បារាំង​​ត្រូវ​ប៉ះ​​បែលហ្ស៊ិក​​ក្នុង​វគ្គ​​ពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ ​World Cup ២០១៨

ដោយ៖ ពេញ ផេង 07-07-2018 8:01 am 946
រូបភាព​តំណាងក្រុម​ទាំងពីរ​​ដែលនឹងត្រូវ​ប៉ះគ្នា​​ក្នុងវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

​បន្ទាប់ពី​ការប្រកួត​កាលពី​យប់មិញ​បានបញ្ចប់ គឺ​ការ​ប៉ះគ្នា​រវាង​បារាំង​ជាមួយ​អ៊ុយ​រ៉ា​ហ្គាយ នៅ​ម៉ោង​៩​យប់​ថ្ងៃទី​០៦​កក្កដា ទីបំផុត​បារាំង​ធ្វើបាន​យ៉ាង​ល្អ ដោយ​យកឈ្នះ​អ៊ុយ​រ៉ា​ហ្គាយ​២​ទល់នឹង​០​។ បារាំង​បានបង្ហាញ​ទម្រង់​លេខ​យ៉ាង​ល្អ​បំផុត មិនឲ្យ​អ៊ុយរ៉ា​ហ្គារក​គ្រាប់បា​ល់​បានឡើយ​។ ចប់​ការប្រកួត​បារាំង​ត្រូវ​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​អ៊ុយ​រ៉ា​ហ្គាយ​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​។​

​ចំពោះ​ការប្រកួត​មួយគូ​ទៀត នៅ​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៧​កក្កដា ប្រេ​ស៊ីល​ត្រូវ​ប៉ះ​ជាមួយ​បែលហ្ស៊ិក​។ ក្រុម​ទាំងពីរ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដូចគ្នា ប៉ុន្ដែ​ទីបំផុត​បែ​ល​ហ្សិក​បាន​យកឈ្នះ​ប្រេ​ស៊ីលក្នុង​លទ្ធផល​២​ទល់នឹង​១​។ ចប់​ការប្រកួត​បែលហ្ស៊ិក​អាច​ឡើងទៅ​វគ្គ​បន្ដ ខណៈ​ប្រេ​ស៊ីល​ត្រូវ​វិល​ទៅផ្ទះ​វិញ​ដូច​អ៊ុយ​រ៉ា​ហ្គាយ​ដែរ​។​

​ដូច្នេះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បារាំង​ត្រូវ​ប៉ះ​បែលហ្ស៊ិក ដើម្បី​រក​អ្នកឈ្នះ​ឆ្ពោះទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្ដើម​ជើងឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​។​

​សម្រាប់​ការប្រកួត​នៅ​យប់​នេះ​វិញ គឺ​នៅ​ម៉ោង​៩​យប់​ថ្ងៃទី​០៧​កក្កដា​នេះ ជាការ​ប៉ះគ្នា​រវាង​ស៊ុយ​អ៊ែត​ជាមួយ​អង់គ្លេស និង​ម្ចាស់ផ្ទះ​រុស្ស៊ី​ជាមួយ​ក្រូ​អាត នៅ​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៨​កក្កដា​។ ក្រុម​ដែល​ឈ្នះ​ពីរ​ក្រុម​នឹង​ឡើងទៅ​ប៉ះគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដើម្បី​ស្វែងរក​អ្នកឈ្នះ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៕

ព័ត៌មានផ្សេងទៀត