៤​ខែ​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​១១៥ សរុប​ទុន​៤០០០​លាន​ដុល្លារ​

14-05-2019 5:37 pm 279

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រយៈពេល​៤​ខែ​ដំបូង ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​១១៥​គម្រោង សរុប​ទុនវិនិយោគ​ចំនួន​៤​ពាន់​លាន​ដុល្លារ​។​ ​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ធ្វើឡើង​ក្នុង វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ នា​សណ្ឋាគារ​សុខា ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា​។

លោក​ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩​នេះ គម្រោង​វិនិយោគ​ដែល​ត្រូវបាន​អនុម័ត​មាន​ចំនួន​១១៥​គម្រោង ក្នុង​ទុន​វិនិយោគ​ប្រមាណ​៤​ប៊ី​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​ត្រឹមតែ​៨១​គម្រោង ក្នុង​ទុន​វិនិយោគ​ប្រមាណ​ជា​៨៦៣​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​»​។​

​ប្រមុខ​រដ្ឋាភិបាល​បន្ថែ​ម​ថា «​ក្នុង​ក្របខណ្ឌ​នៃ​ការវិនិយោគ កម្ពុជា​នៅតែ​ជា​ប្រទេស​គោលដៅ​ដែល​មាន​សក្តានុពល សម្រាប់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស​»​។​

​សូមជម្រាបថា ក្នុង​រយៈពេល​ជាង​ពីរ​ទស្សវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ ជា​មធ្យម​ក្នុង​រង្វង់​៧.៧% ហើយ​បាន​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ក្នុង​ឆ្នាំ​២០១៥​។

​នៅក្នុង​ឆ្នាំ​២០១៨ សេដ្ឋកិច្ច​កម្ពុជា​មានកំណើន​លើស​ពី​ការរំពឹងទុក ពោល​គឺ​បាន​កើន​ឡើង​ក្នុង​អត្រា​៧.៥% ធៀប​នឹង​ការគ្រោងទុក​៧.១%​ពី​ដើម​ឆ្នាំ ដែល​ជា​មូលដ្ឋាន​នៃ​ការបន្ត​ភាពរឹងមាំ នៅក្នុង​ឆ្នាំ​២០១៩​នេះ​។ សូចនាករ​នេះ​បង្ហាញថា កម្ពុជា​កំពុងស្ថិត​នៅ​លើ​គន្លង នៃ​ការឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ តាម​ការកំណត់​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​ជាតិ​៕

ព័ត៌មានផ្សេងទៀត