កំណែទម្រង់​កាត់ឈ្មោះ​ម្ចាស់​យានយន្ត​មិនទាន់ចេញផ្លែផ្កា

15-05-2019 5:09 pm 212
  ស្តាប់
ស្តាប់ជាសំឡេង

ប្រជាពលរដ្ឋ​ជាច្រើន បាន​សម្តែង​ការ​សាទរ ចំពោះ​ការលើកឡើង​របស់​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អំពី​ការធ្វើ កំណែទម្រង់ លើ​ការ​កាត់ឈ្មោះ​ម្ចាស់​យានយន្ត ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល​ជាង​មុន និង​ការចំណាយ​តិច​។ តែ​យ៉ាងណា ការធ្វើកំណែទម្រង់​នេះ នៅ​មិនទាន់​មាន​ការអនុវត្ត​នៅឡើយ​ទេ ដោយ​កំពុង​សិក្សា​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពីដើម​ខែ​មេសា ធ្លាប់​បាន​បង្ហើប​ប្រាប់ថា ក្រសួង​មាន​បំណង​ធ្វើកំណែទម្រង់ លើ​ការ​កាត់ឈ្មោះ​ម្ចាស់​យានយន្ត ដើម្បី​ឲ្យមាន​ភាពងាយស្រួ​ល​ជាង​មុន និង​មិន​ពិបាក​ស្វែងរក​ម្ចាស់​។ ជុំវិញ​ការប្រកាស​បែប​នេះ ទទួល​បាន​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​។​ ​

យ៉ាងណាមិញ រហូតមកដល់​ពេលនេះ ក្រសួង​នៅ​មិនទាន់​បាន​អនុវត្ត​លើ​ការធ្វើ​កំណែទម្រង់​នេះ នៅឡើយ​ទេ ដោយ​កំពុងតែ​សិក្សា​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ នេះ​បើ​តាម​ការអះអាង ពី​លោក​វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​ដល់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​នេះ​។​ ​

សេវា​ថ្លៃ និង​ការពិបាក​រក​ម្ចាស់​ដើម ដើម្បី​មក​កាត់ឈ្មោះ​យានយន្ត បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភាគច្រើន ហាក់​មិនសូវ​ចាប់អារម្មណ៍ ឬ​ខ្វាយខ្វល់ ខណៈ​ក្រសួង​ក៏​មិន​មាន​វិធានការ ផ្អាក​ពិន័យ លើ​បញ្ហា​នេះដែរ​។ យ៉ាងណាមិញ លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហើប​ពី​ការធ្វើកំណែទម្រង់ លើ​ការ​កាត់ឈ្មោះ​យានយន្ត​នេះ ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​ការចំណាយ​តិច​។

​ដោយ​មើលឃើញ​ពី​ផល​លំបាក ក្នុង​ការស្វែងរក​ម្ចាស់​យានយន្ត​បង្កហេតុ​ផ្សេងៗ មក​ទទួលខុសត្រូវ ដោយសារតែ​មិន​បាន​កាត់ឈ្មោះ​ម្ចាស់​ដើម​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​នឹង​កំពុង​រិះរក​វិធី​ដោះស្រាយ​លើ​បញ្ហា​នេះ​។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ក្រសួង​សាធារណការ កំពុង​ធ្វើការ​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រក​វិធី​ដោះស្រាយ លើ​ការ​កាត់ឈ្មោះ​កម្មសិទ្ធិ​យានយន្ដ ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល ដល់​ម្ចាស់​រថយន្ដ​ទាំងអស់​។​
 

​សំឡេង​

​លោក​រដ្ឋមន្ដ្រី​បាន​បន្ថែមទៀតថា ក្រសួង​សាធារណការ និង​ក្រសួង​សេដ្ឋកិច្ច ក៏​កំពុងតែ​ពិភាក្សាគ្នា ឲ្យមាន​ការ​យក​កម្រៃ​ទាប ចំពោះ​ប្រជាពលរដ្ឋ​ណា ដែល​មាន​មិន​ទាន់​មក​កាត់ឈ្មោះ​ផងដែរ ក្នុង​រយៈពេល​៣​ខែ​។ លោក​បន្ដថា ក្នុង​រយៈពេល​៣​ខែ​នេះ លោក​ក៏​ចង់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ដ​ទាំងអស់ មក​ធ្វើ​បច្ចុប្បន្នភាព​អំពី​ទីលំនៅ​របស់​គាត់ បើ​មិន​ដូច្នេះ នៅពេល​ដែល​ផាកពិន័យ រក​មិនឃើញ​នោះទេ​។​

​សំឡេង​

​ជាមួយគ្នា​នោះ លោកស៊ុន ចាន់ថុល ក៏​បាន​ស្នើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ដ​ទាំងអស់ ដែល​មាន​ស្លាក​លេខ​ចាស់ សូម​អញ្ជើញ​មក​ប្ដូរ​យក​ស្លាក​លេខ​ថ្មី ដែលមាន QR Code ដើម្បី​មាន​សិទ្ធិ​រក្សាទុក ស្លាក​លេខ​របស់​ខ្លួន នៅពេល​ដែល​លក់​រថយន្ដ​។​

សំឡេង

​លោក​រដ្ឋមន្ត្រី បាន​អះអាង​បន្ថែមថា ការធ្វើ​កំណែទម្រង់​ថ្មី លើ​ការ​កាត់ឈ្មោះ​ម្ចាស់​យានយន្ត​នេះ ប្រសិនបើ​ដំណើរការ ប្រាកដ​ណាស់​ថា នឹង​មាន​ភាពងាយស្រួល ដល់​សមត្ថកិច្ច​ក្នុង​ការស្វែងរក​ម្ចាស់​យានយន្ត​ពិតប្រាកដ មក​ទទួលខុសត្រូវ​ចំ​ពោះ​ទោសកំហុស​។

​សូមបញ្ជាក់​ថា បើ​តាម​របាយការណ៍ បានឲ្យដឹងថា រាល់​អ្នកបើកបរ​ល្មើសច្បាប់ មានតែ​២៧​ភាគរយ​ប៉ុណ្ណោះ ដែល​សមត្ថកិច្ច​តាម​ស្វែងរក​ឃើញ​ជន​បង្ក ដោយហេតុតែ​មិន​មាន​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ការរស់នៅ​ពិតប្រាកដ និង​ការ​មិន​ទាន់​កាត់ឈ្មោះ​នេះ​៕

ព័ត៌មានផ្សេងទៀត