៀត ទោះបីចាញ់ម៉ាឡេស៊ីល្ងាចម៉ិញក៏ដោយ

ដោយ៖ គង់ ឧត្តម 11-09-2018 11:00 am 566
(ឆ្វេងទីមួយ) លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ។

បន្ទាប់ពីចាញ់ការប្រកួត ៣-១ រវាងក្រុមជម្រើសជាតិម៉ាឡេស៊ី និងក្រុមគោព្រៃកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លើកឡើងថា លោកបានប្តេជ្ញាចិត្តហើយ ក្នុងការជួយកីឡាករកម្ពុជាឱ្យកាន់តែខ្លាំង ដើម្បីឈានទៅសម្រេចគោលដៅក្នុងអាជីព និងរួមចំណែកអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើន ។

លោកលើកឡើងថា « ទោះបីជាយើងចាញ់ តែក្រុមកីឡាករទាំងអស់គ្នា មើលទៅ៣០នាទីដំបូង ពិតជាអស្ចារ្យ សម្រាប់ការលេងរបស់ពួកគេ ហើយកីឡាករម្នាក់ៗ បានព្យាយាមបង្ហាញទៅតាមអ្វីដែលលោកបានបង្ហាត់១សប្តាហ៍កន្លងទៅ យ៉ាងពិតប្រាកដ ។ » យ៉ាងណាក៏ដោយ លោកបន្តថា អ្វីដែលយើងចង់លេង ប្រាកដណាស់៣០នាទីដំបូង គឺយើងធ្វើបានល្អមែនទែន ប៉ុន្តែ យើងត្រូវកែតម្រូវឱ្យច្រើនជាងនេះ ព្រោះបាល់ទាត់ គឺលេង៩០នាទី មិនមែនលេង៣០នាទីនោះទេ ។

គូសបញ្ជាក់ថា ក្រុមជម្រើសជាតិម៉ាឡេស៊ី និងក្រុមគោព្រៃកម្ពុជា នឹងជួបគ្នាម្តងទៀត នៅក្នុងជំនួបផ្លូវការ ពានរង្វាន់ AFF Suzuki Cup 2018 នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខ ។ ក្រុមជម្រើសជាតិកម្ពុជា នឹងបន្តជួបទីម័រខាងកើត នៅថ្ងៃទី១២ ខែតុលា និងជួបសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខ ៕

ព័ត៌មានផ្សេងទៀត