បញ្ឈប់កីឡាករបាល់ទាត់ម្នាក់ក្រោយវ៉ៃតប់គ្នាក្នុងព្រឹត្តិការណ៍កីឡាជាតិ

ដោយ៖ គង់ ឧត្តម 06-06-2018 4:51 pm 1002
សកម្មភាពដេញវាយតប់គ្នា ក្នុងការប្រកួតកីឡាបាល់ទាត់ រវាង់ក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបបាល់ទាត់ក្រសួងការពារជាតិ កាលពីសប្តាហ៍មុន ។ រូបថតពី វីដេអូប្រកួតពី BTV ។

កីឡាករកូរ៉េ Song Chihoon ត្រូវបានសម្រេចបញ្ចប់កិច្ចសន្យា និងសម្រេចកាត់ប្រាក់ខែចំនួន២ខែ ចំពោះកីឡាករជប៉ុន Yudai Ogawa ដែលបានបង្កឱ្យមានការវាយតប់គ្នា នៅក្នុងការប្រកួតជាមួយក្រុមព្រះខ័នរាជ ស្វាយរៀង កាលពីថ្ងៃទី០៣ មិថុនា ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ ។ នេះបើតាមលោក ខូវ ឆាយ អគ្គលេខាធិការក្លិបបាល់ទាត់ក្រសួងការពារជាតិ បញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្នុងសន្និសីទសារព័ត៌មានរបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិ កាលពីល្ងាចថ្ងៃទី០៥ មិថុនា ។

លោក ខូវ ឆាយ បានសម្តែងការសោកស្តាយចំពោះហេតុការណ៍វាយតប់គ្នានេះ ដោយលោកបានចាត់ទុកសកម្មភាពនេះ ថាបានជះឥទ្ធិពលអាក្រក់ដល់វិស័យកីឡា និងជាគំរូមិនល្អសម្រាប់កីឡាករដទៃទៀត ។ 

គូសបញ្ជាក់ថា ហេតុការណ៍វាយតប់គ្នាក្នុងទីលានបាល់ទាត់នេះ បានកើតឡើង ក្នុងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ ផ្តើមចេញពីការប៉ះទង្គិចរវាងកីឡាករ ណុប តុលា និង Song Chihoon នៅចុងម៉ោង ដោយបានធ្វើឱ្យកីឡាករ៥នាក់ត្រូវបានពិន័យកាតក្រហម ។ កីឡាករដែលទទួលបានកាតក្រហមទាំង៥នោះ រួមមាន សឿយ វិសាល, ណុប តុលា និងសុក សំណាង មកពីក្លិបព្រះខ័នរាជ ស្វាយរៀង ខណៈកីឡាករ២នាក់ទៀត របស់ក្លិបក្រសួងការពារជាតិ គឺ Song Chihoon និង Yudai Ogawa ៕ (ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត