ប្រធាន​FIFA​​​​អញ្ជើញ​ក្មេងៗ​​ជាប់​ក្នុង​រូងភ្នំ​​នៅ​ថៃ​​​ទៅ​​មើល​​ការប្រកួត​​ផ្ដាច់ព្រ័ត្រ​​World Cup​​​​បើទាន់ពេល

ដោយ៖ ពេញ ផេង 06-07-2018 4:56 pm 2020
រូបតូច ប្រធានFIFA រូបធំ ក្មេងៗជាប់​ក្នុងរូងភ្នំ

​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​(FIFA) លោក​Gianni Infantino បាន​សរសេរ​សារ​ជូនពរ និង​លើក​ទឹកចិត្ដ​ក្មេងៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់ ដែល​កំពុង​ជាប់​ក្នុង​រូងភ្នំ​នៅ​ប្រទេស​ថៃ ត្រូវ​រឹងមាំ​រហូតដល់​ថ្ងៃ​ដែល​ក្រុម​ជួយសង្គ្រោះ អាច​យក​ពួកគេ​ចេញមកក្រៅ​បាន​។ នៅក្នុង​លិខិតផ្លូវការ​មួយ  លោក​Infantino​និយាយថា “​ក្នុងនាម​ជា​សហគមន៍​បាល់ទាត់​អន្ដរជាតិ ខ្ញុំ​សូម​ចូលរួម​សម្ដែង​ការអាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​គាំទ្រ​ដល់​ក្រុមគ្រួសារ​កីឡាករ​និង​គ្រូបង្វឹក​។ អារម្មណ៍​និង​ការ​អធិដ្ឋាន​របស់​យើង ស្ថិតនៅ​ជាមួយ​គ្រួសារ គ្រូបង្វឹក រួមទាំង​ក្មេងៗ​ជា​កីឡាករ​ទាំងអស់ ដែល​ជាប់​ក្នុង​រូង​ភ្នំ​”​។​

​លោក​Infantino​បាន​បញ្ជាក់ដែរថា លោក​ចង់​អញ្ជើញ​ក្រុមបាល់ទាត់​នោះ ធ្វើជា​ភ្ញៀវ​កិត្ដិយស​ចូលរួមទ​ស្សនាការ​ប្រ​កួតវ​គ្គ​ផ្ដាច់ព្រ័ត្រ World Cup នៅក្នុង​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី​ផងដែរ​។ “​យើង​សង្ឃឹមថា ពួកគេ​នឹង​អាច​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ហើយ​បើ​សុខភាព​របស់​ពួកគេ អាច​ល្អប្រសើរ​សម្រាប់​ការធ្វើដំណើរ FIFA​រីករាយ​នឹង​អញ្ជើញ​ពួកគេ​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ពួកគេ​នឹង​អាច​ចូល​រួមជាមួយ​យើង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នឹង​ក្លាយជា​ពេលវេលា​ដ៏​អស្ចារ្យ​នៃ​ការ​ប្រារព្ធ​ពិធី​រួមគ្នា​” នេះ​ជា​ការលើកឡើង​របស់​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក លោក​Gianni Infantino៕

ព័ត៌មានផ្សេងទៀត