មន្ត្រី​ការពារជាតិ​ ប្រតិកម្ម​ជាថ្មី​​ចំពោះ​ព័ត៌មាន​​ដែលថា​​កម្ពុជា​​ឲ្យ​ចិន​ដាក់​​មូលដ្ឋានទ័ព​​នៅ​កោះកុង​​

13-05-2019 10:22 am 1779
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ តាមរយៈ​ទ​ព័រ​ហ្វេ​ស៊បុក​របស់ខ្លួន​បាន​ច្រានចោល​ព័ត៌មាន​ដែលថា កម្ពុជា អនុញ្ញាតឲ្យ​ប្រទេ​សចិន​ដាក់​មូលដ្ឋានទ័​ពនៅ​ខេត្ត​កោះកុង ដែល​ចុះផ្សាយ​ដោយ​គេហទំព័រ War on The Rocks​។ 

​លោក​ឈុំ សុជាតិ បានចាត់ទុក​ការចុះផ្សាយ​នេះ ថា​ជាការ​លាប​ពណ៌ ដែល​ធ្វើឱ្យ​ពិភពលោក​មាន​ការភាន់ច្រឡំ​ចំពោះ​ប្រទេស​កម្ពុជា ជា​ការរំខាន​ដល់​ការអភិវឌ្ឍ និង​ធ្វើឱ្យប៉ះពាល់​ដល់​ភ្ញៀវទេសចរ ដែល​នឹង​មកកាន់​ប្រទេស​កម្ពុជា​កាន់តែច្រើន នាពេលខាងមុខ​។ 

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៩ ឧសភា ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​គេហទំព័រ​អន​ឡាញ​បរទេសមួយ​ឈ្មោះ War On The Rocks បាន​ផ្សព្វផ្សាយ​ថា រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាតឲ្យ​ប្រទេ​សចិន​ដាក់​មូលដ្ឋានទ័​ព​នៅក្នុង​ខេត្ត​កោះកុង​។​

​ករណី​សង្ស័យថា​កម្ពុជា​អនុញ្ញាតឲ្យ​ចិន​ដាក់​មូលដ្ឋានទ័ព​នៅខេ​ត្ត​កោះកុង​នេះ កន្លងមក​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ធ្លាប់​បានបញ្ជាក់​ជំហរ យ៉ាងច្បាស់​រួចហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាតឲ្យ​មាន​មូលដ្ឋា​ន​ទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​នោះឡើយ​។​

​ព័ត៌មាន​ស្ដីពី​មូលដ្ឋាន​កងទ័ព​ចិន​នៅលើ​ទឹកដី​កម្ពុជា​នេះ បាន​ក្លាយជា​រឿង​ដ៏​រសើប​នៃ​សន្តិសុខ​តំបន់ រហូតដល់​អនុ​ប្រធានាធិបតី​អាមេរិក​លោក ម៉ៃឃ៍ ផេ​នស៍ (Mike Pence) បាន​សរសេរ​លិខិតផ្លូវការ​មួយច្បាប់​ប្រាប់​ទៅ​លោក ហ៊ុន សែន អំពី​កង្វល់​ចម្បង​បំផុត​របស់​សហរដ្ឋអាមេរិក និង​បាន​ព្រមាន​កម្ពុជា​ថា បើ​មានរឿង​បែបនេះ​កើតឡើង​មែន​នោះ វា​នឹង​ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនា​ក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​

កន្លងមក លោក​ហ៊ុន សែន បាន​ចេញមុខ​បដិសេធ​រឿងនេះ​ជា​បន្តបន្ទាប់ ហើយ​ប្រកាសថា កម្ពុជា​នឹងមិន​រំលោភច្បាប់​ឱ្យ​បរទេស​ដាក់​កងទ័ពរ​បស់​ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​ជាដាច់ខាត​។ លោក​បាន​ចោទប្រកាន់​ទៅវិញ​ថា ការលើកឡើង​ពី​កង្វល់​នេះ គឺជា​យុទ្ធនាការ​របស់​ក្រុម​ប្រទេស​លោកខាងលិច ដើម្បី​រក​លេស​មួលបង្កាច់ និង​ទម្លាក់កំហុស​លើ​កម្ពុជា​តែប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត