ពិន័យកីឡាករបាល់ទាត់និងមន្រ្តី១៣រូបក្រោយវ៉ៃតប់គ្នាក្នុងការប្រកួត

ដោយ៖ គង់ ឧត្តម 07-06-2018 11:57 am 1013
សកម្មភាពដេញវាយតប់គ្នា ក្នុងការប្រកួតកីឡាបាល់ទាត់ រវាង់ក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបបាល់ទាត់ក្រសួងការពារជាតិ កាលពីសប្តាហ៍មុន ។ រូបថតពី វីដេអូប្រកួតពី BTV ។

កីឡាករបាល់ទាត់ និងមន្រ្តី សរុបទាំងអស់ចំនួន១៣រូប មកពីក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្រុមបាល់ទាត់ក្រសួងការពារជាតិ ត្រូវបានទទួលពិន័យ ក្រោយដេញវាយតប់គ្នា ក្នុងការប្រកួតមិត្តហ្វូនលីគ២០១៨ កាលពីថ្ងៃទី៣ មិថុនា កន្លងទៅ ។ នេះបើតាមសេចក្តីសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី០៧ មិថុនា ។

ក្នុងនោះ ៩រូបមកពីក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង រួមមាន កីឡាករ នុប តុលា បានសាងកំហុសវាយគូប្រកួត ត្រូវបានព្យួរ២ប្រកួត និងផាកពិន័យ៥០ម៉ឺនរៀល, កីឡាករ សឿយ វិសាល បានសាងកំហុសវាយគូប្រកួត ត្រូវបានព្យូរ៤ប្រកួត និងផាកពិន័យ៥០ម៉ឺនរៀល ។ កីឡាករ ហ៊ុយ ផល្លីន, កីឡាករ អោម ឧត្តម, កីឡាករ សុក សំណាង, កីឡាករ អាំ សុវណ្ណារ៉ាត់, កីឡាករ សារ៉េត គ្រីយ៉ា, និងលោក សួន ធួន ជាមន្រ្តី បានសាងកំហុសចូលរួមវាយតប់ ត្រូវបានព្យួរចំនួន៣ខែ ពិន័យ៥០ម៉ឺនរៀល ។ ចំណែកឯម្ចាស់ផ្ទះរៀបចំការប្រកួត បានសាងកំហុស ការធ្វេសប្រហែសធ្ងន់ធ្ងរ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការពារ ត្រូវបានទទួលទណ្ឌកម្មដោយ ប្រកួតមិនមានអ្នកមើលចំនួន១ប្រកួត និងពិន័យ២លានរៀល ។

យ៉ាងណាម៉ិញ ៤រូបផ្សេងទៀតដែលទទួលពិន័យមកពីក្រុមបាល់ទាត់ក្រសួងការពារជាតិ រួមមាន កីឡាករ Yudai Ogawa បានសាងកំហុសវាយគូប្រកួត ត្រូវបានព្យួរ១ប្រកួត, កីឡាករ Song Chihoon បានសាងកំហុសវាយគូប្រកួត ត្រូវបានព្យួរ២ប្រកួត, លោក ឡេង ណារិន ជាមន្រ្តី បានសាងកំហុសចូលរួមវាយតប់ ត្រូវបានព្យួរ៣ខែ ពិន័យ៥០ម៉ឺនរៀល និងលោក ភា សុភក្រ្តា ជាមន្រ្តី បានបំពានសេចក្តីសម្រេចរបស់គណៈកម្មការវិន័យ ស.ប.ក ត្រូវបានលិខិតព្រមានលើកចុងក្រោយ ។

គូសបញ្ជាក់ថា ហេតុការណ៍វាយតប់គ្នាក្នុងទីលានបាល់ទាត់ខេត្តស្វាយរៀងនេះ បានកើតឡើង ក្នុងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ ផ្តើមចេញពីការប៉ះទង្គិចរវាងកីឡាករ ណុប តុលា និង Song Chihoon នៅចុងម៉ោង ដោយបានធ្វើឱ្យកីឡាករ៥នាក់ត្រូវបានពិន័យកាតក្រហម ។ កីឡាករដែលទទួលបានកាតក្រហមទាំង៥នោះ រួមមាន សឿយ វិសាល, ណុប តុលា និងសុក សំណាង មកពីក្លិបព្រះខ័នរាជ ស្វាយរៀង ខណៈកីឡាករ២នាក់ទៀត របស់ក្លិបក្រសួងការពារជាតិ គឺ Song Chihoon និង Yudai Ogawa ៕ (ដោយ៖ គង់ ឧត្តម) 

ព័ត៌មានផ្សេងទៀត