កម្ពុជា​នៅ​​ចន្លោះ​​នៃ​​ការ​​ប្រជែង​​ឥទ្ធិពល​​រវាង​ចិន និង ​អាមេរិក​​

25-04-2019 2:58 pm 1087
  ស្តាប់
រាប់ពីឆ្វេង គឺប្រធានាធិបតី​ចិន​ លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និង ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ។រូបពី wmc
ស្តាប់ជាសំឡេង

​ការ​ប្រជែង​ដណ្តើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​រវាង​ពួក​មហាអំណាច គឺជា​រឿង​ដែល​កើតមាន​ជា​យូរយា​រណាស់​មកហើយ​។​កម្ពុជា​ធ្លាប់​រងគ្រោះ​ដោយសារ​ការ​ប្រជែង​នេះ តាំងពី​ទស​ត្ស​រ៍​ឆ្នាំ​១៩៧០ និង ដោះខ្លួន​ចេញ​វិញ​នៅ​ទស​ត្ស​រ៍​ឆ្នាំ​១៩៩០​។​បច្ចុប្បន្ន​ការប្រកួតប្រជែង​ឥទ្ធិពល​រវាង អាមេរិក និង ចិន ងើប​ឡើងវិញ ជាពិសេស​នៅ​តំបន់​អាស៊ី​។​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា ជា​ចំណុច​នៃ​ការ​ប្រទាញប្រទង់​គ្នា​រវាង​មហាអំណាច​ទាំងពីរ​។​

​ការវិល​មក​អាស៊ីអាគ្នេយ៍​របស់​ពួក​មហាអំណាច នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ គឺជា​ក្តីបារម្ភ​ផង និង ត្រេកអរ​ផង​សម្រាប់​ថ្នាក់ដឹកនាំ ឬ​អ្នកតាមដាន​កម្ពុជា​មួយ​ចំនួន​។​ត្រេកអរ​ក៏​ព្រោះ​កម្ពុជា​អាច​អាច​មានឱកាស​ទាញយក​ផលប្រយោជន៍​ពី​ការប្រជែក​ឥទ្ធិពល​នេះ​។​តែ​មួយចំនួន​បារម្ភ​ខ្លាច​ការប្រកួតប្រជែង​ឥទ្ធិពល​រវាង​ពួក​មហាអំណាច នាំឱ្យ​កម្ពុជា​រងទុក្ខវេទនា​ខ្ទិចខ្ទី​ប្រទេស​ដូច​សម័យ​អតីតកាល​។​

​បច្ចុប្បន្ន​គេ​ពិនិត្យឃើញថា ការប្រកួតប្រជែង​ឥទ្ធិពល​រវាង អាមេរិក និង ចិន នៅ​តំបន់​អាស៊ី​មាន​សភាព​ខ្លាំងក្លា​ឡើងៗ ជាពិសេស​នៅ​អាស៊ីអាគ្នេយ៍​។​ប្រទេស​មហាអំណាច​នីមួយៗ​បាន​ព្យាយាម​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​តាម​យុទ្ធសាស្ត្រ​ផ្សេងគ្នា​។​កម្ពុជា​ជា​ប្រទេស​មួយ ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩ និង ជា​ប្រទេស​មិនទាន់​ច្បាស់លាស់​លើ​គោលនយោបាយ​ការបរទេស និង ត្រូវបាន​គេ​មើលឃើញថា បាន​ក្លាយទៅជា​ចំណុច​នៃ​ការ​ប្រទាញប្រទង់​រវាង អាមេរិក និង ចិន​។​

​ជាក់ស្តែង​ថ្មីៗ​នេះ ស្ថានទូត​មហាអំណាច អាមេរិក និង ចិន បាន​ឌឺដង​ដាក់គ្នា​ទាក់ទង​សកម្មភាព​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដោយ​អាមេរិក​បង្អាប់​ចិន​ថា ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​នៅ​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចិន​ចំណេញ​ខ្លាំង​ជាង​កម្ពុជា​។​ជា​ការឆ្លើយតប​ចិន​បាន​ចេញមុខ​ការពារ​ខ្លួន​ដោយ​ក្រើនរំលឹក​មិត្ត​កម្ពុជា​ថា អាមេរិក​កំពុងតែ​បង្កបញ្ហា​ម្តងទៀត​ជាមួយនឹង​អ្វីដែល​គេ​ហៅថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​។​

​នៅ​ចន្លោះ​នៃ​ការ​ឆ្លើយឆ្លង​ដាក់គ្នា​រវាង​មហាអំណាច​ទាំងពីរ ពលរដ្ឋ​ខ្មែរ​មួយចំនួន​សម្តែង​ក្តីបារម្ភ ខណៈដែល​អ្នកខ្លះ​មាន​និន្នាការ​ទៅខាង​ចិន និង ទៅខាង​អាមេរិក បាន​បញ្ចេញ​ទស្សនៈ និង ការយល់ឃើញ​រៀងៗ​ខ្លួន នៅតាម​បណ្តាញ​សង្គម និង តាម​តុ​​ការ​ហ្វេ​។​

​អ្នកជំនាញ​ផ្នែក​នយោបាយ​ការទូត​មាន​និន្នាការ​គាំទ្រ​ខាង​រដ្ឋាភិបាល​កម្ពុជា បានចាត់ទុក ការលើកឡើង​របស់​អា​មេរិក គឺ​អាចជា​ការដុត​រោល​នយោបាយ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ឱ្យ​នយោបាយ​កម្ពុជា​បែកបាក់ និង ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ខឹង​នឹង​ប្រទេស​ចិន​ដែល​កំពុងមាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ទី​ក្រុងភ្នំពេញ​។​

​រីឯ​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង នយោបាយ​នៅ​កម្ពុជា​ក្រៅ​រដ្ឋាភិបាល​វិញ គេ​បង្ហាញ​ពី​ការបារម្ភ ចំពោះ​ការយក​កម្ពុជា​ជា​កន្លែង​សាចទឹក​ដាក់គ្នា​រវាង​មហាអំណាច​ទាំងពីរ ហើយ​យល់ថា បើ​រដ្ឋាភិបាល មិន​រឹងមាំ ជំហរ​មិន​ច្បាស់លាស់​ទេ កម្ពុជា​អាច​នឹងត្រូវ​រង​ឥទ្ធិពល​នៃ​ភូមិសាស្ត្រ​នយោបាយ​ថ្មី​នេះ​ដូច​ទសវត្សរ៍​ឆ្នាំ​១៩៧០​។​

​ជាទូទៅ​ក្នុង​ក្រសែភ្នែក​របស់​ចិន កម្ពុជា​មានតម្លៃ​ជា​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ ដោយសារតែ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ មាន​ទីតាំងនៅ​ចន្លោះ​ប្រទេស​ថៃ និង វៀតណាម​ដែលមាន​និន្នាការ​លម្អៀង​ទៅរក​អាមេរិក​។​ភាពលម្អៀង​ទៅ​អាមេរិក​នេះ អាចជា​ការរាំងស្ទះ​ដំណើរការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់ ជាពិសេស​ការអភិវឌ្ឍ​គម្រោង​«​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​»​ជា​មហិច្ឆតា​របស់​មហា​យ​ក្ស​ចិនត​ភ្ជាប់​ជាមួយ​ពិភពលោក​។​ដូច្នេះ​ចង់​មិន​ចង់​ចិន​ត្រូវការ​កម្ពុជា​ជា​ចាំបាច់​។​

​ចំពោះ​អាមេរិក​វិញ កន្លងទៅ​ហាក់​មិនសូវ​ជា​យកចិត្ត​កម្ពុជា​ទេ ហើយ​តែងតែ​យក​បញ្ហា​គោរព​សិទ្ធិមនុស្ស​ជាធំ​នៅក្នុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កម្ពុជា​។​តែ​ឥឡូវ​ត្រូវបាន​គេ​មើលឃើញថា បាន​ព្យាយាម​ខិតជិត​កម្ពុជា​តាមរយៈ​ការយក​ប្រយោជន៍​សេដ្ឋកិច្ច​។​ការ​បក​ក្រោយ​របស់​អាមេរិក ទំនងជា​ដើម្បី​ទប់​ឥទ្ធិពល​ចិន​។​

​មហិច្ឆតា​ឥទ្ធិពល​នៃ​ភូមិសាស្ត្រ​នយោបាយ ថ្នាក់ដឹកនាំ​ចិន និង អាមេរិក គេ​ពិនិត្យឃើញថា កំពុង​កសាង​អំណាច​ពីរ​ផ្សេងគ្នា គឺ​អំណាច​រឹង (Hard Power) និង អំណាច​ទន់ (Soft Power) ។​អំណាច​រឹង គឺ​ចិន​កសាង​តាមរយៈ​ការពង្រឹង​ផ្នែក​យោធា និង សេដ្ឋកិច្ច តាមរយៈ​ជំនួយឥតសំណង​រាប់សិប​ពាន់​លាន​ដុល្លារ​។ អំណាច​ទន់ អាមេរិក កសាង​តាមរយៈ​ការផ្តល់ឱ្យ​ប្រជាជន និង​យកចិត្ត​ប្រជាជន ដើម្បី​ពង្រីក​អំណាច​ជាមួយ​ប្រជាជន​។​

​ដូច្នេះ​នៅ​ចន្លោះ​នៃ​ការ​ប្រជែង​ឥទ្ធិពល​រវាង​ចិន អាមេរិក អ្នកជំនាញ​ផ្តល់​ជា​យោល​បល់​ថា កម្ពុជា​គួរតែមាន​តុល្យភាព​អំណាច​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​។​ការធ្វើទំនាក់ទំនង​ជា​មួយ​ពួក​មហាអំណាច ត្រូវតែ​ដាក់​ផលប្រយោជន៍​កម្ពុជា​ជាធំ និង យក​មេរៀន​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ធ្លាប់​ហែល​ឆ្លង​កន្លងមក​ទុកជា​មេរៀន​។​អ្នកនយោបាយ គួរតែ​រួមគ្នា​ជជែក​ពី​គោលនយោបាយ​ការបរទេស​រក​ជំហរ​រួមមួយ ដើម្បី​ការពារ​កុំឱ្យ​កម្ពុជា​ក្លាយទៅជា​«​កូនត្រ‍ី​»​នៃ​ក្រឡា​អុក​របស់​មហាអំណាច​សាជាថ្មី​៕

 


ព័ត៌មានផ្សេងទៀត