ក្លឹបបាល់ទាត់បារាំងParis St-Germain និងក្លឹបបាល់ទាត់របស់ស្វីស Basel ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប(UEFA)ចោទប្រកាន់ ជុំវិញសកម្មភាពមិនសមរម្យរបស់អ្នកគាំទ្រ ក្នុងអំឡុងពេលប្រកួត Champions Leagueវគ្គ១៦ក្រុមចុងក្រោយក្នុងសប្ដាហ៍នេះ។
ក្លឹបPSGរបស់បារាំងរងការចោទប្រកាន់ចំនួន៤ករណី ក្នុងនោះបូករួមទាំងការដុតកាំជ្រួចនិងភ្លើងធ្វើឡើងដោយអ្នកគាំទ្រ ក្នុងអំឡុងពេលប្រកួតជើងទីពីរជាមួយ Real Madrid។ ការប្រកួតកាលពីថ្ងៃអង្គារ ត្រូវបានផ្អាកមួយរយៈពេលខ្លីក្នុងតង់ទីពីរ នៅពេលអ្នកគាំទ្របានធ្វើឲ្យមានបញ្ហា ដោយដុតកាំជ្រួចបណ្ដាលឲ្យផ្សែងហុយគ្របដណ្ដប់លើទីលានប្រកួត។ លទ្ធផលPSGបានចាញ់ Real១-២។
ចំណែកឯក្លឹប Basel ក៏ត្រូវរងការចោទប្រកាន់ដែរ ដោយសារតែអ្នកគាំទ្រដុតកាំជ្រួចក្នុងពេលប្រកួតនឹងក្លឹប Manchester City។ Baselយកឈ្នះម្ចាស់ផ្ទះManchester City ២-១ នៅកីឡាដ្ឋាន Etihad Stadiumកាលពីថ្ងៃពុធ ប៉ុន្ដែចាញ់គ្រាប់បាល់សរុប៥-២។
គណៈកម្មាធិការផ្នែកវិន័យនិងក្រមសីលធម៌របស់UEFA នឹងដោះស្រាយករណីរបស់ក្លឹបទាំងពីរនៅថ្ងៃទី២២ខែមីនា៕