លោក​ត្រាំ ព្រមាន​ចិន​ឲ្យប្រញាប់​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឥឡូវនេះ​

12-05-2019 4:15 pm 1117
  ស្តាប់
លោកដូណាល់ ត្រាំអំឡុងពេលជួបជាមួយលោកស៊ី ជីនពីង
ស្តាប់ជាសំឡេង

​កាលពី​ថ្ងៃ​សៅរ៍ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​របស់លោក ដោយ​បញ្ជាក់​ពី​ស្ថានភាព​កាន់តែ​អាក្រក់ ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​របស់​ចិន ប្រសិនបើ​ចិន​មិន​ព្រម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នៅពេលនេះ​។ លោក​ត្រាំ​ថា ចិន​យល់ថា​ខ្លួនឯងបាន​រង​នូវ​សម្ពាធ​ខ្លាំង​នៅក្នុង​ការចរចា ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​កាលពីពេល​ថ្មីៗ​នេះ ហើយ​ចិន​អាច​នឹង​រង់ចាំ​មើល​ដល់​ក្រោយ​ឆ្នាំ​២០២២ ក្រែង​ប្រធានាធិបតី​ថ្មី​អាមេរិក មិនមែនជា​លោក​ត្រាំ ដែល​អាច​នឹង​មានការ​បន្ធូរបន្ថយ​ដល់​ចិន​ខ្លះ​។ 

​យ៉ាងណា លោក​ត្រាំ​មាន​សុទិដ្ឋិនិយម​ថា លោក​នៅតែ​អាច​ឈ្នះឆ្នោត ក្លាយជា​ប្រធានាធិបតី​នៅ​អាណត្តិ​បន្ទាប់​ទៀត​។ ដូច្នេះហើយ លោក​ប្រាប់​ឲ្យ​ចិន​ប្រញាប់​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នៅ​អំឡុង​ការចរចា​ពេលនេះ ព្រោះ​បើ​រង់ចាំ​ដល់​ក្រោយ​ឆ្នាំ​២០២២ ជា​គ្រា​ដែល​លោក​ក្លាយជា​ប្រធានាធិបតី​អាណត្តិ​ទី​ពីរ​នោះ ចិន​នឹង​ជួប​រឿង​កាន់តែ​អាក្រក់​ជាង​នេះ នៅក្នុង​ផ្នែក​ពាណិជ្ជកម្ម ដែល​នៅ​ក្នុងនោះ លោក​នឹង​តម្លើង​ពន្ធ​លើ​ទំនិញ​ចិន នាំចូល​អាមេរិក​កាន់តែ​ច្រើនជាង​មុន​។​

​ការព្រមាន​របស់លោក​ត្រាំ​ធ្វើឡើង បន្ទាប់ពី​ភាគី​ចរចា​អាមេរិក​-​ចិន ទើបបាន​បិទ​បញ្ចប់​កិច្ចចរចា​បន្ត​ស្តីពី​បញ្ហា​ពាណិជ្ជ​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​សុក្រ ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ ភាគី​ទាំងពីរ​នឹង​ជួបចរចា​គ្នា​បន្តទៀត នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន តែ​ចិន​បាន​ព្រមាន​រួចហើយ​ថា នឹងមិន​ធ្វើ​សម្បទាន​លើ​គោលការណ៍​សំខាន់ៗ​ណាមួយ នៅក្នុង​ការចរចា​ដែល​គ្រោង​ធ្វើ​នាពេលខាងមុខ​នេះឡើយ​។ ដោយសារតែ​ចំណាយពេល​ចរចា​ច្រើនលើកច្រើនសារ នៅតែ​មិនទាន់​អាច​រក​ដំណោះស្រាយ​រួម​ឃើញ លោក​ត្រាំ​បាន​បន្ត​តំឡើង​ពន្ធ​លើ​ទំនិញ​ចិន​បន្ថែមទៀត​។ កាលពី​ថ្ងៃ​សុក្រ លោក​ត្រាំ​បាន​ណែនាំ​ដល់​មន្ដ្រី​របស់លោក​ឲ្យ ចាប់ផ្ដើម​ដំណើរការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន ដែល​នៅ​សេសសល់​បន្ថែមទៀត គិត​ជា​តម្លៃ​នៃ​ទំនិញ​ទាំងនោះ មាន​ប្រមាណ​៣០០​ពាន់​លាន​ដុល្លារ​អាមេរិក​។ សម្រាប់​ក្រុមអ្នកវិភាគ​បាន​ព្រមាន​ថា ការដំឡើង​ពន្ធ​ជុំ​ថ្មី​ខ្ពស់ជាង​មុន​ដូច្នេះ នឹង​ធ្វើឲ្យ​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​ពិបាក​ដោះស្រាយ​។​

​សូមបញ្ជាក់ថា អាមេរិក​និង​ចិន​បាន​ព្រមព្រៀង បើក​កិច្ចប្រជុំ​ពិភាក្សា ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ជាមួយគ្នា កាលពីដើមឆ្នាំ​២០១៩ បន្ទាប់ពី​ផ្ទុះ​ជម្លោះ​តំឡើង​ពន្ធ​លើ​ទំនិញ​គ្នា​ទៅវិញទៅមក​ក្នុង​ឆ្នាំ​២០១៨​។ នៅក្នុង​ការព្រមព្រៀង​នោះ ប្រធានាធិបតី​នៃ​ប្រទេស​ទាំងពីរ បានកំណត់​រយៈពេល​៩០​ថ្ងៃ រាប់​ចាប់ពី​ដើមខែ មករា​ឆ្នាំ​២០១៩ ដើម្បីឲ្យ​តំណាង​ចរចា​ភាគី​ទាំងពីរ រកឲ្យឃើញ​កិច្ចព្រមព្រៀ​ង​បញ្ចប់​ជម្លោះ​រួមមួយ​។ នៅ​អំឡុង​ពេលនោះ អាមេរិក​ក៏​ផ្អាក​តំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ផងដែរ​។ ដោយសារ​កៀក​ថ្ងៃ​កំណត់ ភាគី​ទាំងពីរ​នៅតែ​មិនទាន់​អាច​រក​ដំណោះស្រាយ​ឃើញ​ទៀត លោក​ត្រាំ​បានសម្រេច​ពន្យារពេល​បន្ថែម​៦០​ថ្ងៃ​ទៀត​។ តែ​មកទល់ពេលនេះ ការចរចា​នៅតែ​ជាប់គាំង​រក​ច្រកចេញ​មិនទាន់​ឃើញ​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត