តើ​គម្រោង​​កំណែ​ទម្រង់​​ក្រសួង​​ការពារ​ជាតិ និង​​​មហាផ្ទៃ​​ជាការ​​ចាំ​បាច់​​ឬ​?​

29-04-2019 4:09 pm 831
  ស្តាប់
នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន។
ស្តាប់ជាសំឡេង

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន នៅពេល​ថ្មីៗ​នេះ បាន​បង្ហើប​ពី​គម្រោង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​ចំពោះ​ក្រសួង​ការពារជាតិ និង ក្រសួងមហាផ្ទៃ ដែលជា​ក្រសួង​គ្រប់គ្រង​លើ​កម្លាំង​កងទ័ព និង កម្លាំង​នគរបាល​។​ជា​គម្រោង​ដែល​អ្នកវិភាគ និង អ្នកតាមដាន​សម្តែង​ការគាំទ្រ តែ​ស្នើ​សុំឱ្យ​ការ​កំណែទម្រង់​នេះ ត្រូវធ្វើឡើង​ដោយមាន​តម្លាភាព និង ភាពស្មោះត្រង់​។ សម្រាប់​អ្នកវិភាគ ប្រសិនបើ​ការ​កំណែទម្រង់​នេះ រៀបចំឡើង​មិន​ត្រឹមត្រូវ​ទេនោះ វា​អាច​នឹងមាន​ផលវិបាក​សម្រាប់​ថ្ងៃ​អនាគត​។​

​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅពេល​ថ្មីៗ​នេះ បាន​បង្ហើប​ពី​គម្រោង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​ក្រសួង​ចំនួន​ពីរ គឺ​ក្រសួងការពារជាតិ និង ក្រសួងមហាផ្ទៃ ដែលជា​ក្រសួង​គ្រប់គ្រង​លើ​កម្លាំង​កងទ័ព និង កម្លាំង​នគរបាល​។​

​បើតាម​លោក ហ៊ុន សែន នៅ​ថ្ងៃ​អនាគត ក្នុង​ជួរ​កងទ័ព​មានតែ​រដ្ឋមន្ត្រី​ការពារជាតិ និង អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ប៉ុណ្ណោះ​ដែល​ពាក់​ផ្កាយ​៤, ត្រឹម​អគ្គមេបញ្ជាការ​រង និង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នានា ត្រូវ​ពាក់​ផ្កាយ​៣ ហើយ​អគ្គនាយករង​ពាក់​ត្រឹម​ផ្កាយ​២​ប៉ុណ្ណោះ​។​សម្រាប់​មេបញ្ជាការ​កងទ័ពជើងគោក ជើង​អាកាស ជើង​ទឹក គឺ​ពាក់​ត្រឹម​ផ្កាយ​៣ និង តាម​បណ្តា​មេបញ្ជាការ​ភូមិភាគ​នានា ផ្តល់​ត្រឹម​ផ្កាយ​២ ។

​ដោយឡែក អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ទាំងអស់ នឹងត្រូវ​ពាក់​ត្រឹម​ផ្កាយ​៣​។​រីឯ​ថ្នាក់​រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ លោក ហ៊ុន សែន ថ្លែងថា ដែល​ធ្លាប់​ពាក់​ផ្កាយ​៤ នឹង​ទម្លាក់​មក​ត្រឹម​ផ្កាយ​៣​វិញ​។​

​គម្រោង​​លោកនាយ​ក​រដ្ឋមន្ត្រី ត្រូវបាន​អ្នកវិភាគ និង អ្នកតាមដាន​មួយចំនួន​សម្តែង​ការគាំទ្រ​។​ប៉ុន្តែ ពួក​គេបានស្នើ​សុំឱ្យ​ការ​កំណែទម្រង់​នេះ ត្រូវធ្វើឡើង​ដោយមាន​តម្លាភាព និង ភាពស្មោះត្រង់ បើ​មិន​ដូច្នោះ​ទេ វា​អាច​នឹងមាន​ផលវិបាក​សម្រាប់​ថ្ងៃ​អនាគត​។​

​អ្នកវិភាគ និង ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី បាន​ថ្លែងថា រចនាសម្ព័ន្ធ​នៃ​ក្រសួង​ការពារជាតិ និង ក្រសួងមហាផ្ទៃ​កម្ពុជា​បច្ចុប្បន្ន នៅ​មិនទាន់​ល្អប្រសើរ ហើយ​ការ​ដំឡើង​តំណែង​ឬ តួនាទី ធ្វើឡើង​ខ្សែរយៈ ឬ​គ្រួសារនិយម​។​ដូច្នេះ​លោក​សាទរ​ចំពោះ​គម្រោង​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ហើយ​លោក​នឹង​តាមដាន​ពី​ការ​កំណែទម្រង់​នេះ​ថា តើ​មាន​តម្លាភាព​ដែរឬទេ​?

