អគ្គនាយក​ERA៖ ៥-១០​ឆ្នាំ​ទៅ​មុខ វិស័យ​ខុន​ដូ​នៅ​តែ​បន្ត​រីកចម្រើន​នៅ​កម្ពុជា​

16-05-2019 5:28 pm 491
លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុន ERA Cambodia (កណ្តាល) ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​១៥ ឧសភា ។ រូបថត វិទ្យុវាយោ ។

​លោក ខន គង្គា អគ្គនាយក​ក្រុមហ៊ុន ERA Cambodia កាលពី​ល្ងាច​ថ្ងៃទី​១៥ ឧសភា បាន​កត់សម្គាល់​ថា ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​សម្រាប់​ដើមឆ្នាំ​២០១៩ មាន​ការកើនឡើង​ខ្លាំង ពិសេស​គម្រោង​ខុន​ដូ​របស់​ក្រុមហ៊ុន ERA គឺ​មាន​អតិថិជន​ជាវ​ច្រើន​ទាំង​ជាតិ និង​អន្តរជាតិ ។​

​ថ្លែង​ក្នុង​ពិធី​ចាប់ផ្តើម​ដំណើរការ​លក់​គម្រោង​ទី​ពីរ​របស់​គម្រោង URBAN Village ដែល​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ ERA Cambodia លោក​អគ្គនាយក​បានបញ្ជាក់​បន្តថា សម្រាប់​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ វិស័យ​ខុន​ដូ​នៅ​កម្ពុជា នៅតែ​បន្ត​ការរីកចម្រើន ។​

​លោក​បាន​សំអាង​ថា ពលរដ្ឋ​ខ្មែរ នឹង​យល់​ដឹង​កាន់តែ​ច្បាស់​ពី​ការរស់នៅ​តាម​បែប​ទំនើ​ប​និយម ព្រមទាំង​ងាក​មក​វិនិយោគ​លើ​វិស័យ​ខុន​ដូ ពិសេស​សហការ​ជាមួយ​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ ខណៈ​បច្ចុប្បន្ន អ្នកវិនិយោគ​ដ៏​ធំ​បំផុត គឺ​ជនជាតិ​ចិន ។​

​យ៉ាងណាក៏ដោយ លោក ខន គង្គា បាន​សង្កត់ធ្ងន់ថា សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទេ ដោយសារ​វិស័យ​នេះ ទើបតែ​ចាប់ផ្តើម​នៅ​កម្ពុជា​ប៉ុណ្ណោះ ។ 

​លោក​ថា តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា មានតម្លៃ​ទាប​នៅឡើយ បើ​ធៀប​នឹង​ប្រទេស​ឯ​ទៀត​នៅ​អាស៊ី ដែល​នេះ​បង្ហាញថា សក្តានុពល​នៃ​ការបន្ត​ការរីកចម្រើន នឹង​នៅតែ​មាន​បន្តទៀត ហើយ​វា​ក៏​អាស្រ័យ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែរ ៕

ព័ត៌មានផ្សេងទៀត