ប្រទេស​៧០​​ចុះហត្ថលេខា​​ស្នើឲ្យ​​កូរ៉េខាងជើង​​បោះបង់​​អាវុធ​នុយក្លេអ៊ែរ​

11-05-2019 10:40 am 1123
  ស្តាប់
រូបភាព​បាញ់​គ្រាប់រ៉ុកក្កែត​របស់កូរ៉េខាងជើង
ស្តាប់ជាសំឡេង

​ប្រទេស​ចំនួន​៧០​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ ក្នុង​មាន​មី​ស៊ី​ល​រួមទាំង​កម្មវិធី​នុយក្លេអ៊ែរ​ផ្សេងទៀត ដែល​ជះឥទ្ធិពល​មិនល្អ​គំរាមកំហែង​ដល់​សន្ដិភាព​ពិភពលោក​។ ប្រទេស​ហត្ថលេខី​ក្នុងនោះ​មាន​អាមេរិក​និង​កូរ៉េខាងត្បូង រួមទាំង​ប្រទេស​នៅ​អាស៊ី អាមេរិក​ឡាទីន អាហ្វ្រិក និង​អឺរ៉ុប បាន​ស្នើសុំ​រួមគ្នា​ទៅ​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សុក្រ​។ ដោយឡែក​ប្រទេស​រុស្ស៊ី ចិន ប្រទេស​ដែល​គាំទ្រ​របប​ក្រុង​ព្យុងយ៉ាង មិនបាន​ចុះហត្ថលេខា​លើ​លិខិត​ស្នើសុំ​ធ្វើឡើង​ដោយ​ប្រទេស​បារាំង​ឡើយ​។ 

​យោងតាម​ប្រភព​ការទូត​មួយ​បានឲ្យដឹងថា ប្រទេស​ប្រហែល​១៥​បាន​ស្នើសុំ​ឲ្យ​ចុះហត្ថលេខា​លើ​សំណើសុំ​ដកហូត​អាវុធ​កូរ៉េខាងជើង បន្ទាប់ពី​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ថ្មីៗ​នេះ​។ នៅក្នុង​ឯករ​សារ​ដែល​បាន​ចុះហត្ថលេខា​នោះ​និយាយថា ប្រទេស​ហត្ថលេខី​ទាំងអស់​ពិតជា​ស្អប់ខ្ពើម​យ៉ាងខ្លាំង​ចំពោះ​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​តំបន់ ក៏​ដូច​គំរាមកំហែង​ដល់​សន្ដិសុខ​និង​សន្ដិភាព​ពិភពលោក តាមរយៈ​ការបន្ដ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង​។ ដូច្នេះ​ពួកគេ​សូម​លើក​ទឹកចិត្ដ​ឲ្យ​កូរ៉េខាងជើង​ចៀសវាង​ការ​បង្កហេតុ និង​សុំ​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​បន្ដ​កិច្ចពិភាក្សា​ជាមួយ​អាមេរិក លើ​ដំណើរការ​រំលាយ​អាវុធ​នុយក្លេអ៊ែរ​។  

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ដល់​ទៅ​ពីរលើក​ក្នុងពេល​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​។ លើកទីមួយ​កាលពី​ថ្ងៃទី​០៤​ឧសភា និង​លើក​ទី​ពីរ​កាលពី​ថ្ងៃទី​០៩​ឧសភា​ឆ្នាំ​២០១៩​នេះ​។ ជាមួយនឹង​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ទាំង​ពីរលើក ក្រុមអ្នកវិភាគ​បាន​និយាយថា​កូរ៉េខាងជើង​កំពុងតែ​ដើរ​លើផ្លូវ​មួយ គឺ​ស្ថិតនៅ​ចន្លោះ​ការបង្កើន​សម្ពាធ​ដាក់​លើ​សហរដ្ឋអាមេរិក ហើយក៏​មិនបាន​ដើរ​ចេញពី​ការចរចា​បញ្ហា​នុយក្លេអ៊ែ​រដែរ​។ 

​កូរ៉េខាងជើង​ធ្លាប់​ប្រកាស​ថ្មីៗ​នេះដែ​រថា ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់គេ​គ្រាន់​ជា​ការហ្វឹកហាត់​ធម្មតា​របស់​យោធា​ប៉ុណ្ណោះ ជា​យុទ្ធសាស្ដ្រ​ពង្រឹងសមត្ថភាព​ការពារ​ខ្លួន​។ កូរ៉េខាងជើង​គ្មាន​បំណង​បង្កចលាចល​ឬ​មាន​គោលដៅ​គំរាមកំហែង​លើ​ប្រទេស​ណាមួយ​ឡើយ​។ ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង នៅតែ​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​ខ្លាំង​ដដែល​សម្រាប់​អន្ដរជាតិ ពិសេស​អាមេរិក កូរ៉េខាងត្បូង និង​ប្រទេស​ក្បែរ​ខាង​កូរ៉េខាងជើង​ផ្សេងទៀត​៕

ព័ត៌មានផ្សេងទៀត