អាមេរិក​​បញ្ជូន​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​​និង​នាវាចម្បាំង​​ទៅ​តំបន់​មជ្ឈិម​បូព៌ា​​បន្ថែម​

11-05-2019 9:17 am 1808
  ស្តាប់
នាវា​USS ArlingtonដែលនឹងចូលរួមជាមួយនាវាUSS Abraham Lincolnទៅមជ្ឈិមបូព៌ា
ស្តាប់ជាសំឡេង

​អាមេរិក​នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​និង​នាវាចម្បាំង​ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា ចន្លោះពេល​ផ្ទុះ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​។ នាវា​USS Arlington​ដែល​ដឹកជញ្ជូន​យានយន្ដ​និង​យន្ដហោះ​ចម្បាំង នឹងចូលរួម​ជាមួយ​នា​វា​USS Abraham Lincoln ដឹកជញ្ជូន​ក្រុម​វាយប្រហារ​ឆ្ពោះទៅកាន់​តំបន់​នោះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក​។ យន្ដហោះ​ទម្លាក់​គ្រាប់​B-52​របស់​អាមេរិក​ក៏បាន​ធ្វើដំណើរ​ទៅដល់​មូលដ្ឋាន​ក្នុងប្រទេស​កាតា​ហើយ​ដែរ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ទីរ​បញ្ច​កោ​ណ​។​

​អាមេរិក​បាន​បញ្ជាក់ថា​ការបញ្ជូន​កងកម្លាំង​ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា ជា​ការឆ្លើយតប​នឹង​លទ្ធភាព​ដែល​អ៊ីរ៉ង់​អាចធ្វើ​ប្រតិ​ប​ត្ដិ​ការប្រឆាំង​កងក​ម្លាំង​អាមេរិក​នៅក្នុង​តំបន់​។ អាមេរិក​បាន​ផ្ដល់ព័ត៌មាន​តិចតួច​ណាស់​ទាក់ទង​នឹង​អ្វី​ដែលថា​ជា​ការគំរាមកំហែង ខណៈដែល​អ៊ីរ៉ង់​បាន​ច្រានចោល​ព័ត៌មាន​នេះ​។ អ៊ីរ៉ង់​ថា​ការ​ដាក់ពង្រាយ​កម្លាំងរ​បស់​អាមេរិក ជា​សង្គ្រាម​ផ្លូវចិត្ដ​មួយ​មាន​គោលបំណង​បំភិតបំភ័យ​ខ្លួន​។​

​កាលពី​ថ្ងៃ​សុក្រ​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា អាមេរិក​មិនបាន​ចង់​បង្កជម្លោះ​ជាមួយ​អ៊ីរ៉ង់​ទេ ប៉ុន្ដែ​ទីក្រុង​វ៉ាស៊ីនតោន​គ្រាន់​ត្រៀម​ទុក​មុន​ដើម្បី​ការពារ​កងកម្លាំង​អាមេរិក និង​ផលប្រយោជន៍​អាមេរិក​នៅក្នុង​តំបន់​។ ក្រសួង​ការពារជាតិ​អាមេរិក​បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា កំពុង​តាមដាន​យ៉ាង​យកចិត្ដទុកដាក់​លើ​សកម្មភាព​របស់​អ៊ីរ៉ង់​។ ក្រសួង​បន្ថែមថា​ចំពោះ​ការបញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទៅ​ដំឡើង​នៅ​ទីនោះ គឺ​ការពារ​ក្រែងលោ​កមាន​ការវាយប្រហា​រ​ណាមួយ​។​

​មន្ដ្រី​អាមេរិក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា នាវា​USS Arlington​បាន​ត្រៀម​ចេញដំណើ​រហើយ ប៉ុន្ដែ​ត្រូវបាន​គេ​នាំមុខ​ដើម្បី​ធានា​ពី​ការបង្កើន​សមត្ថភាព​ដឹកនាំ​និង​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​។ រីឯ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​USS Abraham Lincoln បាន​ឆ្លងកាត់​ច្រក​សមុទ្រ​Suez Canal​របស់អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ទន្ទឹមនឹង​ការបញ្ជូន​កងកម្លាំង​ប្រយុទ្ធ​របស់​អាមេរិក​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ក្ដី​ព្រួយបារម្ភ​កំពុង​កើតមាន​ថា​អាច​បង្កើន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​អាមេរិក​ជាមួយ​អ៊ីរ៉ង់ ស្របពេល​អ៊ីរ៉ង់​ទើប​ព្រមាន​ចង់​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត