Pacquiao​ ថា​ចង់​សាក​ជាមួយ ​McGregor, ​ចុះ​​កីឡាករ​មុខ​​ឌឺ​ហ្នឹង​​ហ៊ាន​​ឬ​​អត់​​?​

ដោយ៖ Vayofm Teams 27-11-2017 5:51 pm 2701

Manny Pacquiao បានបង្ហាញ​ការ​ភ្ញាក់​ផ្អើលមួយ​ដោយ​ថា ចង់​សាកល្បង​ថ្វីដៃ​ជាមួយ​កីឡាករ​មុខ​ឌឺ Conor McGregor​។ បុរស​វ័យ ៣៨​ឆ្នាំ​រូបនេះ បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Instagram របស់ខ្លួន កាលពីពេល​ថ្មីៗ​នេះ ដែល​បង្ហាញថា អាចជា​ការប្រកួត​រវាង​កីឡាករ​ទាំងពីរ នៅ​ឆ្នាំក្រោយ​។​

តែ​យ៉ាងណា McGregor មិនទាន់បាន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​នៅឡើយ​ទេ​។

​មែនទែនទៅ ការបង្ហាញ​ពី​បំណង​របស់ Pacquiao ចង់​ប៉ះ​ជាមួយនឹង​ក្រុម McGregor លើ​សង្វៀន បន្ទាប់ពី​គាត់​អាច​រកលុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចេញពី​ការប្រកួត​របស់គាត់​ជាមួយ Floyd Mayweather កាលពី​ខែសីហា​។ គេ​មើលឃើញថា ប្រសិនបើ​ការប្រកួត​នេះ​កើតមានឡើង Pacquiao និង McGregor អាច​រកចំណូលបាន ១០០​លាន​ដុល្លារ​ក្នុង​ម្នាក់​។​

​ជា​ការកត់សម្គាល់ McGregor ជើងឯក​ឆ្នើម​នៃ​កម្មវិធី​ប្រដាល់​ទម្ងន់​ស្រាល UFC និង Pacquiao ម្ចាស់​ជើងឯក​ពិភពលោក ដែល​អ្នក​ទាំងពីរ​សុទ្ធតែ​ធ្លាប់​ចេញ​ក្រោម​ថ្វីដៃ​របស់ Floyd Mayweather Jr. ដូចគ្នា​។ ហើយ Pacquiao បាន​ប្រកួត​លើកចុងក្រោយ​ពី​ខែកក្កដា ដោយបាន​បាត់បង់​ខ្សែក្រវាត់​ខ្សែក្រវាត់ WBO របស់គាត់​ទៅឲ្យ​កីឡាករ​អូស្ត្រាលី Jeff Horn នៅក្នុង​ស្ថានភាព​ដ៏​ចម្រូងចម្រាស់​។​

​កីឡា​រករ​ទាំងពីរ​នេះ សុទ្ធតែ​ខាន​ឡើង​ប្រកួត​នៅលើ​សង្វៀន​អស់​ជាច្រើន​ខែ​មកហើយ​។ ហើយ​សម្រាប់​ការ​ផ្គូរ​ផ្គង​រវាង​អ្នក​ទាំងពីរ នៅ​មិនទាន់មាន​ប្រភព​ណា​ចេញមក​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត