លោក​ដូណាល់ ត្រាំ​​នៅតែ​ពុំទាន់​​ជោគជ័យ​​ក្នុង​ការដោះស្រាយ​​វិបត្ដិ​ពិភពលោក​?

07-05-2019 3:52 pm 1144
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​បន្ទាប់ពី​ចូល​កាន់តំណែង​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៧ លោក​ដូណាល់ ត្រាំ​បាន​ចូលខ្លួន​ទៅ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជាច្រើន​ក្នុង​ពិភពលោក​។ ការ​លូកដៃ​ក្នុងនាម​ជា​មេដឹកនាំ​មហាអំណាច​ពិភពលោក ដើម្បី​ជួយ​ដោះស្រាយ​វិបត្ដិ​នានា​ក៏ដូចជា​ទាញយក​ផលប្រយោជន៍​ឲ្យ​អាមេរិក​ផងដែរ​។ ប៉ុន្ដែ​អ្វីដែល​លោក​បានធ្វើ​កន្លងមក មាន​ទាំង​មតិ​សរសើរ​និង​មតិ​រិះគន់​។ តើ​លោក​រង​ការរិះគន់​យ៉ាងណាខ្លះ ហើយ​ទទួលបាន​ការកោតសរសើ​រ​យ៉ាងណាខ្លះ​? លោក​ពិតជា​ពុំទាន់​អាចជួយ​ឲ្យ​ពិភពលោ​កបាន​ធូរស្បើយ​ពី​ភាពវឹកវរ​ទេ​ឬ​?

​ជា​បន្ដ​សូម​ស្ដាប់​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ រៀបចំ​ជូន​ដោយ​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​និយាយ​ពី​ពាក្យ​សរសើរ​ដល់​លោក​ដូណាល់ ត្រាំ គ្រាន់តែ​ចូល​កាន់តំណែង​ភ្លាម​លោក​បានធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ភ្ញាក់ផ្អើល​ត្រង់​ថា​លោក​បានចាប់ផ្ដើម​អនុវត្ដ​តាម​គោលនយោបាយ​ដែល​បានប្រកាស​ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត គឺ​ចាប់ផ្ដើម​សម្លឹងមើល​ផលប្រយោជន៍​អាមេរិក​ជាធំ គិត​អាមេរិក​ដំបូង​គេ​ព្រោះ​លោក​ធ្លាប់​សន្យា​នឹង​ធ្វើឲ្យ​អាមេរិក​អស្ចារ្យ​ម្ដងទៀត​។ ក្រៅពីនេះ​លោក​បាន​រឹតបន្ដឹង​លើ​ជនអន្ដោប្រវេសន៍​ខុសច្បាប់ ដោយ​ចាប់បញ្ជូន​អ្នក​គ្មាន​លិខិតស្នាម​ត្រឡប់​ទៅវិញ និង​ហាមឃាត់​ប្រជាជន​បណ្ដា​ប្រទេស​មួយចំនួន មិនឲ្យ​ឈានជើង​ចូល​ទឹក​ដីអា​មេរិក​ឡើយ​ក្រោម​ហេតុផល​សន្ដិសុខ​។ លោក​បារម្ភ​អ្នកធ្វើដំណើរ​មកពី​ប្រទេស​មាន​សង្គ្រាម​ដូចជា​ស៊ី​រី អ៊ីរ៉ាក់ យេមែន​ជាដើម អាចមាន​បណ្ដាញ​ក្រុម​ភេរ​វករ​បន្លំ​ខ្លួន​ចូលមក​បង្ក​អសន្ដិសុខ​នៅ​អាមេរិក​។ ទាំងនេះ​សុទ្ធ​ជា​អ្វីដែល​លោក​ត្រាំ​ចង់ឲ្យ​អាមេរិ​កបាន​សុខ​និង​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​រឿង​ដែល​កក្រើក​ពេញ​ពិភពលោក គឺ​ជុំវិញ​ការបន្ធូរបន្ថយ​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ និង​កាត់បន្ថយ​ភាព​តានតឹង​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង​។ ជាក់ស្ដែង​ណាស់​ថា​ក្នុង​ឆ្នាំ​២០១៧​លោក​ត្រាំ​និង​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង បានធ្វើ​សង្គ្រាមពាក្យសម្ដី​ជាមួយគ្នា​ស្ទើរតែ​ផ្ទុះ​សង្គ្រាម​សព្វាវុធ​ទៅហើយ ជុំវិញ​ករណី​ធ្វើតេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​និង​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ប៉ុន្ដែ​ឈានចូល​ដើមឆ្នាំ​២០១៨ ស្ថានការណ៍​បាន​ប្រែប្រួល​ទាំងស្រុង​មិន​នឹកស្មាន​ដល់​។ លោក​គីម ជុង​អ៊ុន​បែរ​ប្រកាស​ចង់​ស្វែងរក​សន្ដិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ និង​សន្ដិភាព​ជាមួយ​អាមេរិក​។ រីឯ​លោក​ដូណាល់ ត្រាំ​ក៏​មិន​បង្អង់​យូរ​បាន​ចាត់តាំង​ឲ្យ​មន្ដ្រី​អាមេរិក ទាក់ទង​ជាមួយ​មន្ដ្រី​កូរ៉េខាងជើង​ភ្លាមៗ និយាយ​ពី​លក្ខខណ្ឌ​ដែល​អាច​ឈានដល់​កិច្ច​ចរចា​។ ទីបំផុត​លោក​ត្រាំ​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​មួយចំនួន​ជាមួយ​កូរ៉េខាងជើង ដូចជា​ផ្អាក​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង ជា​អ្វីដែល​កូរ៉េខាងជើង​ចង់បាន​បំផុត ហើយ​មិន​ដែលមាន​ប្រធានាធិបតី​អាមេរិក​រូប​ណា​ធ្វើ​បានឡើយ​។ 

​អន្ដរជាតិ​ចាប់ផ្ដើម​ភ្ញាក់ខ្លួន​ព្រើត នៅពេល​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន យល់ព្រម​ជួបគ្នា​ជា​លើកដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ នៅ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​ក្នុងប្រទេស​សិង្ហ​បុរី​។ កិច្ច​ជំនួប​នេះ​ជា​រឿង​មិន​ធ្លាប់​គិត​សូម្បី​ស្រមៃ​ក៏​គិត​មិន​ដល់​ថា លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​អាច​អង្គុយ​ចរចា​ទល់មុខ​គ្នា​ដូច្នេះ​។ កាលនោះ​សម្រេចបាន​លទ្ធផល​វិជ្ជមាន​សំខាន់ៗ​ដូចជា​៖

ទីមួយ​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​បង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយគ្នា អនុលោម​តាម​បំណងប្រាថ្នា​របស់​ប្រជាជន​ប្រទេស​ទាំងពីរ ដើម្បី​សន្ដិភាព​និង​វិបុលភាព​។​

​ទី​ពីរ​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព កសាង​សន្ដិភាព ស្ថិរភាព នៅលើ​ឧបទ្វីប​កូរ៉េ​។​

​ទី​បី​៖ លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បានបញ្ជាក់​ឡើងវិញ​ពី​សេចក្ដីប្រកាស​រួម ដែល​លោក​គីម ជុង​អ៊ុន​និង​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង​សម្រេចបាន ក្នុង​កិច្ចប្រជុំ​អន្ដរ​កូរ៉េ​កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨​។ កាលនោះ​កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​រំលាយចោល​នុយក្លេអ៊ែរ​ទាំងស្រុង ចេញពី​ឧបទ្វីប​កូរ៉េ​។​

