លោក​មុត ចន្ថា៖ ការអំពាវ​នាវ​ឲ្យ​កង​ទ័ព​បះ​បោរ ​មិនមែន​ជាគោលនយោបាយ​លោកកឹម សុខាទេ​​

14-05-2019 1:29 pm 1021

លោកមុត ចន្ថា អតីតមន្រ្ដីបក្សសង្រ្គោះជាតិ និងជាមនុស្សជំនិតរបស់លោកកឹម សុខា បានឲ្យដឹង ថា ការអំពាវនាវឲ្យកងទ័ពបះបោរ ទម្លាក់អ្នកនេះ ឬអ្នកនោះ មិនមែនជាគោលនយោបាយ និងមិនមែនជាគោលការណ៍ ដឹកនាំរបស់លោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ នោះឡើយ។  

លោកមុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ថា”យើងធ្លាប់ស្តាប់ឮ​ និងដឹងច្បាស់ អំពីគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ និងរបស់ឯកឧត្តម កឹម សុខា ជាប្រធាន បក្ស «គឺដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន»។ ការតស៊ូនយោបាយរបស់យើងកន្លង គឺនឹងត្រូវធ្វើឡើងតាមយន្តការគណបក្សនយោបាយស្របច្បាប់ និងការប្រកួតប្រជែងគ្នាលើកម្មវិធី និងគោលនយោបាយ នៅក្នុងទីលានប្រជាធិបតេយ្យដោយស្មើភាព និងយុត្តិធម៌ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”។

លោកថា”ដូច្នេះ ការអំពាវនាវឲ្យកងទ័ពបះបោរ ដើម្បីទម្លាក់អ្នកនេះ ឬអ្នកនោះ ឬក៏ការវិលចូលស្រុក ដើម្បីមកចាប់អ្នកនេះ ឬអ្នកនោះ គឺ «មិនមែនជាគោលនយោបាយ និងគោលការណ៍ដឹកនាំររបស់ ឯកឧត្តម កឹម សុខា ឡើយ ហើយក៏វាមិនមែនជាគោលនយោបាយដែលគណបក្សសង្រ្គោះជាតិ ធ្លាប់បានដាក់ចេញនោះក៏ទេដែរ»។ សូមកុំបំប្លែង និងបំភាន់ នាំឲ្យជាតិ និងប្រជាពលរដ្ឋទុក្ខភ័យ!”។

លោកមុត ចន្ថា បានបញ្ជាក់បន្ថែម ថា លោកកឹម សុខា នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា មិនគុំកួន មិនសងសឹក មិនចាត់ទុកខ្មែរណាជាសត្រូវ ហើយលោកនៅតែដង្ហែ តាមព្រះរាជបណ្តាំរបស់សម្តេច ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុៈ «ខ្មែររួបរួមជាធ្លុងមួយ ខ្មែរខ្លាំង» និងព្រះរាជតួនាទីរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីៈ «ឯកភាពជាតិខ្មែរ និងនិរន្តរភាពជាតិ»៕

ព័ត៌មានផ្សេងទៀត