នាវា​ដឹក​ប្រេង​អា​រ៉ាប៊ីសាអូឌីត​ រងការ​វាយប្រហារ

13-05-2019 5:34 pm 855
  ស្តាប់
នាវាអារ៉ាប៊ីសាអូឌីតរងនូវការវាយប្រហារនៅក្បែរកំពង់ផែFujairahនៃប្រទេសអេ​មី​រ៉ាត់​អារ៉ាប់​រួម
ស្តាប់ជាសំឡេង

​ភ្លាមៗ​ពុំមាន​ការផ្តល់​ព័ត៌មាន​លម្អិត អំពី​ហេតុការណ៍​វាយប្រហារ លើ​នាវា​ដឹក​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត​ទាំងពីរ​គ្រឿង​នោះទេ​។ នាវា​មួយគ្រឿង​ក្នុងចំណោម​នាវា​ទាំងពីរ បាន​រង​នូវ​ការវាយប្រហារ ពេល​កំពុង​ស្ថិតនៅ​លើផ្លូវ​ធ្វើដំណើរ​ជាមួយនឹង​ការផ្ទុក​ប្រេង​ឆៅ ពី​កំពង់ផែ Ras Tanura​របស់​អា​រា​ប៊ីសា​អូឌីត យកទៅ​ទម្លាក់​ឲ្យ​អតិថិជន​នៅ​សហរដ្ឋអាមេរិក​។ 

​យោងតាម​រដ្ឋមន្ត្រី​ថាមពល​អារ៉ាប៊ីសាអ៊ូឌីត លោក Khalid al-Falih​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ការវាយប្រហារ​នេះ មិន​បណ្តាលឲ្យមាន​មនុស្ស​ស្លាប់ឬ​របួស ឬ​ការ​លេច​ធ្លាយ​ប្រេង​នោះទេ ប៉ុន្តែ​បាន​បណ្តាលឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដល់​រចនាសម្ព័ន្ធ​របស់​នាវា​។ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ​ឲ្យដឹងថា នាវា​បាន​ធ្លុះ​-​កំពិត​ដោយសារតែ​ត្រូវ​នឹង​អាវុធ ប៉ុន្តែ​មិន​បញ្ជាក់ថា នរណា​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​នៅឡើយ​ទេ​។ លោក Falih​និយាយថា ការវាយប្រហារ​នេះ​សំដៅ​ធ្វើឲ្យប៉ះពាល់​ដល់​សេរីភាព​នាវាចរណ៍ និង​សុវត្ថិភាព​នៃ​ការផ្គត់ផ្គង់​ប្រេង ដល់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក​។ 

​ក្រសួងការបរទេស​អេ​មី​រ៉ាត់​អារ៉ាប់​រួម ដែលជា​ម្ចាស់​ទីតាំង​កើតហេតុ​បាន​អះអាងថា ការស៊ើបអង្កេត​មួយ​ត្រូវ​បានចាប់ផ្តើម ដោយមាន​ការសម្របសម្រួល ជាមួយនឹង​អាជ្ញាធរ​អន្តរជាតិ ព្រមទាំង​អំពាវនាវ​ឲ្យមាន​អំណាចសកល ដើម្បី​រារាំង​ភាគី​ណាមួយ ដែល​ព្យាយាម​ធ្វើឲ្យមាន​គ្រោះថ្នាក់ ដល់​សន្តិសុខ​ដែនសមុទ្រ​។ ហេតុការណ៍​លើ​ផ្ទៃសមុទ្រ​នេះ កើតឡើង​ចំពេល​អាមេរិក​និង​អ៊ីរ៉ង់ កំពុង​ជួប​ភាព​តានតឹង​នឹង​គ្នា ដោយ​ថ្មីៗ​នេះ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង ទៅ​ដាក់ពង្រាយ​នៅ​មជ្ឈឹម​បូ​ព៌ា ដើម្បី​ត្រៀម​ទប់​ទល់នឹង​ការគំរាមកំហែង​របស់​អ៊ីរ៉ង់ លើ​កងទ័ព​របស់ខ្លួន​និង​ចរាចរណ៍​ដែនសមុទ្រ​នៅក្នុង​តំបន់​។ ប៉ុន្តែ​អ៊ីរ៉ង់​ដែល​រង​នូវ​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​អាមេរិក បាន​បដិសេធ​មិនបាន​ប្រព្រឹត្ត​ទង្វើ​គំរាមកំហែង​នោះទេ​។​

​អា​រ៉ាប៊ីសាអូឌីត​និង​អាមី​រ៉ាត់​អា​រ៉ាប់រួម បាន​គាំទ្រ​អាមេរិក ហើយ​ទទួល​អះអាង​បង្កើន​ផលិតផល​ប្រេង ដើម្បី​ចាក់​បំពេញ​តាម​តម្រូវការ​ទីផ្សារ ជំនួស​ប្រភព​ប្រេង​អ៊ីរ៉ង់ ដែល​រង​ទណ្ឌកម្ម​មិនឲ្យ​នាំចេញ​។ ការណ៍​នេះ ក៏​អាចធ្វើឲ្យ​អ៊ីរ៉ង់​មិនស​ប្បាយ​ចិត្តដែរ​។ តែ​យ៉ាងណាក៏ដោយ ពុំមាន​នរណាម្នាក់ ហាន​ចោទប្រកាន់​ទៅលើ​ភាគី​ណាមួយ​ឲ្យចំ​ឈ្មោះ ថា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ លើ​នាវា​ដឹក​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត​ឡើយ​។ ចំណែក​អាមេរិក​និង​អ៊ីរ៉ង់ សុទ្ធតែ​នាំគ្នា​ចេញមក​អំពាវនាវ ឲ្យមាន​ការប្រុងប្រយ័ត្ន នៅពេល​ធ្វើ​នាវាចរណ៍​៕

ព័ត៌មានផ្សេងទៀត