​ទី​បួន​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​អ្នកទោស​សល់​ពី​សម័យ​សង្គ្រាម និង​ការធ្វើ​មាតុភូមិនិវត្ដន៍​អដ្ឋិ​ធាតុ​អ្នកទោស​ដែល​បានកំណត់​អត្ដ​សញ្ញាណ​រួចរាល់​។ បន្ថែម​លើ​នេះ​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន ចាត់ទុក​កិច្ចប្រជុំ​ជា​ព្រឹត្ដិការណ៍​ធំធេង​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ ក្នុងការ​យកឈ្នះ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​។ លោក​ត្រាំ​និង​លោក​គីម​រំពឹង​នឹង​អាច​បើក​ទំព័រ​សករាជ​ថ្មី មាន​អនាគត​ថ្មី នៃ​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង​។ នៅក្នុង​កិច្ចព្រមព្រៀង​មេដឹកនាំ​ទាំង​ពីរបាន​ប្ដេជ្ញា​អនុវត្ដ​ទៅតាម​អ្វីដែល​បាន​ឯកភាព ឆ្ពោះទៅ​សម្រេច​ឲ្យបាន​កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី អភិវឌ្ឍ​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង លើកកម្ពស់​សន្ដិភាព វិបុលភាព និង​សន្ដិសុខ​នៅលើ​ឧបទ្វីប​កូរ៉េ​ក៏ដូចជា​ពិភពលោក​ទាំងមូល​។​

​ក្រៅពី​ជំនួប​លើកដំបូង​ជំនួប​លើក​ទី​ពីរ​របស់លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន បាន​ធ្វើឡើង​រយៈពេល​ពី​រ​ថ្ងៃ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​២៧-២៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​។ ដ្បិតថា​កិច្ច​ជំនួប​មិន​ទទួលបាន​កិច្ចព្រមព្រៀង ប៉ុន្ដែ​លោក​ត្រាំ​ង​អះអាងថា​ទំនាក់ទំនង​ជាមួយ​លោក​គីម ជុង​អ៊ុន​នៅតែ​ល្អ​ជានិច្ច​។ លោក​ត្រាំ​និង​លោក​គីម​បានប្រកាស​នឹង​ជួបគ្នា​ជា​លើក​ទី​បី​ទៀត​។​

​រីឯ​ការរិះគន់​វិញ​លោក​ត្រាំ​ក៏​ប្រឈមិ​ន​តិច​ដែរ តាំងពី​ចូល​កាន់តំណែង​ភ្លាមៗ​មកម្ល៉េះ​។ ដំបូង​ពាក់ព័ន្ធ​នឹង​បទពិសោធន៍​នយោបាយ ព្រោះ​លោក​ត្រាំ​គ្មាន​បទពិសោធន៍​នយោបាយ​ទេ លោក​ធ្លាប់ជា​អ្នកជំនួញ​ប៉ុណ្ណោះ​។ អ្នក​គ្មាន​បទពិសោធន៍​នយោបាយ​ហើយ​ធ្វើជា​មេដឹកនាំ ក្រុម​អ្នក​រិះគន់ថា​នឹង​ធ្វើឲ្យ​នយោបាយ​ការបរទេស​អាមេរិក​ធ្លាក់ចុះ​។ បន្ទាប់មកទៀត​ការ​លូកដៃ​ជួយ​ដោះស្រាយ​វិបត្ដិ​អន្ដរជាតិ ដែល​គេ​ចោទថា​លោក​ត្រាំ​មិនបាន​ជួយ​ពន្លត់ភ្លើង​កំពុង​ឆេះ​ទេ បែរ​យក​សាំង​ទៅ​ចាក់​ពីលើ​ទៅវិញ​។ 

​ចាប់អារម្មណ៍​ពី​បញ្ជា​ជាមួយ​អ៊ីរ៉ង់ ថ្មីៗ​នេះ​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​អាមេរិក​លោក​ច​ន ប៊ុល​តុ​ន​បានប្រកាសថា អាមេរិក​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​យន្ដហោះ​ទម្លាក់​គ្រាប់​ទៅ​មជ្ឈិម​បូព៌ា ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​ការផ្លាស់ប្ដូរ​របស់​អ៊ីរ៉ង់​។ ស្របពេល​កំពុងមាន​ជម្លោះ​ជាមួយ​អាមេរិក​រឿង​កម្មវិធី​នុយក្លេអ៊ែរ​ស្រាប់​ផង អ៊ីរ៉ង់​ត្រូវ​អាមេរិក​ចោទថា​មាន​ចេតនា​ចង់​វាយប្រហា​រក​ង​កម្លាំង​អាមេរិក ផលប្រយោជន៍​អាមេរិក និង​សម្ព័ន្ធមិត្ដ​អាមេរិក​។ យ៉ាងណាមិញ​ទីក្រុង​វ៉ាស៊ីនតោន​ថា​គ្មា​ចេតនា​ចង់​បង្ក​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ គ្រាន់តែ​ចង់​ការពារ​ទុក​មុន​ប៉ុណ្ណោះ​។ តែ​ទោះ​មាន​ចេតនា​ឬ​គ្មាន​ចេតនា វា​ជា​សញ្ញា​បង្ហាញថា​អាមេរិក​ចង់​បង្អួត​សាច់ដុំ​យោធា ចង់​បញ្ឆោះ​ឲ្យ​អ៊ីរ៉ង់​ខឹង​កាន់តែខ្លាំង​។​

