ព្រះមហាក្សត្រ​៖ប្រជាជន​កម្ពុជា​នឹង​ឈរ​យ៉ាង​រឹង​ម៉ាំ​ជាមួយ​ចិន​គ្រប់​កាលៈទេសៈ​

15-05-2019 3:02 pm 574

​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​មាន​ព្រះរាជបន្ទូល​ទៅកាន់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ថា ប្រជាជន​កម្ពុជា នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ប្រជាជន​ចិន​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។

​ការ​មាន​ព្រះរាជបន្ទូល​បញ្ជាក់​យ៉ាង​ដូច្នេះ បាន​ធ្វើឡើង ក្នុងពេល​ព្រះមហាក្សត្រ​ខ្មែរ ព្រះអង្គ​ស្តេច​យាង​បំពេញ​ព្រះរាជទស្សនកិច្ច និង​ជួប​សវនាការ​ជាមួយ​ប្រធានាធិបតី​ចិន នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា នា​វិមាន​មហា​ប្រជាជន​ចិន រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន​។​

​បើ​តាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន បានឲ្យដឹងថា ក្នុង​ជំនួប​សវនាការ​នោះ លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន បាន​ថ្លែងថា ចំណង​មិត្តភាព​រវាង​ប្រទេស​ចិន និង​កម្ពុជា បានបង្ហាញ​ពិភពលោក​ឲ្យឃើញ​កាន់តែច្បាស់​អំពី​មិត្តភាព​ដ៏​ពិតប្រាកដ និង​យូរអង្វែង​រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​កំណត់​នូវ​ជោគវាសនា​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ​។​

​លោក​ប្រធានាធិបតី បាន​បន្ត​លើកឡើង​ថា ប្រទេស​ចិន គោរព​ស្រលាញ់​ចំពោះ​មិត្តភាព​ដ៏​ពិសេស​ជាមួយ​ព្រះរាជវង្សានុវង្ស​នៃ​ប្រទេស​កម្ពុជា ហើយ​បណ្តា​មេដឹកនាំ​ចិន​ជា​ច្រើន​ជំនាន់​បាន​បង្កើត​ចំណង​មិត្ដភាព​ដ៏ជិត​ស្និទ្ធ​ជាមួយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។​

​លោក​ប្រធានាធិបតី​បន្តថា កម្ពុជា​-​ចិន ត្រូវតែ​ទទួល​ថែរក្សា​មរតក​នេះ និង​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ឱ្យបាន​ល្អ​ប្រសើរ ដើម្បី​បន្សល់​ទុក​ឱ្យ ចំណង​មិត្តភាព​កម្ពុជា​-​ចិន ត្រូវ​ឆ្លងកាត់​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​បន្តទៀត​។​
«​ប្រទេស​ចិន នឹង​នៅតែ​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ស្របតាម​គោលនយោបាយ​ជាតិ​របស់​ខ្លួន និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទស​កម្ពុជា ដើម្បី​ជំរុញ​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ឲ្យបាន​រីកចម្រើន​ឈាន​ដល់​កម្រិត​ថ្មី​មួយ​»​។

​យ៉ាងណាមិញ សម្រាប់​ព្រះមហាក្សត្រ​ខ្មែរ មាន​ព្រះរាជបន្ទូល​ថា កម្ពុជា សូម​អបអរសាទរ​ប្រទេស​ចិន ចំពោះ​សមិទ្ធិផល​ដែល​សម្រេចបាន ក្រោម​ការអភិវឌ្ឍ​ដ៏​ធំធេង​របស់​ខ្លួន​ក្នុង​រយៈពេល ៧០​ឆ្នាំ​កន្លងមកនេះ ចាប់តាំងពី​ការបង្កើតឡើង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​បាន​កោតសរសើរ​ដល់​ឥទ្ធិពល​ដ៏​សំខាន់​របស់​ចិន នៅក្នុង​កិច្ចការ​អន្តរជាតិ ហើយ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ «​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​»៕

ព័ត៌មានផ្សេងទៀត