​បើតាម​លោក​បណ្ឌិត មាស នី ការ​កំណែទម្រង់​លើ​វិស័យ កងទ័ព និង កម្លាំង​នគរបាល គឺជា​រឿង​ចាំបាច់​ប្រសិនបើ​ធ្វើឡើង ដើម្បីឱ្យ​ស្របតាម​បរិបទ​ប្រទេស និង សកលលោក​។​ប៉ុន្តែ​បើ​ធ្វើឡើង​សម្រាប់តែ​កាត់បន្ថយ​អំណាច​ក្រុម​មួយ ហើយ​ដំឡើង​ក្រុម​មួយទៀត​នោះ វា​អាចមាន​ផលវិបាក​នៅថ្ងៃអនា​គត​។​

​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បាន​ថ្លែងថា ការ​កំណែទម្រង់​ស៊ីជម្រៅ​ចំពោះ​ក្រសួង​ការពារជាតិ និង ក្រសួងមហាផ្ទៃ តាមរយៈ​ទម្លាក់ ឬ​កាត់បន្ថយ ឋានន្តរស័ក្តិ ក្នុង​ជួរ​កងទ័ព និង នគរបាល វា​ជាសំខាន់​មួយ​។​តែ​អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺធ្វើឡើង​ចំពោះ​ទៅនឹង​បញ្ហា​ដែល​កំពុង​កើតមានឡើង​។​បើតាម​លោក​សន ជ័យ ការ​កំណែទម្រង់​ឱ្យ​ស៊ីជម្រៅ ចំ​បញ្ហា និង តម្រូវការ គឺជា​រឿង​ចាំបាច់​ដែល​ត្រូវធ្វើ​ជាប្រចាំ​។​

​បច្ចុប្បន្ន​គេ​នៅ​មិនទាន់​ដឹងថា ឧត្តមសេនីយ៍កងប្រ​ដា​ប់​អាវុធ ឬ​មន្ត្រី​ដែល​បំពាក់​ផ្កាយ​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះទេ​។​តែបើ​យោងតាម​ឯកសារ​បរទេសមួយ​ចុះផ្សាយ​កាលពី​ឆ្នាំ​២០១៤ ឧត្តមសេនីយ៍កងប្រ​ដា​ប់​អាវុធ​កម្ពុជា​មានចំ​នួន​រាប់ពាន់នាក់ ឧត្តមសេនីយ៍​មានចំនួ​ន​ច្រើនជាង​២.២០០​នាក់​ដោយ​រាប់ទាំង​ឧត្តមសេនីយ៍​ផ្កាយ​ប្រាំ​។​

​កន្លងមក​ធ្លាប់​មានមតិ​លើកឡើងថា ការដំឡើងឋានៈ​ដល់​កងទ័ព ឬ​កងកម្លាំងប្រដាប់អាវុធ អាចជួយ​បង្កើន​ភាព​ចំណេញ​ក្នុង​ផ្នែក​ការពារ​អំណាច​របស់​រដ្ឋាភិបាល​សព្វថ្ងៃ ប៉ុន្តែ​វា​នឹង​ធ្វើឱ្យ​ខូច​តម្លៃ​នាយទាហាន​ជាន់ខ្ពស់​។​ផលចំណេញ​រដ្ឋាភិបាល អាចមាន​អ្នក​ដែល​សកម្ម​ត្រូវបាន​លើកទឹកចិត្ត​បន្ថែម ទី​២​អ្នក​ដែល​ស្មោះស្ម័គ្រ​នឹង​មេ​កើយ​ខ្លួន អ្នក​ដែល​ស្មោះស្ម័គ្រ​ជាមួយ​នាយករដ្ឋមន្ត្រី​វា​កាន់​តែមាន​កិច្ចសន្យា​ស្មោះស្ម័គ្រ​ថែមទៀត​។ ចំពោះ​ការខាតបង់​វិញ ខាត​ថវិកា​ត្រូវ​ឧបត្ថម្ភ​ថែម អស់​តម្លៃ​ដោយសារ​មាន​ច្រើន​ហួសហេតុ​។​

​យ៉ាងណាក្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន បាន​ថ្លែងថា គម្រោង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ធ្វើឡើង​មាន​គោលបំណង​ចំនួន​៣ គឺ​ទី​១ ដើម្បី​ធ្វើ​អភិបាលកិច្ច​ល្អ​ក្នុងការ​បំពេញការងារ​របស់​ក្រសួង​ទាំងពីរ ប្រកបដោយ​ប្រសិទ្ធ និង ភាព​ទទួលខុសត្រូវ ទី​២ រដ្ឋាភិបាល​មើលឃើញថា ឋានន្តរស័ក្តិ​បច្ចុប្បន្ន​វា​កើន​ខ្ពស់​ពេក ធ្វើឱ្យ​គោលដៅ​បទបញ្ជា​មាន​ភាព​ច្របូកច្របល់ និង​ទី​៣ ឋានន្តរស័ក្តិ​មន្ត្រី​កម្ពុជា​ខ្ពស់​ដែល​មិន​សម​នឹង​ជជែក​ជាមួយ​មន្ត្រី​ពី​បរទេស​ដែលមាន​ឋាន​ទាប​ជាង​។​

​លោក ផៃ ស៊ី​ផាន បាន​បដិសេធថា គម្រោង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​មិន​ដោយសារតែ​ការរំលោភ​អំណាច ឬ​អំពើពុករលួយ​ក្នុង​ក្រសួង​ទាំងពីរ​នោះទេ ហើយ​អំពើ​កន្លងទៅ​ជា​រឿង​បុគ្គល​។​លោក​ថា​បច្ចុប្បន្ន​រដ្ឋាភិបាល កំពុង​ព្យាយាម​ពង្រឹង​លើ​ការងារ​ទាំងនេះ ដើម្បី​មាន​សមភាព​នៅ​ក្នុងសង្គម ដោយ​រើសអើង អ្នកមាន​បុណ្យស័ក្តិ ឬ​ពលរដ្ឋ​សាមញ្ញ​ឡើយ​៕


ព័ត៌មានផ្សេងទៀត