នាយករដ្ឋមន្រ្ដី៖សន្តិភាព បានផ្ដល់ឱកាសឲ្យជនរួមជាតិ ប្រារព្ធពិធី បុណ្យតូច-ធំ ដោយគ្មានការភ័យខ្លាច

16-04-2019 1:18 pm 929

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកហ៊ុន​ សែន បានលើកឡើង ថា ប្រទេសជាតិមានសុខសន្តិភាព បានផ្ដល់ឱកាសឲ្យជនរួមជាតិ អាចប្រារព្ធពិធីបុណ្យតូច-ធំ ដោយគ្មានការភ័យខ្លាច ហើយសន្តិភាពនេះទៀ​តសោ​​ត ក៏ បានធ្វើឲ្យប្រទេសកម្ពុជា រីកចំរើនទៅមុខឥតឈប់ឈរផងដែរ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ដូចនេះ គ្រាដែលប្រទេសកម្ពុជា បាននឹងកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅ ទូ​ទាំង​ប្រទេស ដោយភាពសប្បាយរីករាយ និងធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ។

លោកហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលចំថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថា”សន្តិភាព បានធ្វើអោយកម្ពុជាកាន់តែរីកចម្រើនលូ​តលាស់ទៅ មុខជានិច្ច។ សន្តិភាព បានផ្តល់ឱកាសអោយបងប្អូនជនរួមជាតិ និងក្មួយៗយុវជនប្រារព្ឋពិធីបុណ្យតូចធំនៅក្នុងប្រទេសដោយគ្មានការភ័យខ្លាច ជាពិសេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើង”។

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់ជួយសម្រួល និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងយុវជន- យុវ នារី ព្រមទាំងទេសចរបរទេស បានកំសាន្តសប្បាយនៅគ្រប់ទីកន្លែង នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ដែលបានរៀបចំសង្រ្កាន្តនៅមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកំសាន្តសប្បាយ នៅក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ៕

ព័ត៌មានផ្សេងទៀត