កីឡាជាតិលើកទី២បិទបញ្ចប់ដោយអធិកអធមតែបន្សល់ខេត្តអភ័ព្វមួយ

ដោយ៖ គង់ ឧត្តម 05-06-2018 10:06 am 536

ព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា នាពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។ ក្នុងការប្រកួតរយៈពេល១១ថ្ងៃ ខេត្តប៉ៃលិនជាខេត្តដែលអភ័ព្វជាងគេ ដោយពុំទទួលបានមេដាយណាមួយសោះ ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថ្លែងដោយសង្ឃឹមថា ខេត្តមួយនេះនឹងអាចបង្កើតឡើងនូវស្នាដៃដណ្តើមបានមេដាយណាមួយក្នុងឆ្នាំក្រោយ...

ក្នុងឱកាសបិទបញ្ចប់កាលពីល្ងាចថ្ងៃទី០៤ មិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជំរុញឱ្យសាលារៀន ឬស្ថាប័ននានាទាំងអស់ ត្រូវបង្កើតនិងបង្កើនកន្លែងលេងកីឡាឱ្យបានច្រើន ដើម្បីឱ្យកាយសម្បទា និងសុខភាពពលរដ្ឋកាន់តែរឹងមាំ ជាមួយគ្នានេះ ទីសាធារណៈផ្សេងៗ ក៏តម្រូវឱ្យមានកន្លែងហាត់ប្រាណដែរ ។

លោកនាយករដ្ឋមន្រ្តី ក៏បានក្រើនរំឭកដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ពិសេសក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបង្កើនការគិតគូរ ការអភិវឌ្ឍវិស័យកីឡាជាតិបន្ថែមទៀត ដើម្បីធានាក្នុងការដណ្តើមមេដាយឱ្យបានច្រើន ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។

យ៉ាងណាក៏ដោយ ក្នុងរយៈពេល១១ថ្ងៃនៃការចាប់ផ្តើមប្រកួត រហូតដល់ថ្ងៃបិទបញ្ចប់ ខេត្តប៉ៃលិន នៅតែមិនអាចតស៊ូដណ្តើមបានមេដាយណាមួយឡើយ ។ លោក ហ៊ុន សែន ថ្លែងថា លោកសង្ឃឹមថា ខេត្តនេះ នឹងអាចបង្កើតឡើងនូវស្នាដៃ ដើម្បីទទួលយកនូវមេដាយណាមួយ ទោះបីជាមេដាយមាស ប្រាក់ ឬសំរឹទ្ធក៏ដោយ នៅឆ្នាំ២០២០ ។ លោករំពឹងថា ថ្នាក់ដឹកនាំខេត្តនឹងយកចិត្តទុកដាក់ ព្យាយាមបង្កើតនូវស្នាដៃបានល្អសម្រាប់ការប្រកួតលើកក្រោយ ។

គូសបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ» មានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៥ ឧសភា រហូតដល់ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៨ ។ ការប្រកួតលើកនេះ មានអត្តពលិក និងប្រតិភូជាង ៤.០០០នាក់ មកពី២៥រាជធានី-ខេត្ត និង៣ក្រសួងចូលរួមប្រកួតលើ២៧ប្រភេទកីឡា ។

យោងតាមតារាងលទ្ធផលមេដាយផ្លូវការនៃការប្រកួតកីឡាជាតិ លើកទី២ បង្ហាញថា ក្រសួងមហាផ្ទៃបានដណ្តើមបានមេដាយច្រើនជាងគេ សរុបចំនួន១៤៩គ្រឿង ក្នុងនោះ មេដាយមាស៨៣, ប្រាក់៤៣ និងសំរឹទ្ធ២៣ ។ ចំណែកឯរាជធានីភ្នំពេញឈរលើចំណាត់ថ្នាក់លេខ២ ដោយទទួលបានសរុបចំនួន១២៤គ្រឿង ក្នុងនោះ មេដាយមាស៤២, ប្រាក់៣៦ និងសំរឹទ្ធ៤៦ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើក្រសួងការពារជាតិ ដោយទទួលបានមេដាយសរុបចំនួន៦៧គ្រឿង ក្នុងនោះមាស៣៣, ប្រាក់១៨ និងសំរឹទ្ធ១៦គ្រឿង ៕ (ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត