លោក​ហ៊ុន សែន យក​សន្តិភាព​មក​ធ្វើជា​ទុន​ធានា​ដល់​អ្នកវិនិយោគ​

14-05-2019 7:08 pm 1163
  ស្តាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ ក្នុងឱកាសនៃការចូលរួមបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នៅថ្ងៃទី១៤ ឧសភា ។
ស្តាប់ជាសំឡេង

​ក្នុងឱកាស​នៃ​ការចូលរួម​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ នៅ​ថ្ងៃ​ទី​១៤ ឧសភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អួត​ពី​ឱកាស​នៃ​ការវិនិយោគ​នៅ​កម្ពុជា ជូន​ដល់​លោក សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ។ លោក​ក៏​បាន​ធានា​ជូន​ដល់​វិនិយោគិន​គ្រប់រូប ដោយ​យក​កត្តា​សន្តិភាព និង​ស្ថិរភាព​នយោបាយ មក​ធ្វើ​ជា​ដើមទុន ស្វែងរក​អ្នកវិនិយោគ​បន្ថែម​មក​កម្ពុជា...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ប្រាប់​លោក សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ថា ក្នុង​ក្របខណ្ឌ​នៃ​ការវិនិយោគ កម្ពុជា​នៅតែ​ជា​ប្រទេស​គោលដៅ​ដែល​មាន​សក្តានុពល​សម្រាប់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស ។​

​លោកនាយក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​នេ​ប៉ាល់ និង​វិនិយោគិន​បរទេស​ទាំងអស់ ដែល​មិនទាន់​បាន​មក​កម្ពុជា សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ។​

​លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ធានា​ជូន​អ្នក​វិនិយោគិន​គ្រប់រូប នូវ​បរិស្ថាន​គ្រប់យ៉ាង​ដែល​អនុគ្រោះ និង​ជួយ​ជំរុញ​ដល់​ការវិនិយោគ ពិសេស​គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ក៏ដូចជា ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្រប​ខណ្ឌ​ច្បាប់ និង​ស្ថាប័ន ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រំឭកថា ផ្អែក​តាម​ការកត់ត្រារ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ ២០១៤-២០១៨ ស្ថានភាព​វិនិយោគ​របស់​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ ដោយ​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ៩៥៩​គម្រោង ក្នុង​ទុន​សរុប​ប្រមាណ​២៣​ប៊ី​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​១​លាន​កន្លែង ។​

​លោក​បន្តថា ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩ គម្រោង​វិនិយោគ​ដែល​ត្រូវបាន​អនុម័ត​មាន​ចំនួន​១១៥​គម្រោង ក្នុង​ទុន​វិនិយោគ​ប្រមាណ​៤​ប៊ី​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​ត្រឹម​៨១​គម្រោង ក្នុង​ទុន​វិនិយោគ​ប្រមាណ​៨៦៣​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ។​

​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា សម្រាប់​វិស័យ​ទេសចរណ៍ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​សរុប​ប្រមាណ ១,៨៨​លាន​នាក់ កើនឡើង​៩,៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ ។ លោក​ថា កម្ពុជា​រំពឹងថា ចំនួន​ភ្ញៀវទេសចរ​នឹង​កើនឡើង​ថែម​ទៀត ក្នុង​ឆ្នាំ​បន្តបន្ទាប់ ដែល​នេះ ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកវិនិយោគ និង​ធុរជន ក្នុងការ​បណ្តាក់​ទុន​ក្នុង​វិស័យ​នេះ ៕

ព័ត៌មានផ្សេងទៀត