Barcelona​​ចុះហត្ថលេខា​​ទិញយក​​កីឡាករ​​វ័យក្មេង​​ម្នាក់​​ពី​Bordeaux

ដោយ៖ ពេញ ផេង 25-07-2018 1:36 pm 749
រូបភាព​កីឡាករ​Malcom

​ក្លឹប​អ្នក​មានបុណ្យ​Barcelona​របស់អេ​ស្ប៉ាញ បាន​ចុះហត្ថលេខា​ទិញយក​កីឡាករ​Malcom ពី​ក្លឹប Girondins Bordeaux​របស់​បារាំង ក្នុងតម្លៃ​ខ្លួន​៤១​លាន​អឺរ៉ូ​(៤៧,៨៩​លាន​ដុល្លារ​អាមេរិក​)​។ កិច្ចព្រមព្រៀង​នេះ​មាន​រយៈពេល​៥​ឆ្នាំ ដែល​Malcom​ត្រូវ​លេងឲ្យ​Barcelona ហើយ​ក៏បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ស្របពេល​ក្លឹប​AS Roma​របស់​អ៊ីតាលី​ក៏​ចង់បាន​រូបគេ​ទៅលេង​ដូចគ្នា​។​

​តាមពិតទៅ​កីឡាករ​រូបនេះ គ្រោង​នឹង​ទៅ​អ៊ីតាលី​នៅ​សប្ដាហ៍​នេះហើយ បន្ទាប់ពី​ក្លឹប​Roma​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​Bordeaux​។ ប៉ុន្ដែ​១១​ម៉ោង​ក្រោយមក​ក៏មាន​ព័ត៌មាន​ចុះផ្សាយ​ថា ក្លឹប​អ្នក​មានបុណ្យ​អេ​ស្ប៉ា​ញ​Barcelona បានធ្វើឲ្យ​Malcom​ប្ដូរ​ចិត្ដ​ទៅចូល​រួមជាមួយ​ពួក​គេ​វិញ​។ ដូច្នេះ​Malcom​មិនបាន​ហោះ​ទៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​ដើម្បី​ពិនិត្យ​សុខភាព តាម​ការគ្រោងទុក​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ឡើយ​។​

​សូមបញ្ជាក់ថា កីឡាករ​Malcom​មាន​អាយុ​២១​ឆ្នាំ ជនជាតិ​ប្រេ​ស៊ីល​។ រូបគេ​អាច​លេង​ជា​ខ្សែបម្រើ​ស្លាប​ក៏បាន និង​លេង​ជា​បម្រើ​ប្រយុទ្ធ​កណ្ដាល​ក៏បាន​។ ពី​ឆ្នាំ​២០១៤-២០១៥ Malcom​លេងឲ្យ​ក្លឹប​Corinthians​ប្រទេសប្រេ​ស៊ីល ឆ្នាំ​២០១៦-២០១៨​លេងឲ្យ​ក្លឹប​Bordeaux​របស់​បារាំង​៕

ព័ត៌មានផ្សេងទៀត