លោក​ដូណាល់ ត្រាំ​៖​​សង្គ្រាម​ពាណិជ្ជកម្ម​​ជាមួយ​ចិន​ពេលនេះ​​ជា​រឿង​តូចតាច​ប៉ុណ្ណោះ​

15-05-2019 11:34 am 8254
  ស្តាប់
លោកដូណាល់ ត្រាំ​ពេលផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​អង្គារ​បាន​បញ្ជាក់ថា សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​នៅពេលនេះ គឺជា​ការប្រឈមមុខគ្នា​តិចតួច​ប៉ុណ្ណោះ​។ លោក​ក៏បាន​ចោទប្រកាន់​ប្រទេស​ចិន​ម្ដងទៀត ថា​បាន​រារាំង​ដល់​កិច្ចព្រមព្រៀង​នៅពេល​ជិត​សម្រេចបាន​ជោគជ័យ​ទៅហើយ​។ ថ្វីបើ​លោក​បាន​និយាយថា​មាន​ទំនាក់ទំនង​មិនធម្មតា​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ប៉ុន្ដែ​លោក​ប្រកាស​ដាច់ខាត​នឹងមិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ លុះត្រាតែ​ជា​កិច្ចព្រមព្រៀង​ល្អប្រសើរ​មាន​ផលប្រយោជន៍​អាច​ទទួលយកបាន​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ពី​សេត​វិមាន លោក​ត្រាំ​អះអាង​ដូច្នេះ​ថា “​យើង​មាន​ការប៉ះទង្គិច​គ្នា​តិចតួច​ជាមួយ​ប្រទេស​ចិន ព្រោះ​យើង​ត្រូវបាន​ចាត់ទុកថា​រង​អំពើ​អ​យុត្ដិធម៌​ជាច្រើន​ទសវត្ស​មកហើយ​។​” កាលពី​សប្ដាហ៍​មុន​លោក​ត្រាំ​បាន​ផ្លាស់ប្ដូរ​ពន្ធ​ទ្វេដង​លើ​ទំនិញ​ចិន​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ ហើយ​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ចុងក្រោយ​នេះ បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ចិន​បាន​វាយបក​វិញ ដោយ​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​២៥​ភាគរយ​ទុកជា​ការ​សងសឹក​។  

​ចំណែក​សហរដ្ឋអាមេរិក​ក៏​ប្រកាស​ចាប់ផ្ដើម​ដំណើរការ​គំរាម​ចិន​មួយទៀត គឺ​ពិភាក្សា​ពី​ការដំឡើង​ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ចិន​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​បន្ថែម​។ លោក​ត្រាំ​ថែមទាំង​ថា​លោក​កំពុង​ពិនិត្យមើល​រឿងនេះ​យ៉ាង​យកចិត្ដទុកដាក់​។ លោក​បន្ថែម គោលជំហរ​ដ៏​តឹងរ៉ឹង​របស់​អាមេរិក​កំពុងដំណើរកា​រហើយ រីឯ​ទីក្រុង​ប៉េកាំង​ចង់បាន​កិច្ចព្រមព្រៀង តែ​លោក​បន្ទោស​ការដឹកនាំរ​បស់​ចិន ជុំវិញ​បរាជ័យ​ក្នុង​កិច្ចចរចា​កន្លងមក​។ កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​បាន​លេច​រូបរាង​ហើយ ប៉ុន្ដែ​បែរជា​ត្រូវ​បាត់បង់​ទៅវិញ​។ វា​ច្រើនជាង​ការចរចា​ឡើងវិញ​ទៅទៀត ដែល​ពួកគេ​បានធ្វើឲ្យ​បរាជ័យ យើង​មិន​អាចធ្វើឲ្យ​វា​កើតឡើង​បានទេ​។ នេះ​ជា​សម្ដី​សង្កត់ធ្ងន់​របស់លោក​ដូណាល់ ត្រាំ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រមាណ​ជិត​មួយឆ្នាំ​មកនេះ អាមេរិក​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​បួន​លើក​ហើយ​។ លើកទីមួយ​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃទី​០៦​ខែកក្កដា​ឆ្នាំ​២០១៨ កាលនោះ​អាមេរិក​ដំឡើង​ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​៣៤​ពាន់​លាន​ដុល្លារ​។ លើក​ទី​ពីរ​នៅ​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៨ អាមេរិក​ដំឡើង​ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​១៦​ពាន់​លាន​ដុល្លារ លើក​ទី​បី​នៅ​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៨ អាមេរិក​ដំឡើង​ពន្ធ​១០​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​។ 

​ដោយឡែក​នៅ​ថ្ងៃទី​០១​ខែធ្នូ​ឆ្នាំ​២០១៨ អាមេរិក​និង​ចិន​បាន​ឯកភាព​ផ្អាក​ការដំឡើង​ពន្ធ​រយៈពេល​៩០​ថ្ងៃ ទុកឲ្យ​មន្ដ្រី​ជំនាញ​ប្រទេស​ទាំងពីរ​ពិភាក្សា​រក​ដំណោះស្រាយ​។ ប៉ុន្ដែ​ផុត​រយៈពេល​៩០​ថ្ងៃ​ហើយ​នៅតែ​ចរចា​មិនត្រូវ រហូត​លើក​ពេល​បន្ថែមទៀត ដែល​ការចរចា​ចុងក្រោយ​ធ្វើឡើង​កាលពី​ថ្ងៃទី​០៩-១០​ខែឧសភា​នេះ​នៅ​អាមេរិក តែ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​។ ទីបំផុត​លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ជា​លើក​ទី​បួន គឺ​បង្កើន​ពី​១០​ភាគរយ​នៃ​ពន្ធ​ដំឡើង​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​កាលពី​ខែកញ្ញា​ឆ្នាំមុន ទៅ​២៥​ភាគរយ​វិញ​ចាប់ផ្ដើម​មាន​សុពលភាព​ពី​ថ្ងៃទី​០១​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​តទៅ​៕

ព័ត៌មានផ្សេងទៀត