លោក​ហ៊ុន សែន លើកទឹកចិត្ត​នេ​ប៉ាល់​ពិនិត្យ​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​

15-05-2019 10:02 pm 206
  ស្តាប់
ជំនួបរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តី ខេ ភី សា​ម៉ា អូ​លី កាលពីល្ងាចថ្ងៃទី១៤ ឧសភា ។
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​បន្តបន្ទាប់ ជំរុញ​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​នេ​ប៉ាល់ ពិនិត្យមើល​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​វិស័យ​ទេសចរណ៍ ខណៈ​បច្ចុប្បន្ន ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នៅ​មាន​កម្រិត​នៅឡើយ...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​សំណេរ​ដើម​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃទី​១៥​ឧសភា​ថា លោក​សូម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ និង​វិនិយោគិន​នៃ​ប្រទេស​ទាំង​ពីរ ពិនិត្យ​មើល​លទ្ធភាព និង​ឱកាស​ល្អ​ជាច្រើន វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​តូចធំ ។​

​លោក​ថា ប្រទេស​ទាំង​ពីរ គួរ​ចាប់ផ្តើម​វិនិយោគ ជាពិសេស​ផ្តោតលើ​វិស័យ​ទេសចរណ៍ ដែល​កម្ពុជា​-​នេ​ប៉ាល់ មាន​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​ល្បីៗ​ជាច្រើន ដែល​មាន​ការទាក់ទាញ ហើយ​នាំមក​នូវ​ការងារ និង​ប្រាក់​ចំណូល​ខ្ពស់ ។​

​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់ថា ក្នុងជំនួប​ក្រៅ​ផ្លូវការ​នា​ល្ងាច​ថ្ងៃ​ទី​១៤ ឧសភា លោក និង​លោក ខេ ភី សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​ពិភាក្សា​គ្នា​បន្ថែម​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ល្អ រឹងមាំ និង​ស៊ីជម្រៅ ពិសេស​លើ​វិស័យ​ធុរកិច្ច និង​វិនិយោគ ព្រោះ​កន្លងមក ទំហំ​វិនិយោគ​នៃ​ប្រទេស​ទាំង​ពីរ នៅ​មាន​កម្រិត​នៅឡើយ ។​

​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​នេ​ប៉ាល់ ក្នុង​ឆ្នាំ​២០១៧ សម្រេច​បាន​ទឹកប្រាក់​ប្រមាណ​២១​ម៉ឺន​ដុល្លារ​អាមេរិក ពោល​គឺ​ធ្លាក់ចុះ ១៧,៦% បើ​ធៀប​នឹង​២៥​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៦ ។ 

​ប្រភេទ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅនេ​ប៉ាល់ មានដូចជា បន្ទះក្តារ​ស្តើងៗ​សម្រាប់​ធ្វើ​កុង​ផ្លាកេ សំលៀក​បំពាក់​ស្ត្រី​ផលិត​ពី​កប្បាស ស្បែកជើង និង​ម៉ាស៊ីនភ្លើង​ជាដើម ខណៈ​ទំនិញ​ដែល​នាំចូល​ពីនេ​ប៉ាល់ មានដូចជា ម៉ាស៊ីន និង​ក្រណាត់​ជជុះ ៕

ព័ត៌មានផ្សេងទៀត