​ចំណែក​នៅ​តំបន់​កា​ហ្សា ចន្លោះពេល​ជម្លោះ​រវាង​ប៉ាឡេ​ស្ទី​ននិង​អ៊ីស្រាអែល​ផ្ទុះឡើង​ជាថ្មី​នៅ​តំបន់​កា​ហ្សា អាមេរិក​បាន​ទទូច​សុំឲ្យ​ប្រជាជន​ប៉ាឡេ​ស្ទីន​នៅទីនោះ​អត់ធ្មត់ និង​ស្វែងរក​សន្ដិភាព​ជាមួយ​អ៊ីស្រាអែល​។ លោក​បានប្រកាស​លើ​បណ្ដាញ​ធ្វី​ត​ទ័​រ​ថា លោក​គាំទ្រ​អ៊ីស្រាអែល​មួយរយ​ភាគរយ​ក្នុង​ការការពារ​សុវត្ថិភាព​ប្រជាជន ក្រោយ​រងគ្រោះ​ពី​ការវាយប្រហារ​ដោយ​រ៉ុក​ក្កែ​តរបស់​ប៉ាឡេ​ស្ទីន​។ ប៉ុន្ដែ​លោក​ភ្លេច​គិតថា​ភាគី​ប៉ាឡេ​ស្ទីន​ចង់បាន​អ្វីខ្លះ ហើយ​អ៊ីស្រាអែល​បានធ្វើ​អ្វីខ្លះ​ដាក់​ប៉ាឡេ​ស្ទីន​កន្លងមក​។ ការស្នើឲ្យ​ប្រជាជន​ប៉ាឡេ​ស្ទីន​អត់ធ្មត់ រឹតតែ​ធ្វើឲ្យ​ពួកគេ​ខឹង​ខ្លាំង​និង​ឆ្ងល់​ថា​ម៉េច​មិន​ស្នើឲ្យ​អ៊ីស្រាអែល​អត់ធ្មត់​ផង​។ ប៉ាឡេ​ស្ទីន​ចោទថា​អ៊ីស្រាអែល​ចង់​ទាមទា​រកា​ន់​កាប់​ដែនដី​របស់គេ រំលោភ​លើ​ច្បាប់​អន្ដរជាតិ​មិនមែន​កំហុស​ពួកគេ​ទេ​។​

​វិបត្ដិ​ជាមួយ​ប្រទេស​ចិន​វិញ បច្ចុប្បន្ន​សង្គ្រាម​ពាណិជ្ជកម្ម​គឺជា​ឆ្អឹក​ទទឹងក​ប្រទេស​ទាំងពីរ​។ ការចរចា​ធ្វើឡើង​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​ផ្ទុះ​សង្គ្រាម​កាន់តែ​ធំ​។ ទោះ​មាន​ការសន្យា​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​ខ្លី ប៉ុន្ដែ​យុទ្ធសាស្ដ្រ​ដោះស្រាយ​បញ្ហា​នៅ​មិនទាន់​រកឃើញ​។ អស់​រយៈពេល​១០​ខែ​ហើយ​ដែល​ចិន​ត្រូវ​ចំណាយ​លើ​ការដំឡើង​ពន្ធ​ទំនិញ​នាំ​ចូលទៅ​អាមេរិក មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ ប្រសិនបើ​រក​មិនឃើញ​ដំណោះស្រាយ អាមេរិក​និង​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​កាន់តែច្រើន ហើយ​ចិន​ក៏​នឹង​សងសឹក​វិញ​ដូចគ្នា ជាហេតុ​ធ្វើឲ្យមាន​ក្ដីបារម្ភ​ថា​សង្គ្រាម​ពាណិ​ជ្ជកម្ម​នឹង​ផ្ទុះឡើង​កាន់តែខ្លាំង​។​

