លោក​សុខ​ទូច​៖ លោក​សម​រង្ស៊ី​នឹង​មិន​អាច​ចូល​ស្រុក​ដូច​ការលើកឡើង​ខ្លួន​ឡើយ​

16-05-2019 7:57 pm 6037

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា បាន​សរសេរ​វិភាគ​លើ​ហ្វេ​ស​ប៊ុកខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៦ ឧសភា ថា លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​វិល​ចូលមក​កម្ពុជា​វិញ​ទេ ដោយ​លោក​បាន​សំអាង​លើ​ហេតុផល​ចំនួន​៥ ។ 

​លោក​ថា ទី​១. លោក​សម រង្ស៊ី ធ្លាប់​បាន​សន្យាថា​នឹង​វិល​មក​កម្ពុជា​វិញ​ជាច្រើន​លើក​មក​ហើយ តែ​ធាតុពិត លោក​សម រង្ស៊ី បាន​ត្រឹម​សន្យា​ខ្យល់​ដើម្បី​ប្រជាភិថុត​មហាជន​ប៉ុណ្ណោះ ។ ទី​២. កាល​ពី​រចនាសម្ព័ន្ធ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅមាន លោក​សម រង្ស៊ី បាន​លាលែង ហើយ​ដេក​រង់ចាំ​មើល​សកម្មភាព​រាជរដ្ឋាភិបាល​កម្ពុជា ។​

​ទី​៣. ភរិយា​របស់​លោក សម រង្ស៊ី នឹង​មិន​ផ្តល់​ឱកាស​ឱ្យ​គាត់​បាន​វិល​មក​កម្ពុជា​ទេ ព្រោះ​អ្នកលេង​នយោបាយ​នៅ​ពី​ខាងក្រោយ​ឆាក គឺ​ប្រពន្ធ​របស់​គាត់ មិនមែន​លោក​សម រង្ស៊ី​ឡើយ ។ ទី​៤. លោក​សម រង្ស៊ី អាច​ធ្វើ​ព្យុះ​ភ្លៀង​បាន​ពេល​ខ្លួន​នៅ​ក្រៅ​ស្រុក តែ​ពេល​ចូល​ក្នុងស្រុក ខ្លួន​បាន​លើក​ជើងពាន​ជូន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​វិញ ដូចជា ករណី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​២/៣ មក​៥០+១, វិសោធនកម្ម​ច្បាប់​ក្រោយពេល​បោះឆ្នោត​, លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​សំឡេង​ឆ្នោត​គាំទ្រ​រហូតដល់​៨២,០៣% ។​

​ចំណុច​ទី​៥. លោក​ថា លោក​សម រង្ស៊ី គាត់​នឹង​មក​កម្ពុជា​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​មក​ចាប់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តើ​គាត់​ចាប់​ដោយ​របៀប​ណា​? ខណៈ​ពេល​នេះ លោក​សម រង្ស៊ី ជាប់​បណ្តឹង​ជាច្រើន​ករណី ដូច្នេះ រាជរដ្ឋាភិបាល មាន​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ និង​រក្សា​នូវ​សណ្តាប់ធ្នាប់​សង្គម ។​

​លោក សុខ ទូច បានបញ្ជាក់​ថា ការ​បំផុស​ចលនា​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នេះ វា​គ្រាន់តែ​ជា​សារ​មួយ​ប្រាប់​ទៅ​មហាជន​ថា លោក​សម រង្ស៊ី មិន​ដេកលក់​ទេ ហើយ​ខ្លួន​អាច​ធ្វើ​អាជីវកម្ម​ក្នុងការ​ប្រមូល​ថវិកា ពី​ការវិល​ចូល​ស្រុក​នេះ ។​

​លោក សម រង្ស៊ី ជារឿយៗ បាន​សរសេរ​បញ្ជាក់​អំ​ពី​គម្រោង​វិល​មក​កម្ពុជា​វិញ នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន ដោយ​បាន​ភ្ជាប់​សារ​ឱ្យ​ពលរដ្ឋ​ងើប ដណ្តើម​យក​កម្ពុជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ ។ ជាងនេះទៅទៀត កាលពី​ថ្ងៃ​ទី​១០ ឧសភា លោក​សម រង្ស៊ី បាន​ថ្លែង​តាមរយៈ​សរសេរថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ​ពី​ការវិល​ចូល​ស្រុក​របស់​លោក ។ 

​យ៉ាងណាមិញ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​, លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​លោក​មាស នី អ្នកវិភាគ​និង​តាមដាន​សង្គម បាន​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​វា​យោ កាលពី​ចុង​សប្តាហ៍​មុន ដោយ​បាន​អះអាង​ស្រដៀងៗ​គ្នា​ថា លោក សម រង្ស៊ី នឹង​មិន​វិល​ចូល​ស្រុក តាម​ការលើកឡើង​របស់​ខ្លួន​ឡើយ ៕​

ព័ត៌មានផ្សេងទៀត