៤​ខែ​ដំបូង​កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ជាង​២១​ម៉ឺន​តោន​កើន​ឡើង​ជាង​៨%

16-05-2019 7:40 pm 241

​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ​ជាង​២១​ម៉ឺន​តោន កើនឡើង​៨.៣១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។​

​របាយការណ៍​ផ្លូវការ​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​ការ​បំពេញបែបបទ​នាំចេញ​អង្ករ បានបញ្ជាក់​ថា ចាប់ពី​ខែ​មករា ដល់​មេសា ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​២១៣,៧៦៣​តោន កើនឡើង​៨.៣១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​១៩៧,៣៥៤​តោន​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ថា ប្រទេស​ចំនួន​ជិត​៧០ បាន​ទិញ​ពី​កម្ពុជា ហើយ​ប្រទេស​ដែល​ទិញ​អង្ករ​ច្រើនជាង​នៅ​កម្ពុជា គឺ​ប្រទេស​ចិន ដែល​មាន​ចំនួន​ជាង​៩​ម៉ឺន​តោន បន្ទាប់មក​គឺ​ប្រទេស​បារាំង ដែល​មាន​ចំនួន​ជិត​៣​ម៉ឺន​តោន និង​ចំណាត់ថ្នាក់​ទី​៣ ប្រទេ​សហ្គា​បុង ដែល​មាន​ចំនួន​ជាង ១.៣​ម៉ឺន​តោន​។​

​សូមជម្រាបថា នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​កម្ពុជា បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន​ជាង​៦២​ម៉ឺន​តោន ខណៈ​រាជរដ្ឋាភិបាល មាន​ផែនការ​ជំរុញ​ការនាំ​ចេញ​អង្ករ ឲ្យបាន​១​លាន​តោន​ក្នុង​១​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត