ប្រធានាធិបតី​​តៃវ៉ាន់​ថា​​ចិន​កំពុង​​ព្យាយាម​​ជ្រៀតចូល​​ពង្រីក​​ឥទ្ធិពល​​លើ​តៃវ៉ាន់​

10-05-2019 3:47 pm 276
  ស្តាប់
ប្រធានាធិបតីតៃវ៉ាន់លោកស្រី​ត្សៃ អ៊ីង​វិន
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន​បាន​និយាយ​នៅ​ថ្ងៃទី​១០​ឧសភា​នេះ​ថា ប្រទេស​ចិន​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជ្រៀតចូល​និង​ចង់​ពង្រីក​ឥទ្ធិពល​លើ​តៃវ៉ាន់​។ លោកស្រី​បាន​ស្នើឲ្យ​ទីភ្នាក់ងារ​សន្ដិសុខ​ជាតិ ត្រូវ​ត្រៀម​ទប់ទល់​នឹង​ចេតនា​របស់​ចិន​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ទីភ្នាក់ងារ​សន្ដិសុខ​ជាតិ លោកស្រី​ត្សៃ​ថា​ឥទ្ធិពល​របស់​ចិន​ដែល​ចង់​ប្រើ​លើ​តៃវ៉ាន់ មានដូចជា​ការប៉ុនប៉ង​ជ្រៀតជ្រែក​ការបោះឆ្នោត និង​ធ្វើ​យុទ្ធនាការ​ឃោសនា​ព័ត៌មាន​ក្លែងក្លាយ​ជាដើម​។​

​លោកស្រី​មិន​បានបញ្ជាក់​លម្អិត​ពីអ្វី​ដែល​នឹង​អាច​កើតឡើង​ទេ ប៉ុន្ដែ​លោកស្រី​ថា​ទីភ្នាក់ងារ​សន្ដិសុខ​ជាតិ​តៃវ៉ាន់ អាច​ស្វែងរក​យុទ្ធសាស្ដ្រ​ដោះស្រាយ​ការផ្លាស់ប្ដូរ​របស់​ចិន​បាន​។ លោកស្រី​បន្ថែមថា​តៃវ៉ាន់​អាច​នឹង​ប្រឆាំង​លើ​ការឈ្លានពាន​ដោយ​យោធា​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ហើយ​តៃវ៉ាន់​នឹង​បង្កើន​សមត្ថភាព​ការពារជាតិ ក្នុងនោះ​មាន​បំពាក់​សព្វាវុធ​ទំនើបៗ​បន្ថែម​ដល់​កងទ័ព ដោយ​ថ្មីៗ​នេះ​តៃវ៉ាន់​ទើបតែ​ចាប់ផ្ដើម​កម្មវិធី​ថ្មី​មួយ​ផលិត​នាវាមុជទឹក​នៅ​ក្នុងស្រុក​។​

​លោកស្រី​សង្កត់ធ្ងន់​ទៀតថា គណបក្ស​កុម្មុយនីស្ដ​ចិន​បាន​បន្ដសកម្មភាព​បង្កហេតុ​ក្នុង​ដែនសមុទ្រ​តៃវ៉ាន់ ដែល​ធ្វើបែបនេះ​កំពុង​បំផ្លាញ​ស្ថានភាព​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។ ការលើកឡើង​របស់លោក​ស្រី​បន្ទាប់ពី​មាន​ភាព​តានតឹង​ក្នុង​ជម្លោះ​ដែនទឹក​កាលពី​ខែ​មុន នៅពេលដែល​ចិន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ មាន​ការចូលរួម​ពី​នាវាចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់ យន្ដហោះ​ឈ្លប​ការណ៍ នៅ​ជុំវិញ​កោះ​តៃវ៉ាន់​។​

​គួរ​បញ្ជាក់ថា សម្រាប់​ប្រទេស​ចិន​មិនដែល​ចាត់ទុក​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​ឡើយ ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ដ​មួយ​របស់ខ្លួន​ប៉ុណ្ណោះ​។ ចិន​ប្រកាស​ចង់​បង្រួបបង្រួម​ដោយ​សន្ដិភាព​ជាមួយ​តៃវ៉ាន់ គឺ​ចង់​ក្លាយជា​ប្រទេសមួយ​មាន​ប្រព័ន្ធ​ដឹកនាំ​ពីរ​ក៏បាន​ឲ្យតែ​តៃវ៉ាន់​ព្រម ប៉ុន្ដែ​តៃវ៉ាន់​ដាច់ខាត​មិន​ចង់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​ទេ​។ សព្វថ្ងៃ​តៃវ៉ាន់​សម្អាង​លើ​អាមេរិក​នៅ​ពីក្រោយ ដោយ​អាមេរិក​តែងតែ​ចេញមុខ​ការពារ ហើយ​អាមេរិក​ក៏​ជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ទំនើបៗ​ដល់​តៃវ៉ាន់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត