ចិន​សងសឹក​​ដោយ​ដំឡើង​ពន្ធ​​២៥%​​លើ​ទំនិញ​​អាមេរិក​​តម្លៃ​​៦០​ពាន់​​លាន​ដុល្លារ​

14-05-2019 9:03 am 1090
  ស្តាប់
រូបភាពនៅកំពង់ផែទំនិញចិន
ស្តាប់ជាសំឡេង

​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន បាន​ផ្ទុះឡើង​កាន់តែខ្លាំង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ទីក្រុង​ប៉េកាំង​ប្រកាស​នឹង​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​អាមេរិក​។ ចិន​ធ្វើ​ដូច្នេះ​ជាការ​សងសឹក​នឹង​ទីក្រុង​វ៉ាស៊ីនតោន ក្រោយ​ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ ចំនួន​២៥​ភាគរយ​កាលពី​សប្ដាហ៍​មុន​។ ជា​ការឆ្លើយតប​ចិន​នឹង​ដំឡើង​ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក មានតម្លៃ​ប្រមាណ​៦០​ពាន់​លាន​ដុល្លារ​អាមេរិក​មានកំណត់​ត្រឹម​ពី​ដើម​ខែមិថុនា​ទៅ​។ 

​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ បាន​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា​ជិត​១​ឆ្នាំ​មកហើយ ដោយ​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក​មិនតិច​ដង​ហើយ​ដែរ​។ ប៉ុន្ដែ​ស្ថានភាព​បាន​ធូរស្រាល​បន្ដិច​ក្រោយពេល​ឯកភាព​ផ្អាក​ការដំឡើង​ពន្ធ​កាលពី​ចុង​ឆ្នាំមុន ទុកពេល​ឲ្យ​មន្ដ្រី​ជំនាញ​ស្វែងរក​ដំណោះស្រាយ​។ រយៈពេល​បី​ខែ​នៃ​ការផ្អាក​ដំឡើង​ពន្ធ​បានបញ្ចប់ ហើយ​ត្រូវ​បន្ថែម​ពេល​ជាច្រើន​ខែ​ទៀត​នៅតែ​រក​គន្លឹះ​ដោះ​ភាពជាប់គាំង​មិនឃើញ ទីបំផុត​ទើប​ប្រធានាធិបតី​ដូណាល់ ត្រាំ សម្រេច​បញ្ជា​ឲ្យ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តែម្ដង​។ លោក​ត្រាំ​ក៏​កំពុង​ពិចារណា​បន្ថែម​ពន្ធ​២៥​ភាគរយ លើ​ទំនិញ​ចិន​តម្លៃ​ប្រមាណ​៣២៥​ពាន់​លាន​ដុល្លារ​ទៀត​ដែរ​។​

​សូមបញ្ជាក់ថា ចន្លោះពេល​មាន​ជម្លោះ​នឹង​គ្នា​ដូច្នេះ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​និង​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន អាច​នឹង​ជួបពិភាក្សា​ពាក់ព័ន្ធ​នឹង​ភាពជាប់គាំង នៅ​ខែ​ក្រោយនេះ​នៅ​ប្រទេស​ជប៉ុន​។ ប្រធានាធិបតី​នៃ​ប្រទេស ដែលមាន​សេដ្ឋកិច្ច​កំពូល​លើ​លោក​ទាំងពីរ និង​មេដឹកនាំ​ប្រទេស​ដទៃ​មួយចំនួនទៀត នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​G20 ដែល​រៀបចំ​ធ្វើ​នៅក្នុង​ទីក្រុង Osaka ប្រទេស​ជប៉ុន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨​ដល់​២៩​ខែមិថុនា​ឆ្នាំ​២០១៩​។ លោក​ស៊ី​និង​លោក​ត្រាំ អាច​នឹង​ឆ្លៀត​យក​ឱកាស​នេះ ជួប​និយាយ​ពី​ភាព​មិនទាន់​ត្រូវ​រូ​វ​គ្នា​លើ​បញ្ហា​ពាណិជ្ជកម្ម​។ នេះ​បើតាម​លោក​Larry Kudlow​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេត​វិមាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​។ លោក​Kudlow​បាន​ថ្លែងថា ប្រសិនបើ​អ្វីៗ​នៅ​មិនទាន់​ច្បាស់​ទេ គឺ​អាមេរិក​នៅតែ​រក្សា​ការតំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូលមក​អាមេរិក​ដដែល​។​

​ការ​បង្ហើប​ពី​គម្រោង​ជួបគ្នា​រវាង​លោក​ត្រាំ​និង​លោក​ស៊ី ធ្វើឡើង​ក្រោយពី​តំណាង​ចរចា​ភាគី​ទាំងពីរ បាន​បើក​ការចរចា​អស់​ជាច្រើន​ខែ​មកហើយ​អំពី​បញ្ហា​ពាណិជ្ជកម្ម តែ​នៅ​មិនទាន់​អាច​រកឃើញ​កិច្ចព្រមព្រៀង​រួមមួយ​នៅឡើយ​។ ការចរចា​ចុងក្រោយ​រយៈពេល​ពីរ​ថ្ងៃ ទើបបាន​បិទ​បញ្ចប់​កាលពី​ថ្ងៃ​សុក្រ​សប្ដា៍​មុននៅ​អាមេរិក ហើយ​ភាគី​ទាំងពីរ​គ្រោង​ជួបចរចា​គ្នា​ជាថ្មី​នៅ​ក្នុងប្រទេស​ចិន​វិញ​ម្តង តែ​មិនទាន់​កំណត់​ពេលវេលា​ដើម្បី​ពិភាក្សា​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត