កាន់តែ​ក្ដៅ​ហើយ លោក​ត្រាំ​ណែនាំ​​ឲ្យ​ដំឡើង​ពន្ធ​បន្ថែម​​លើ​ទំនិញ​​នាំចូល​ពី​ចិន​

11-05-2019 1:46 pm 2331
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​សុក្រ បាន​ណែនាំ​ដល់​មន្ដ្រី​របស់លោ​កឲ្យចាប់ផ្ដើម​ដំណើរការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ដែល​នៅ​សេសសល់​បន្ថែមទៀត គិត​ជា​តម្លៃ​នៃ​ទំនិញ​ទាំងនោះ​មាន​ប្រមាណ​៣០០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការប្រកាស​របស់លោក​ដូណាល់ ត្រាំ​ដូច្នេះ ធ្វើឡើង​ស្របពេល​មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ​ទើប​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​អាមេរិក ដើម្បី​ស្វែងរក​វិធីសាស្ដ្រ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​។ វា​ក៏​បន្ទាប់ពី​លោក​ត្រាំ​ទើបតែ​ប្រកាស​ដំឡើង​ពន្ធ​២៥​ភាគរយ លើ​ទំនិញ​នាំចូល​ពី​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​ផងដែរ​។​

​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បាន​បញ្ជាក់ថា នឹង​ចាប់ផ្ដើម​រៀបចំ​កិច្ចការ​នេះ​ដើម្បី​ដំឡើង​ពន្ធ​បន្ថែម ហើយ​ព័ត៌មាន​លម្អិត​នឹង​ប្រកាស​នៅពេល​ក្រោយ​។ ដោយសារតែ​ការចរចា​ជា​ច្រើនលើកច្រើនសា​រហើយ​នៅតែ​គ្មាន​ដំណោះស្រាយ ទើប​លោក​ដូណាល់ ត្រាំ​សម្រេច​ប្រកាស​ដំឡើង​ពន្ធ​បន្ថែម​ដូច្នេះ​។ គេ​ជឿជាក់​ដែរ​ថា​វា​ជា​ការត្រៀម​ទុក​មុន​រួចជាស្រេច​របស់​អាមេរិក នៅពេលដែល​ការចរចា​ត្រូវ​បរាជ័យ ខណៈ​ចិន​ក៏​ព្រមាន​នឹង​សងសឹក​អាមេរិក​វិញ​។ សម្រាប់​ក្រុមអ្នកវិភាគ​បាន​ព្រមាន​ថា ការដំឡើង​ពន្ធ​ជុំ​ថ្មី​ខ្ពស់ជាង​មុន​ដូច្នេះ នឹង​ធ្វើឲ្យ​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​ពិបាក​ដោះស្រាយ​៕

ព័ត៌មានផ្សេងទៀត