​ការ​លូកដៃ​នៅ​យេមែន លោក​ត្រាំ​គឺជា​មនុស្ស​ទី​ពីរ​ដែល​បានប្រកាស​វេតូ​កាលពី​ខែ​មុន ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក ច្រានចោល​សេចក្ដីសម្រេច​តាមរយៈ​សភា​មាន​គោលបំណង​ចង់ឲ្យ​អាមេរិកលែង​ពាក់ព័ន្ធ​ជាមួយ​អារ៉ាប៊ីសាអូឌីត ដឹកនាំ​សង្គ្រាម​នៅ​យេមែន​តទៅទៀត​។ លោក​ត្រាំ​ក៏​រង​ការរិះគន់​ថា​ចង់​អត់ឱន​ឲ្យ​អា​រ៉ាប៊ីសាអូឌីត ដែល​កំពុង​រង​ការចោទប្រកាន់ថា​បាន​ពាក់ព័ន្ធ​ការសម្លាប់​អ្នកកាសែត​ល្បីឈ្មោះ​លោក​ចាម​ល ខា​ស៊ូ​ជី​។ អា​រ៉ាប៊ីសាអូឌីត​រងការ​រិះគន់​យ៉ាងខ្លាំង​ពីបណ្ដា​ប្រទេសនៅ​អឺរ៉ុប​។​

​បក​មកវិញ​បន្ដិច​ពី​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ស្ថិតក្រោម​ការឯកភាព​ពី​លោក​ត្រាំ​និង​លោក​គីម​មែន ប៉ុន្ដែ​ដំណើរការ​នេះ​ដើរ​ទៅមុខ​យឺតយ៉ាវ​បំផុត​។ បច្ចុប្បន្ន​ពុំទាន់​ឃើញ​លទ្ធផល​គួរឲ្យ​កត់សម្គាល់ថា កូរ៉េខាងជើង​នឹង​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​ទាំងស្រុង​ទេ​។ 

​ជារួម​មក​ក្នុងករណី​នីមួយៗ​ដែល​បានលើកឡើង ជា​ឧទាហរណ៍​ខ្លះ​បង្ហាញថា​លោក​ត្រាំ​ហាក់​បាន​ដុត​ឲ្យ​ភ្លើង​បញ្ហា​ឆេះ​កាន់តែខ្លាំង ជាជាង​ស្វែងរក​វិធីសាស្ដ្រ​ពន្លត់​វា​។ អ្វីដែល​លោក​ត្រាំ​ធ្វើជា​យុទ្ធសាស្ដ្រ​ប្រថុយប្រថាន​មួយ នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ប្រសិនបើ​យុទ្ធសាស្ដ្រ​ទាំងនោះ​ត្រូវ​បរាជ័យ​។ លោក​ត្រាំ​ដូចជា​ពុំទាន់​ទទួលជោគជ័យ​ក្នុង​ការជួយ​ដោះស្រាយ​វិបត្ដិ​អន្ដរជាតិ​ទេ ខណៈ​កំពុង​ស្ថិតក្រោម​ការឃ្លាំមើល​យ៉ាង​យកចិត្ដទុកដាក់ គឺ​រង់ចាំ​មើល​ការដឹកនាំ​របស់លោក​អាច​ទទួលលទ្ធផល​វិជ្ជមាន​សម្រាប់​អាមេរិក សម្រាប់​ពិភពលោក ឬ​ធ្វើឲ្យ​អាមេរិក​បាត់បង់​ប្រជាប្រិយភាព​ក្នុង​សង្វៀន​អន្ដរជាតិ បង្ក​ឲ្យ​ស្ថានការណ៍​ចលាចល​កាន់តែខ្លាំង​៕

ព័ត៌មានផ្សេងទៀត