ទូត​ខ្មែរ​នៅ​កូរ៉េ​​គាំទ្រ​​នារី​ខ្មែរ​​ម្នាក់​​ដែល​​ចង់​ឲ្យ​​បង្កើត​​សហព័ន្ធ​​កីឡា​​ស្នូកឃ័រ​​ជាតិ​​

ដោយ៖ អឿន ភារ៉ា 05-01-2018 12:35 pm 1343

​នារី​ខ្មែរ​ម្នាក់​ដែលជា​ជើងឯក​ស្នូកឃ័រ​ឆ្នើម​ប្រចាំ​ប្រទេស​កូរ៉េ បានបង្ហាញ​ពី​បំណង​ដ៏​ធំ​មួយ​របស់ខ្លួន គឺ​ចង់ឲ្យ​កម្ពុជា​បង្កើត​សហព័ន្ធ​កីឡាក​រ​ស្នូកឃ័រ​ជាតិ​។

​ក្នុងជំនួប​សំណេះសំណាល​ជាមួយ​លោក​ឡុង ឌី​ម៉ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​០៤​មករា កីឡាការិនី​ខ្មែរ​ដ៏​ល្បីល្បាញ​ផ្នែក​កីឡា​ស្នូកឃ័​រ ស្រួង ភាវី បានលើកឡើង​ពី​ផល​លំបាក​ថា ទោះបីជា​ខ្លួន​មាន​សមត្ថភាព​ឈ្នះ​ជ័យលាភី​ច្រើន​ក្នុង​ការប្រកួត​នៅ​កូរ៉េ​ក៏ពិតមែន ប៉ុន្តែ នៅតែ​មិនទាន់មាន​សិទ្ធិ​ពេញ​លេង​តំណាងឲ្យ​កម្ពុជា ក្នុង​ការប្រកួត​លើ​ឆាក​អន្ដរជាតិ​នោះទេ​។ ពីព្រោះ​កម្ពុជា​មិនទាន់មាន​សហព័ន្ធ​កីឡា​ស្នូកឃ័​រ​។

ភាវី​បន្តថា ខ្លួន​ធ្លាប់មាន​ការរារែក​ចិត្ត​ក្នុងការ​ចូលសញ្ជាតិ​កូរ៉េ ដើម្បី​បាន​ឱកាស​ទៅ​ប្រកួត​ថ្នាក់​ពិភពលោក ប៉ុន្តែ ដោយសារ​ចង់​នាំ​កិត្យានុភាព​ជាតិ​ឲ្យ​កម្ពុជា និង​តំណាង​កម្ពុជា​ក្នុង​ការប្រកួត​លើ​ឆាក​អន្ដរជាតិ​ផ្សេងៗ ស្ត្រី​ខ្មែរ​រូបនេះ មិន​ដាច់ចិត្ត​ចូល​ជា​សញ្ជាតិ​កូរ៉េ​ឡើយ​។ ហើយ​តែងតែ​ទទូច​ស្នើសុំ​ចង់​លេងតំណាងឲ្យ​ជាតិ​ដោយ​ពេញលេញ​។​

​លោក​ឡុង ឌី​ម៉ង់ បង្ហាញ​ការគាំទ្រ និង​ជំរុញ​លើកទឹកចិត្ត​បន្ថែមទៀត​ដល់​កីឡា​រិនី​រូបនេះ​។ ឯកអគ្គរាជទូត​ប្រចាំ​នៅ​កូរ៉េ ក៏បាន​សន្យា​នឹងសិក្សា​ពី​នីតិវិធី និង​ស្នើសុំ​ជំនួយ​ពី​ក្រសួងការបរទេស​កម្ពុ​ជា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ក្នុង​ការបង្កើតឲ្យមាន​សហ​ព័ន្ធ​កីឡា​ស្នូកឃ័រ​ជាតិ​។ លោក​ឌី​ម៉ង់ បញ្ជាក់ថា នឹង​ធ្វើយ៉ាងណា​បញ្ចូល​ឈ្មោះ​កីឡា​ការិនី សួង ភាវី ជា​ជម្រើសជាតិ​កម្ពុជា​លើ​ផ្នែក​កីឡា​ស្នូកឃ័រ ដើម្បី​ផ្ដល់ឱកាស​មាន​សិទ្ធ​ពេញ​លេង​តំណាងឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

លោក​បាន​ថ្លែងថា​៖ «​យើង​នឹង​ទំនាក់ទំនង​តាម​នីតិវិធី​របស់​យើង ទៅសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ស្នើសុំ​ទៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ហើយ​គាត់​នឹង​ប្រាប់​យើង​ពី​នីតិវិធី ដើម្បី​យើង​អាច​រៀបចំ​សហព័ន្ធ​កីឡា​របស់​យើង​បាន​»​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន​កីឡា​ស្នូកឃ័​រ មាន​សកម្មភាព​លេង​ខ្លះៗ នៅតាម​បណ្តា​ខេត្ត ឬ​ជា​ការប្រកួត​តែ​ក្នុង​ក្លិប​នៅ​រាជធានី​ភ្នំពេញ​ជា​លក្ខណៈ​ឯកជន​ប៉ុណ្ណោះ ដោយសារ​គ្មាន​សមាគម ឬ​សហព័ន្ធ​ជាតិ​នៅឡើយ​។ តែ​យ៉ាងណា ស្ត្រី​ខ្មែរ​ឆ្នើម​ដំបូង​លើ​វិស័យ​កីឡា​ដ៏​កម្រ​នេះ សង្ឃឹមថា កម្ពុជា​នឹងមាន​សហព័ន្ធ​កីឡា​ស្នូកឃ័រ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា ស្រួង ភាវី  អាយុ​២៤​ឆ្នាំ មាន​ដើមកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​រៀបការ​នឹង​ស្វាមី​ជនជាតិ​កូរ៉េ​កាលពី​ឆ្នាំ​២០១០ ហើយ​បាន​ទៅ​រស់នៅ​លើ​ទឹកដី​មួយ​នេះ និង​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​កីឡាការិនី​ស្នូកឃ័រ​អាជីព​កម្រិត​ពិភពលោក ចាប់តាំងពី​រៀន​លេង​កីឡា​មួយ​នេះ​តាមរយៈ​ស្វាមី​។ ភាវី​បានក្លាយជា​កំពូលនារី​កីឡា​ស្នូឃ័រ​ប្រចាំ​ប្រទេស​កូរ៉េ​គ្មាន​គូ​ប្រៀប បន្ទាប់ពី​បាន​ជ័យលាភី​ជើងឯក​ជាប់​គ្នាៗ​។​

​ក្នុង​ព្រឹត្តិការណ៍​ល្បីៗ​នៅលើ​ពិភពលោក នាង​បានឈ្នះ​មេដាយ​ជានិច្ច ដោយមាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ជាច្រើន​នៅ​ប្រទេស​កូរ៉េ​។ ក្នុងនោះ បានទទួល​ពានរង្វាន់​ចំនួន ៣៣​ពា​ន ទទួល​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​១ ចំនួន​១០​ដង និង​លេខ​២ ចំនួន​១០​ដង​។ នៅ​ដើមឆ្នាំ​២០១៨​នេះ ភាវី និង​ស្វាមី គ្រោង​បង្កើត​ក្លិប​កីឡា​ស្នូក​ឃ័រនៅ​កម្ពុជា​ផងដែរ​៕

ព័ត៌មានផ្សេងទៀត