ក្រុម​បាល់បោះ​​អាយុ​​ក្រោម​១៨​ឆ្នាំ​​កម្ពុជា​​ទាំងពីរ​ក្រុម​​យកឈ្នះ​​ម្ចាស់​ផ្ទះ​​ឡាវ​

ដោយ៖ ពេញ ផេង 23-02-2018 2:03 pm 1362
រូបភាពក្រុមបាល់បោះអាយុក្រោម១៨ឆ្នាំកម្ពុជា

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា ក្រុម​បាល់បោះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​កម្ពុជា បាន​យកឈ្នះ​ក្រុម​បាល់បោះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ប្រទេស​ឡាវ​ទាំង​២​ក្រុម នៃ​ការប្រកួត​កីឡាបាល់បោះ​មិត្ត ភាព​អន្តរជាតិ នៃ​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ នៅ​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​លោក​កៅ កាន់​ណា​លី​គ្រូបង្វឹក​ជម្រើសជាតិ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងពី​ប្រទេស​ឡាវ​ថា សម្រាប់​ការប្រកួត​កីឡា​បាល់ បោះ​មិត្តភាព​អន្តរជាតិ នៅ​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ក្រុមកីឡា​បាល់ បោះ​នារី​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ យកឈ្នះ​ក្រុម​កីឡាបាល់បោះ​នារី​ឡាវ អាយុ​ក្រោម​១៨​ឆ្នាំ ក្នុង​លទ្ធផល​៤៤​ទល់​៣៤ ខណៈ​ក្រុមកីឡា​បាល់ បោះ​យុវជន​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ យកឈ្នះ​ក្រុម​កីឡាបាល់បោះ​បុរស​ឡាវ អាយុ​ក្រោម​១៨​ឆ្នាំ​ក្នុង​លទ្ធផល​៧៩​ទល់ ៥៥​។​

​ការប្រកួត​កីឡាបាល់បោះ​មិត្តភាព​អន្តរជាតិ​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំនេះ មាន​៤​ប្រទេស​ចូលរួម គឺ​ប្រទេស​កម្ពុជា ថៃ វៀតណាម និង​ម្ចាស់ផ្ទះ​ឡាវ ហើយ​បាល់ បោះ​កម្ពុជា បាន​បញ្ជូន​ក្រុម​អត្ត​ព​លិក ២​ក្រុម មាន​ក្រុម​បាល់បោះ​យុវជន ក្រោម​អាយុ​១៨​ឆ្នាំ បុរស​-​នារី ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​លោក​កៅ កាន់​ណា​លី​បានបញ្ជាក់​បន្ថែមថា ការចូល​ប្រកួត​មិត្តភាព​នេះ គឺ​ដើម្បី​បង្កើន​បច្ចេកទេស និង​ត្រៀមខ្លួន​ឱ្យ​កាន់តែ​ល្អប្រសើរ សម្រាប់​ការប្រកួត​ជា​ផ្លូវការ​នៃ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល FIBA ទ្វីប​អាស៊ី នៅ​ប្រទេស​ថៃ នៅ​ខែសីហា ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត